​ភ្នំពេញ​៖ កម្ពុជា​បានស្នើ​ភាគី​អា​រ៉ា​ប៊ី​ សា​អ៊ូឌីត ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទម្រង់​ជា​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​អាច​សម្រាប់​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា លើកសំណើ​​ទៅកាន់​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួង​កីឡា​នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អ៊ូឌីត ក្នុងឱកាស​ដែល​ព្រះអង្គ​យាង​ចូលរួម ”​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី លើក​ទី​៤១” កាលពី​ថ្ងៃទី​ ៤ ខែតុលា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​បាន​សាទរ​ដែល​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ អា​រ៉ា​ប៊ី​ សា​អ៊ូឌីត នឹង​បើក ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ស្រប​ពេលដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អា​រ៉ា​ប៊ី​ សា​អ៊ូឌីត សម្រេចបាន​ប្រមាណ ២៦ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០២១ ដែល​កើនឡើង​ជិត ៤០% បើ​ធៀប​នឹង​ឆ្នាំ ​២០២០ (​ទំហំ​ត្រឹមតែ​ ១៩​ លាន​ដុល្លារ​អាមេរិក​)​។

​លោក​បាន​ថ្លែងថា ៖ «​ក្នុងន័យនេះ ភាគី​កម្ពុជា​ស្នើ​ភាគី ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​ទម្រង់​ជា​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដើម្បី​អាច​ប្រើ​ជា​ក្របខ័ណ្ឌ​គតិយុត្ត​ សម្រាប់​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម នាពេល​អនាគត​»​។

​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud កត់សម្គាល់​អំពី​ការរីកចម្រើន​គ្រប់​វិស័យ​របស់​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ អា​រ៉ា​ប៊ី​សា​អ៊ូឌីត បានសម្រេច​ថា​នឹង​បើក​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត កីឡា អប់រំ និង​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម​ជាដើម​ឲ្យ​មានការ​កើនឡើង​បន្ថែមទៀត​។

​ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បាន​សន្យាថា នឹង​ពាំនាំ​សំណើ​របស់​ភាគី កម្ពុជា​អំពី​អនុស្សរណៈ ឬ​កិច្ចព្រមព្រៀង​ទៅ​ជម្រាបជូន​ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​របស់​ព្រះអង្គ​ដើម្បី​ធ្វើការ​លើ​បញ្ហា​នេះ​។

​យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ប្រទេស​ទាំង ២ សម្រេច​បាន​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ទំហំ​ទឹកប្រាក់ ២៦ ​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០២១ កើនឡើង​ជិត​ ៤០% បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ (​ត្រឹមតែ ​១៩​ លាន​ដុល្លារ​) ខណៈដែល​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ ១៥.៦ លាន​ដុល្លារ ក្នុង​ឆ្នាំ ​២០១៩ និង ១៦​ លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៨​។ កម្ពុជា​នាំចេញ​មុខទំនិញ​សំខាន់ៗ ទៅ​អា​រ៉ា​ប៊ី​ សា​អ៊ូឌីត​ មានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក និង​ផ្លែឈើ​។ កម្ពុជា​នាំចូល​មុខទំនិញ សំខាន់ៗ​ពី​ អា​រ៉ា​ប៊ី​សា​អ៊ូឌីត មានដូចជា ផលិតផល​ធ្វើ​ពី​ប្លា​ស្ទិ​ក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារសំណង់ និង​ដទៃទៀត​៕