ភាគហ៊ុន​នៅ​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​សុក្រ ទី​ ៧ ខែតុលា​នេះ ដោយ​បាន​រុញឱ្យ​ទ្រព្យ​មូលធន​សកល​ធ្លាក់ចុះ​បន្ថែម ៣ ​ថ្ងៃ​ជាប់​គ្នា​។ ការធ្លាក់ចុះ​នៃ​ទីផ្សារ​ហ៊ុន​អាស៊ី គឺ​បន្ទាប់ពី​វិនិយោគិន​ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ជាសកល ខណៈ​មាន​សញ្ញា​នៃ​ការ​រឹតបន្តឹង​ចំពោះ​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ធនាគារ​កណ្តាល​។

ប្រាក់​ដុល្លារ​បន្ត​កើនឡើង ក្រោយ​មន្ត្រី​ធនាគារ​កណ្តាល​អាមេរិក​បន្ត​ពិភាក្សា​អំពី​ការដំឡើង​អត្រា​ការប្រាក់​។ នៅ​ថ្ងៃ​សុក្រ​នេះ អាមេរិក​ក៏​នឹង​ចេញ​របាយការណ៍​ប្រចាំខែ​មួយ​ទៀត​ស្តីពី​អត្រា​ការងារ​នៅ​សហរដ្ឋអាមេរិក ខណៈ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​នៅ​បន្ត​ឡើងថ្លៃ​ ដែល​បង្ក​ជា​ក្តីបារម្ភ​ចំពោះ​អត្រា​អតិផរណា​។

ផ្សារហ៊ុន​ជប៉ុន Nikkei បាន​ធ្លាក់ចុះ ០,៧% នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ ក្រោយពី​បាន​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល ២ ​សប្តាហ៍​។ ចំណែក សន្ទស្សន៍​ផ្សារហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង (Kospi) ឯណោះ​វិញ បាន​ធ្លាក់​ចុះ ០,៣៣%​។ ការធ្លាក់ចុះ​នៃ​សន្ទស្សន៍ហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង​នៅពេល​នេះ គឺ​មួយ​ផ្នែកធំ​បណ្តាល​មកពី​ការធ្លាកចុះ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន Samsung Electronics ក្រោយពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ បាន​បង្ហាញ​ពី​ការធ្លាក់ចុះ ៣២% ​នៃ​ប្រាក់ចំណូល​ប្រចាំ​ត្រីមាស ដែល​រាប់បាន​ថា​ជា​ការធ្លាក់ចុះ​អាក្រក់​ជាង​ការរំពឹងទុក​។

ចំណែក​សន្ទស្សន៍​ហ៊ុន​របស់​អូស្ត្រាលី​បាន​ធ្លាក់ចុះ ០,៥៩%​។ ផ្សារហ៊ុន Hang Seng របស់​ហុងកុង​ធ្លាក់ចុះ ១,១៧% ក្នុង​ម៉ោង​ជួញដូរ​ដំបូង​នៅ​ព្រឹក​ថ្ងៃទី​ ០៧ ខែតុលា​។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ហុងកុង​ធ្លាក់ចុះ ២,៣២%​។ សម្រាប់​សន្ទស្សន៍​ផ្សារហ៊ុន​អាមេរិក S&P500 បាន​ធ្លាក់ចុះ ០,១២% ក្រោយពី​វា​បាន​ធ្លាក់ចុះ ១%​ កាលពី​ពាក់​កណ្តាលយប់​។

មន្ត្រី​ធនាគារ​កណ្តាល​អាមេរិក ហាក់​មិន​មាន​ចេតនា​ណា​មួយ​បន្ធូរបន្ថយ​លើ​គោលនយោបាយ​អត្រា​ការប្រាក់​នោះទេ ដោយ​ពួកគេ​ថែមទាំង​បាន​លើកឡើង​ថា យុទ្ធនាការ​ទប់ទល់​នឹង​អតិផរណា​នៅតែ​បន្ត ហើយ​ក៏​មិនទាន់​មាន​គោលដៅ​ផ្លាស់ប្តូរ​ដែរ​។

ភាគហ៊ុន​សកល​នៅ​ដើម​សប្តាហ៍​នេះ​បាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន ដោយ​សន្ទស្សន៍​ផ្សារហ៊ុន​សកល MSCI បាន​បង្ហាញ​ពី​ការកើនឡើង ៥,៦៥% ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ដំបូង​នៃ​ដើម​សប្តាហ៍​។ កាលពី​ពេលនោះ គេ​ជឿថា​ល្បឿន​នៃ​ការ​រឹតបន្តឹង​លើ​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​ធនាគារ​កណ្តាល​អាច​នឹង​ថមថយ​មកវិញ​។ យ៉ាងណា​ក៏ដោយ​ចុះ សន្ទស្សន៍​ហ៊ុន​សកល ដែល​កើនឡើង​បានតែ​ ២ ​ថ្ងៃនោះ បាន​ធ្លាក់ចុះ​មកវិញ​ចាប់ពី​ថ្ងៃ​ពុធ​មក​។

សន្ទស្សន៍​ប្រាក់​ដុល្លារ​អាមេរិក (USDX, DXY, DX) កើនឡើង​បន្តិច​នៅ​ព្រឹក​សុក្រ ប៉ុន្តែ​បើ​គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​ដដែល​វិញ DXY ចាប់ផ្តើម​កើនឡើង ០,១៩%​។ សម្រាក់​ប្រាក់ ផោន និង​ប្រាក់​អឺរ៉ូ​វិញ នៅ​ថ្ងៃទី​ ០៧ ខែតុលា​នេះ​បាន​ធ្លាក់​មក​ក្បែរ​តម្លៃ​ទាប​បំផុត កាលពី​សប្តាហ៍​មុន គឺ ១,១១៦ ​ដុល្លារ​/​ផោន ខណៈ​ប្រាក់​អឺរ៉ូ​ធ្លាក់​មកដល់​ចំណុច​ទាប​បំផុត​កាលពី​ថ្ងៃ​ចន្ទ ក្នុងតម្លៃ ០,៩៧ ​ដុល្លារ​/​អឺរ៉ូ​។ ចំណែកឯ​តម្លៃ​ប្រេងឆៅ​វិញ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ហក់​ឡើង​ថែមទៀត បន្ទាប់​ក្រុម​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ប្រកាស​កាត់បន្ថយ​ការផលិត​៕