ភ្នំពេញៈ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នក​ក្នុង​វិស័យ​ធុរកិច្ច និង​អ្នក​ជំនាញ​បាន​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្នុង​ការគ្រោង​ធ្វើ​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​កម្ពុជា​-​បង់ក្លាដែស សំដៅ​ធ្វើ​ពិពិធកម្ម​ការនាំចេញ និង​ជំរុញ​រំហូរ​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

ការសាទរ​នេះ​ធ្វើឡើង​ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោកស្រី Sheikh HASINA នាយករដ្ឋមន្ត្រី​បង់ក្លាដែស កាលពី​ថ្ងៃទី ​២២ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​៦ ខែ​តុលា​ថា គំនិត​ផ្តួចផ្តើម​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ​២ គឺ​ក្នុង​គោលបំណង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​គ្នា ជាពិសេស​គឺ​រំហូរ​វិនិយោគ បើទោះបី​ប្រទេស​ទាំង​ ២ ​មាន​ផលិតផល​នាំចេញ​ប្រហាក់​ប្រហែល​គ្នា​ក៏ដោយ​។

លោក​ថ្លែង​ថា​៖ «​នេះ​ជា​រឿង​មួយ​ដ៏ល្អ​សម្រាប់​យើង ព្រោះ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​គឺអាច​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ ២ ​ជំរុញ​ការនាំចេញ​នាំចូល​រវាង​គ្នា​ទៅវិញ​ទៅមក​។ ទោះ​យើង​មាន​ប្រភេទ​ទំនិញ​ខ្លះ​នាំចេញ​ដូចគ្នា ប៉ុន្តែ​ទំនិញ​ខ្លះទៀត​ខាងគេ​ពុំ​មាន​ដូច្នេះ​យើង​អាច​បំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញ​ទៅមក​»​។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឱ្យ​ដឹងថា ប្រទេស​បង់ក្លាដែស​មាន​ស្ថានភាព​ផលិតកម្ម និង​មាន​ទំនិញ​នាំចេញ​ប្រហាក់​ប្រហែល​កម្ពុជា​ដែរ ក្នុង​នោះ​អ្វីដែល​បង់ក្លាដែស​នាំចេញ​ច្រើន​ជាងគេ​នៅក្នុង​សកលលោក​នោះ គឺ​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភណ្ឌ​។

លោក​ថ្លែង​ថា​៖ «​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​បង់ក្លាដែស​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ទៅលើ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ដូចជា​គ្រឿងទេស ព្រោះ​ប្រទេស​នោះ​ត្រូវការ​គ្រឿងទេស​ច្រើន​ជាមួយ​គ្នា​នេះ​កម្ពុជា​ក៏​អាច​នាំចូល​នូវ​ផលិតផល​មួយចំនួន​ ដែល​យើង​មិនអាច​ផលិត​បាន និង​នាំចេញ​ទៅវិញ​នូវ​ផលិតផល​ណា​ដែល​បង់ក្លាដែស​មាន​ថ្លៃដើម​ខ្ពស់ ដូច្នេះ​ប្រទេស​ទាំង​ ២ ​ធ្វើ​ពិពិធកម្ម​នៃ​ការនាំចេញ​ ដើម្បី​អត្ថប្រយោជន៍​រវាង​គ្នា និង​គ្នា​»​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) បាន​សាទរ​ ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដោយ​លោក​សម្លឹង​ឃើញ​ថា កម្ពុជា​អាច​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​មួយ​នេះ​។ លើស​ពីនេះ​ទៀត ប្រទេស​បង់ក្លាដែស​ក៏​អាច​មក​វិនិយោគ​លើ​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ ដើម្បី​ធ្វើការ​នាំចេញ​ផងដែរ​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា​វា​ជា​កិច្ចការ​មួយ​ដ៏ល្អ​ដែល​ប្រទេស​ទាំង ​២ ​នឹង​អាច​ឈាន​ដល់​ការចុះហត្ថលេខា​ ដើម្បី​សហការ​ក្នុង​ការផ្គត់ផ្គង់ និង​ផលិត​ស្រូវ​អង្ករ​ធ្វើការ​ជួញដូរ ឬ​ដឹកជញ្ជូន​ទៅ​បង់ក្លាដែស​។ នៅពេល​ប្រទេស​ទាំង​ ២ ​ចុះហត្ថលេខា​រួច ខ្ញុំ​ក៏​នឹង​ធ្វើការ​សិក្សា​ពី​ការដឹកជញ្ជូន ឡូជីស្ទីក ប្រភេទ​អង្ករ និង​ស្តង់ដា​ផ្សេងៗ​ដែល​អាច​មាន​លទ្ធភាព​បំពេញ​តាម​សេចក្តី​ត្រូវការ និង​ពេលវេលា​នៃ​ការដឹកជញ្ជូន និង​សិក្សា​ពី​លទ្ធភាព​ឱ្យ​ប្រទេស​បង់ក្លាដែស​ធ្វើការ​វិនិយោគ​ដោយផ្ទាល់ ​ដើម្បី​កែច្នៃ​អង្ករ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស​គាត់​វិញ​»​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​បង់ក្លាដែស​មាន​ទឹកប្រាក់​ជាង ២២ ​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ​នៃ​ឆ្នាំ ​២០២២ កើន​ជិត ៥៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១៕