ភ្នំពេញៈ ការ​ស្តារ​ព្រែក​ (ដៃ​សមុទ្រ) ​ដើម្បី​អាច​ឱ្យ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ​នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ ខណៈ​ការ​កសាង​កំពង់ផែ​នេះ​បាន​រួច​រាល់​​តាំង​ពី​ចុង​ខែ​មិថុនា​។

ការ​លើក​ឡើង​នេះ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ចុះ​​ពិនិត្យ​វឌ្ឍនភាព​​ការ​សាងសង់​កំពង់ផែ​ទេសចរណ៍ អន្តរជាតិ​ខេត្ត​​កំពត កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​តុលា ដែល​មាន​ការ​ចូលរួម ពី​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង ដឹក​ជញ្ជូន និង​លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង ទេសចរណ៍។

តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុម​ការងារ​ធ្វើការ​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយ​ចំនួន ដើម្បី​ឱ្យ​កំពង់ផែ​នេះ​អាច​ដំណើរការ​​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ ជាពិសេស​លោក​បាន​ណែនាំ​ឱ្យ​បញ្ចប់​ការរៀបចំ​ឯកសារ​ចាំបាច់​មួយ​ចំនួន​​ដើម្បី​ស្វែងរក​ក្រុមហ៊ុន​​ជា​ដៃគូ​ចូល​ធ្វើ​ប្រតិបត្តិការ​ឱ្យ​បាន​ឆាប់ មុន​នឹង​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេល​ដ៏​ខ្លី​ខាង​មុខ។

អភិបាល​រង​ខេត្ត​កំពត លោក អ៊ឹង ឆាយ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​ខាង​លើ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅថ្ងៃ​ទី​ ៩ ខែ​តុលា​ថា ​ទោះ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ​សាងសង់​រួចរាល់​​ជាង ៣ ​ខែ​ហើយ​ក៏​ដោយ ក៏​វា​មិន​ទាន់​​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ដោយសារ​តែ​ជម្រៅ​ទឹក​ព្រែក​តភ្ជាប់​ពី​សមុទ្រ​ទៅ​​ទីនោះ​មាន​ជម្រៅ​រាក់​​មិន​អាច​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​អន្តរជាតិ​ធំៗ​ចូល​មក​បាន​។ លោក​បន្ថែម​ថា បន្ទាប់ពី​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ក្រុម​ការងារ​នឹង​​ធ្វើការ​សិក្សា​លម្អិត​បន្ថែម មុន​នឹង​ដាក់​​ឱ្យ​ដេញ​ថ្លៃ​សម្រាប់​ការងារ​ស្តារ​ព្រែក​ឱ្យ​មាន​ជម្រៅ​ទឹក​​ជ្រៅ​។

លោក​ថ្លែង​​ថា៖​ «​យើង​សង្ឃឹម​​ថា​ ការ​ស្តារ​ផ្លូវ​ទឹក​ពី​សមុទ្រ​ចូលមក​កំពង់ផែ​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ ខណៈ​កំពង់ផែ​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​ទទួល​ភ្ញៀវ​តាម​កប៉ាល់​ទេសចរណ៍​ពី​គ្រប់​តំបន់​ឱ្យ​មក​កម្សាន្ត​ក្នុង​ខេត្ត​កំពត ក៏​ដូចជា​បន្ត​ទៅ​កន្លែង​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​»។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​និយាយ​ថា ការ​មាន​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ដាច់ពី​កំពង់ផែ​ទំនិញ គឺជា​ក្តីបំណង​របស់​ផ្នែក​ឯកជន​តាំងពី​ឆ្នាំ​ ២០០៨ ព្រោះ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​តាម​កប៉ាល់​ គឺ​មាន​និន្នាការ​​កើនឡើង​ជា​បន្តបន្ទាប់​ (មុន​វិបត្តិ​ជំងឺ​កូវីដ​ ១៩)។ នៅ​ពេល​កំពង់ផែ​នេះ​ដំណើរការ​វា​នឹង​ជួយ​ឱ្យ​ខេត្ត​កំពត​ទទួល​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន។

លោក​​បន្ត​ថា នៅពេល​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ផ្តាច់​​ពី​កំពង់ផែ​ទំនិញ វា​នឹង​ផ្តល់​ផល​ចំណេញ​​ច្រើន​ដូចជា ​បង្ក​ភាព​ងាយស្រួល​ដល់​​ការ​គ្រប់គ្រង​​ភ្ញៀវ​ចេញចូល​, ​ងាយស្រួល​ផ្សព្វផ្សាយ​ និង​ផ្តល់​ព័ត៌មាន, និង​ជួយ​ឱ្យ​រដ្ឋ និង​ប្រជាជន​ទទួល​បាន​ចំណូល​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖​ «​ការ​ជំរុញ​ឱ្យ​មាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កាន់តែ​ច្រើន​ នឹង​ផ្តល់​ផល​ចំណេញ​កាន់តែ​ច្រើន​សម្រាប់​សេដ្ឋកិច្ច ហើយ​ក៏​បង្ក​ភាព​ងាយស្រួល​ដល់​​​អាជ្ញាធរ​​ផង​ដែរ​»។

យោង​តាម លោក វណ្ឌី ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​កប៉ាល់​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​អ្នក​មាន​ចំណូល​ខ្ពស់​។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កំពង់ផែ​នេះ​នឹង​ក្លាយ​ជា​ច្រក​អន្តរជាតិ​​សំខាន់​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​សម្រាប់​ទទួល​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​បំណង​ធ្វើ​ដំណើរតាម​​ផ្លូវ​ទឹក​រវាង​កម្ពុជា​នឹង​​បណ្តា​ប្រទេស​លើ​ពិភពលោក​។

កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​សាងសង់​លើ​ផ្ទៃដី ៤,២៥ ​ហិកតា។ គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​​កាល​ពី​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០១៨ និង​បាន​បញ្ចប់​ការ​សាងសង់​ជាស្ថាពរ​កាល​ពីថ្ងៃ​ទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០២២ ដោយ​ប្រើប្រាស់​ថវិកា​សាងសង់​​សរុប​ប្រមាណ ៩,២៧ ​លានដុល្លារ ក្រោម​បដិភាគ​រវាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​រាជរដ្ឋា​ភិបាល​កម្ពុជា​៕