ភ្នំពេញៈ កម្ពុជា​រកចំណូល​បាន​ជាង ៨៥០ ​លាន​ដុល្លារ​ពី​ការនាំចេញ​ស្រូវ​ និង​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២២ ខណៈ​អ្នក​ក្នុង​វិស័យនេះ​បាន​អះអាង​ថា ទោះបី​វិបត្តិ​ជាច្រើន​លើ​ពិភពលោក​បាន​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង ក៏​ឧស្សាហកម្ម​នេះ​ទទួលរង​ផលប៉ះពាល់​បន្តិចបន្តួច​ប៉ុណ្ណោះ​ពី​ការឡើង​ថ្លៃ​នៃ​ការដឹកជញ្ជូន​។

យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី​ ១០ ខែតុលា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ សម្រាប់​ត្រីមាស​ទី ​៣ ឆ្នាំ ​២០២២ កើនឡើង ១០ ​ភាគរយ​ដែលមាន​បរិមាណ​សរុប ៤៤៩ ៣២៥ ​តោន ហើយ​គិត​ជា​ប្រាក់​មាន​ចំនួន ២៨៦,៩ លាន​ដុល្លារ​។ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​ចំនួន ២ ៣៥៧ ៦៧៤ ​តោន ដែលមាន​តម្លៃ​ប៉ាន់ស្មាន ៥៦៣,៥៤​ លាន​ដុល្លារ ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០២២ ​។

លោក លន់ យ៉េង អគ្គលេខាធិការ CRF បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​មាន​ភាពតានតឹង​ក្នុង​តំបន់ និង​ពិភពលោក​ជុំវិញ​ការអូសបន្លាយ​នៃ​ជំងឺ​កូវីដ-១៩ និង​ភាព​តានតឹង​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ ដែល​ប៉ះពាល់​ដល់​តម្រូវការ​ពិភពលោក​ក៏ដោយ ក៏​ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅតែ​បន្ត​កើនឡើង​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​ការនាំចេញ​អង្ករ ១០ ​ភាគរយ​ក៏ដោយ ក៏​វា​នៅតែ​ល្អ ដោយសារ​បច្ចុប្បន្ន​ភាគច្រើន​យើង​នាំចេញ​អង្ករ​ក្រអូប ខណៈ​តម្រូវការ​អង្ករ​ប្រភេទ​នេះ​កំពុង​ធ្លាក់ចុះ​ ដោយសារ​ការកើនឡើង​អតិផរណា​ពិភពលោក ដូច្នេះ​វា​ជះឥទ្ធិពល​ដល់​ការប្រើប្រាស់​»​។

លោក​បន្ថែមថា​៖ «​ជាមួយ​គ្នានេះ​យើង​ក៏​សង្កេតឃើញ​ការនាំចេញ​អង្ករ​គ្រាប់វែង​របស់​យើង​ទៅ​អឺរ៉ុប​កំពុង​កើនឡើង​ បន្ទាប់ពី​សហភាព​អឺរ៉ុប​បញ្ចប់​ការយកពន្ធ​លើ​អង្ករ​ប្រភេទ​នេះ​ពី​ប្រទេស​យើង​ចាប់ពី​ថ្ងៃទី​ ២០ ខែមករា ឆ្នាំនេះ​»​។

លោក អែនឌី ឡាយ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន City Rice Import Co.,Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​១០ ខែតុលា​ថា បច្ចុប្បន្ន​ទីផ្សារ​អឺរ៉ុប និង​ចិន​កំពុង​ដើរតួនាទី​សំខាន់​លើ​ការនាំចូល​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំនេះ​។

លោក​និយាយ​ថា​៖ «​ការនាំចេញ​អង្ករ​របស់ខ្ញុំ​គឺ​ស្ថិតនៅ​លំដាប់​ទី​ ១ នៃ​ការនាំចេញ​ទៅ​ប្រទេស​ចិន​នៅក្នុង​ពេលនេះ​។ យើង​អាច​មើលឃើញ​ថា និន្នាការ​នៃ​ការនាំចេញ​កំពុង​កើនឡើង​ ដោយសារ​ការថយចុះ​តម្លៃ​ដឹកជញ្ជូន​នៅពេល​នេះ​។ លោក​បានឱ្យ​ដឹងថា ទីផ្សារ​ប្រទេស​ចិន និង​អឺរ៉ុប​នៅតែ​ជា​គោលដៅ​ឈាន​មុខ​គេ​របស់​យើង​ក្នុង​ការនាំ​ចេញពី​កម្ពុជា​។ រហូត​មក​ដល់​ខែកញ្ញា ក្រុមហ៊ុន​លោក​បាន​នាំចេញ​ចំនួន ៦៦ ០០០ ​តោន​។

បើតាម​លោក អែនឌី មកដល់​ពេល​នេះ តម្លៃ​ដឹកជញ្ជូន​ធ្លាក់ចុះ​ច្រើន​ផងដែរ ដោយ​តម្លៃ​នៃ​ការនាំ​ចេញទៅ​ប្រទេស​នៅ​អឺរ៉ុប​ដែល​ពីមុន​មានតម្លៃ ៨ ០០០ ដុល្លារ​ក្នុង​ ១ ​កុងតឺន័រ ឥឡូវនេះ​ធ្លាក់​មក​នៅ​ប្រហែល ៣ ០០០ ​ដុល្លារ ចំណែក​ការដឹកជញ្ជូន​ទៅ​ប្រទេស​ចិន​ពីមុន​តម្លៃ​ ៦០០-៧០០ ​ដុល្លារ​បាន​ធ្លាក់​មក​នៅត្រឹម ២៥០ ​ដុល្លារ ឬ ៣០០ ​ដុល្លារ​។

របាយការណ៍ CRF បាន​បង្ហាញ​ថា រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ ៤៤៩ ៣២៥ ​តោន​ទៅកាន់​គោលដៅ ៥៥ ដែល​ក្នុងនោះ​ប្រទេស​ចំនួន ៩ បាន​គ្របដណ្ដប់​លើ​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ជាង ៨២ ​ភាគរយ​ក្នុងនោះ​ប្រទេស​ចិន ៤៤,០៩​ ភាគរយ​, បារាំង ១៤,៨៣ ​ភាគរយ​, ម៉ាឡេស៊ី ៥,៥៨ ​ភាគរយ​, ហូឡង់ ៤,៦៥ ​ភាគរយ​, អ៊ីតាលី ២,៦៥​ ភាគរយ​, ហ្គាប៊ុង ២,៦៣ ​ភាគរយ​, ប្រ៊ុយណេ ២,៤៤ ​ភាគរយ​, ចក្រភព​អង់គ្លេស ២,៤៥ ​ភាគរយ និង​អាល្លឺម៉ង់ ២,០៨​ ភាគរយ​។

ប្រភេទ​អង្ករ​ក្រអូប​ប្រណីត​ដែល​នាំចេញ​ក្នុង​រយៈពេល​ខាងលើ គឺ​មាន​ជាង ៣៩ ​ភាគរយ ឬ ១៧៧ ៤៨១ ​តោន​, អង្ករ​សែន​ក្រអូប​ជិត ២៩ ​ភាគរយ ឬ​ ១២៨ ៧៥៣​ តោន អង្ករ​គ្រាប់​វែង​ចំនួន​ជិត ២៨​ ភាគរយ ឬ​ ១២៣ ៣១៨ តោន អង្ករ​ចំហុយ​ជាង ២ ភាគរយ ឬ​ ១០ ៦៨០ តោន អង្ករ​សរីរាង្គ​ចំនួន​ជិត ២ ភាគរយ ឬ​ ៨ ១០៦ តោន​៕