
បុគ្គលិកស្ថានីយកាល់តិចសាខាច្បារអំពៅ ចាក់សាំងជូនអតិថិជន នាពេលកន្លងទៅ។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈតម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងចាប់ពី ថ្ងៃទី ១១-២០ ខែតុលា ឆ្នាំ២០២២ បានស្ថិតនៅថេរគឺ ៤ ២៥០ រៀលក្នុង ១ លីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត មាន តម្លៃ ៥ ១៥០ រៀល ក្នុង ១ លីត្រ។
សេចក្តីជូនដំណឹងរបស់ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាម ស្ថានីយ របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយ ក្នុងថ្ងៃទី ១១ ខែតុលា ឱ្យដឹងថាយោងតាមការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារ ក្នុងតំបន់ និងអន្តរជាតិតម្លៃប្រេងសាំងធម្មតា ដែលត្រូវដាក់លក់រាយ ចាប់ពី ថ្ងៃទី ១១- ២០ ខែតុលា ឆ្នាំ ២០២២ គឺ ៤ ២៥០ រៀល ក្នុង ១ លីត្រ ដោយស្ថិតនៅថេរបើធៀបនឹងតម្លៃចន្លោះពី ថ្ងៃទី ០១-១០ ខែតុលា ខណៈ ប្រេង ម៉ាស៊ូត មាន តម្លៃ ៥ ១៥០ រៀល កើន ឡើង ៤៥០ រៀល ក្នុង ១ លីត្រ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារកម្ពុជាជាប្រទេសនាំចូលប្រេង ដូច្នេះតម្លៃរបស់វានឹងប្រែប្រួលទៅតាមនិន្នាការទីផ្សារ និងនយោបាយពិភពលោក។
ក្រុមប្រទេសនាំចេញប្រេង OPEC+ កាលពីសប្តាហ៍មុនបានសម្រេចកាត់បន្ថយការផលិតប្រេងដ៏ច្រើនបំផុតមិនធ្លាប់មានបើគិតចាប់តាំងពីការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ ដោយសារតែតម្លៃប្រេងបានធ្លាក់ចុះ ជាបន្តបន្ទាប់ក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ៕