ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើកឡើង​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​ជាង ១៤​ លាន​ដុល្លារ​ពី​ការលក់​ប្រេងឆៅ​ដែល​កប៉ាល់​ផ្ទុក​ប្រេង MT Strovolos បាន​លួច​ដឹក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន ខណៈ​កម្ពុជា​នៅតែ​អាច​បន្តដំណើរ​ការផលិត​ប្រេង​នៅសល់​តាម​អណ្តូងប្រេង​ទាំង​ ៥​ ប្រមាណ​ជាង ១០ ​ម៉ឺន​បារ៉ែល​បន្តទៀត និង​អាច​ខួង​អណ្តូង​ប្រេងកាត​ថ្មី​បន្ថែម​ ដើម្បី​ផលិត​ប្រេង​នៅ​តំបន់​មួយចំនួន​ទៀត ក្រៅពី​តំបន់​ផ្លេតហ្វម A​។

លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​នា​ថ្ងៃទី​ ១១ ខែ​តុលា​ថា បន្ទាប់ពី​ការប្រកាស​ក្ស័យធន​របស់​ក្រុមហ៊ុន Kris-Energy និង​ការចាកចេញ​របស់​កប៉ាល់​ផ្ទុក​ប្រេង​ពី​កម្ពុជា​កាលពី​ឆ្នាំមុន​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ត្រូវបាន​មតិ​ភាគច្រើន​ចាត់ទុកជា​បរាជ័យ​របស់​កម្ពុជា​នៅក្នុង​ដំណើរ​ផលិតកម្ម​ប្រេង​របស់ខ្លួន ហើយ​បាន​បាត់បង់​ធនធាន​ទាំងនេះ​ទាំងស្រុង​។

លោក​បាន​ធ្វើការ​បកស្រាយ​ថា​៖ «​ប្រេងឆៅ​របស់​កម្ពុជា​ដែល​ផលិត​បាន​ទាំងអស់​មិនមាន​ការបាត់បង់​ទេ​។ ការតស៊ូ​តាមផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ការចរចា​ពាណិជ្ជកម្ម​ដ៏​ស្វិតស្វាញ​បាន​រក្សា​ការពារ​បាន​នូវ​កម្មសិទ្ធិ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​យ៉ាង​ពេញលេញ​ក្នុង​នាម​ជា​ម្ចាស់​ធនធាន​នេះ​»​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បានគិត​តម្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស​គុណភាព​រួច​ហើយ ប្រេងឆៅ​ដែល​អាច​បូម​លក់បាន​មាន​ចំនួន​សរុប ២៨០ ៦៥៦,២៩ ​បារ៉ែល ត្រូវបាន​ប្រគល់​មកឱ្យ​រដ្ឋាភិបាល​វិញ​ ដើម្បី​ចាត់ចែង​លក់ និង​ទូទាត់​ចំណែក​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ស្រប​តាម​កិច្ចព្រមព្រៀង​ជា​សះ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ស្របតាម​គោលការណ៍​នៃ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​»​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​២៩ ខែកញ្ញា​ថា ប្រេងឆៅ​កម្ពុជា​ដែល​បាត់​ជិត ៣០ ​ម៉ឺន​បារែល​នោះបាន​ផ្ទេរ​ចេញពី​កប៉ាល់ MT Strovolos ទៅ​កប៉ាល់​អ្នកទិញ​រួចរាល់​អស់​ហើយ និង​ការទូទាត់​មាន​រយៈពេល ៣០ ​ថ្ងៃ ក្រោយពី​ការផ្ទេរ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ភាគី​ទាំងអស់​បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​ទាំងអស់​រួមគ្នា​រួចហើយ ដោយ​យើង​បាន​លក់​ប្រេង​អស់ហើយ មានន័យថា ប្រេង​នៅលើ​កប៉ាល់ MT Strovolos ទៅ​កប៉ាល់​អ្នកទិញ​រួច​អស់ហើយ​តាំងពី​ថ្ងៃទី​ ១០ ខែកញ្ញា​មក​ម្ល៉េះ​។ ការទូទាត់​ប្រាក់​នឹង​ធ្វើ​ឡើង ៣០ ​ថ្ងៃ​ក្រោយពី​ការទិញ​។ អ៊ីចឹង​យើង​រំពឹង​ទទួលបាន​ប្រាក់​នៅ​រង្វង់​ថ្ងៃទី​ ១១ ខែតុលា​»​។

យោងតាម​លោក ស័ក្តិធារ៉ា ការលក់​ប្រេង​ឆៅ​របស់​កម្ពុជា​បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ខែកញ្ញា ២០២២ ដែល​ការទូទាត់​ផ្សេងៗ​រួមមាន ថ្លៃ​ប្រេង​ឆៅ​ត្រូវ​កំណត់​យក​តាម​មូលដ្ឋាន​មធ្យមភាគ​ថ្លៃ​ប្រចាំខែ​កញ្ញា ស្មើនឹង ៨៩,៨៦៧ ​ដុល្លារ​ក្នុង ១ ​បារ៉ែល សរុប​ប្រាក់​លក់បាន មាន​ជាង​ ២២ ​លាន​ដុល្លារ​។ ប្រាក់​លក់បាន​នេះ​ត្រូវ​កាត់កង​ថ្លៃឈ្នួល​ទីផ្សារ និង​ការបញ្ចុះ​ថ្លៃ​តាម​គុណភាព​ប្រេង ១១,៤៥ ដុល្លារ​ក្នុង ​១​ បារ៉ែល ស្មើនឹង​ជាង ៣ លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ​លោក​លើកឡើង​ថា ចំណាយ​លើ​ការដឹកជញ្ជូន ការបង់ថ្លៃ​ធានា​រ៉ាប់រង ថ្លៃ​សេវា​ផ្ទេរ និង​សេវា​ជំនាញ​ការ​អន្តរជាតិ​ផ្សេងៗ​មាន​ចំនួន​ជាង ១,៧ ​លាន​ដុល្លារ លើសពី​នោះ​ក្រោយ​ការទូទាត់​ថ្លៃ​ខាងលើ ចំណូល​លក់​នៅសល់​សម្រាប់​ការបែងចែក​ទៅដល់​ភាគី​ពាក់ព័ន្ធ​មាន​ចំនួន​ជាង ២០ ​លាន​ដុល្លារ ខណៈ​ភាគី​រដ្ឋាភិបាល​ត្រូវ​ទទួលបាន ៧០ ​ភាគរយ នៃ​ចំណូល​លក់​នៅសល់​ខាងលើ ស្មើនឹង​ជាង ១៤,២ ​លាន​ដុល្លារ​។

លោក​និយាយថា​៖ «​ក្រៅពី​ចំណែក​ប្រាក់​ដែល​រដ្ឋ​ទទួល​ពី​ការលក់​ប្រេងឆៅ​ខាងលើ​ភាគី​រដ្ឋាភិបាល​ក៏​ទទួល​បាន​ចំណូល​ថវិកា ​៥​ លាន​ដុល្លារ​ទៀត​ពី​ការរឹបអូស​ប្រាក់​តម្កល់​ធានា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន KrisEnergy ដែល​បាន​តម្កល់​ពីមុន​ពេល​ប្រកាស​ក្ស័យធន​»៕