
រោងចក្រផលិតរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបថត សហការី
ភ្នំពេញៈ គំនិតផ្តួចផ្តើមអាទិភាពចំនួន ៤ ក្នុងចំណោម ២០ នៃសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាត្រូវបានរដ្ឋាភិបាលយកមកអនុវត្តជាបណ្តើរៗហើយ ទោះបីមិនទាន់បានអនុម័តជាផ្លូវការក៏ដោយ ដើម្បីធ្វើយ៉ាងណាជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍នៃបម្រែបម្រួលសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។
សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំស្តីពីការពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាបានឱ្យដឹងថា មានគំនិតផ្តួចផ្តើមអាទិភាព ៤ ដែលមានភាពបន្ទាន់កំពុងត្រូវបានយកមកអនុវត្ត បើទោះបីសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះមិនទាន់ត្រូវបានអនុម័តជាផ្លូវការក៏ដោយ។
គំនិតផ្តួចផ្តើមទាំងអស់នោះមានការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការកំណត់ទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ចង្កោមវិស័យយានយន្ត និងអេឡិចត្រូនិក, ការសហការជាមួយវិស័យឯកជន ដើម្បីរៀបចំកម្មវិធីបង្កើនជំនាញទៅដល់កម្មករ និយោជិត, និងការបន្តធ្វើឱ្យប្រសើរឡើងនូវនីតិវិធីឡូជីស្ទីក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន ដែលបានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានជួយសម្របសម្រួលក្នុងការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ និងកែសម្រួលឯកសារនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងបរិបទសង្គមនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ខ្ញុំជឿថា ផែនទីបង្ហាញផ្លូវនេះនឹងក្លាយជាឧបករណ៍ដ៏ស័ក្តិសិទិ្ធមួយទៀត សម្រាប់ប្រើប្រាស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ពិសេសនៅក្នុងបរិការណ៍នៃបម្រែបម្រួលនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ក្រោយវិបត្តិកូវីដ ១៩»។
យោងតាមសេចក្តីប្រកាសព័ត៌មាន CDC សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាត្រូវបានរៀបចំឡើងយ៉ាងលម្អិតទៅលើបញ្ហាមួយចំនួនដូចជា ទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក, ភាពចាំបាច់នៃការរៀបចំផែនទីបង្ហាញផ្លូវ, បញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា, វិធានការគន្លឹះសម្រាប់អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ជាដើម។
លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១១ ខែតុលាថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា គឺពិតជាមានភាពចាំបាច់ ព្រោះសេចក្តីព្រាងច្បាប់នេះ គឺរៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងទៅលើការប្រើប្រាស់យានយន្ត និងឧបករណ៍អេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ជាពិសេសវានឹងចូលរួមចំណែកច្រើនទាក់ទងនឹងការការពារបរិស្ថានផងដែរ។
លោកបញ្ជាក់ថា៖ «ការយកចំណុចអាទិភាពមួយចំនួនមកដាក់ឱ្យអនុវត្តមុនគឺជារឿងចាំបាច់ ព្រោះយើងត្រូវតែទទួលស្គាល់ថា នៅកម្ពុជាបច្ចុប្បន្ននៅកង្វះខាតច្រើន ដូចជាពលកម្មជំនាញ និងតំបន់ប្រមូលផ្តុំត្រៀមទទួលការវិនិយោគលើយានយន្តប្រើអគ្គិសនី និងគ្រឿងអេឡិចត្រូនិក»៕