ភ្នំពេញៈ និយតករមូលបត្រកម្ពុជា (SERC) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន​អភិវឌ្ឍន៍ចិន ដែលជាវិទ្យាស្ថានមួយប្រមូលផ្តុំទៅដោយ Think Tank របស់ប្រទេសចិន និងជាមួយក្រុមហ៊ុន MOONXBT GLOBAL LIMITED ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍផលិតផល​ថ្មីៗដូចជា​ដូចជាទ្រព្យឌីជីថល​ជាដើម។

ការចុះហត្ថលេខាលើ MoU នេះធ្វើឡើងកាលពីថ្ងៃទី ១១ ខែតុលា រវាងលោក ស៊ូ សុជាតិ អគ្គនាយកSERC , លោក ឈី ជាន អនុប្រធាន នៃវិទ្យាស្ថានអភិវឌ្ឍន៍ចិន (China Development Institute-CDI) និងលោក Anderson ប្រធានគ្រប់គ្រងនៃក្រុមហ៊ុន MOONXBT GLOBAL LIMITED ប្រចាំប្រទេសឥណ្ឌូនេស៊ី។

លោក ស៊ូ សុជាតិ បានថ្លែងក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះគឺជាសក្ខីភាព​ថ្មីមួយទៀត​របស់ SERC ជាមួយស្ថាប័ន២ក្នុងពេលតែ ១ គឺ SERC ជាមួយវិទ្យាស្ថានអភវិឌ្ឍន៍ចិនស្តីពី «ការអភិវឌ្ឍទីផ្សារមូលបត្រ​កម្ពុជា» និង SERC ជាមួយក្រុមហ៊ុន MOONXBT GLOBAL LIMITED ស្តីពី «កិច្ចសហប្រតិបត្តិការលើការ​លើក​កម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅកម្ពុជា»។

លោកបានថ្លែងថា៖ «គោលបំណងនៃការចុះ MoU ទាំង២នេះគឺដើម្បីបង្កើតនូវយន្តការ​នៃកិច្ចសហប្រតិបត្តិការ​ជាផ្លូវការមួយក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ដែលក្នុងនោះរួមមាន ការលើកកម្ពស់ការកសាង​សមត្ថភាព​មន្រ្តីនៃ SERC ការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រ ការចូលរួមបង្កើតនូវផលិតផលមូលបត្រថ្មីៗ​នៅកម្ពុជារួមទាំងទ្រព្យសកម្មឌីជីថល និងការផ្សព្វផ្សាយឱ្យតួអង្គពាក់ព័ន្ធសំខាន់ៗ​ចូលរួមក្នុងទីផ្សារ​ឱ្យបានកាន់តែច្រើន ដែលនឹងជះឥទ្ធិពលជាវិជ្ជមាន ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព»។​

លោក ស៊ូ សុជាតិ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា នាពេលបច្ចុប្បន្ននេះ ន.ម.ក. នៅមិនទាន់បានផ្តល់ការអនុញ្ញាត ឬអាជ្ញាប័ណ្ណណាមួយពាក់ព័ន្ធនឹងការប្រកបអាជីវកម្ម ឬសេវាកម្មពាក់ព័ន្ធនឹងទ្រព្យឌីជីថលនៅឡើយទេ ដោយ​ផលិត​ផល​នេះស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវ និងការពិនិត្យពិចារណាលើនីតិវិធី បែបបទ ក៏ដូចជាយន្តការនានា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មនេះ។

យោងតាមរបាយការណ៍ពី SERC រហូតដល់ដើមខែតុលានេះ ទីផ្សារមូលបត្រកម្ពុជា​មានទីផ្សារមូលបត្រកម្ម​សិទ្ធិ ដែលមានក្រុមហ៊ុន ៩ កំពុងចុះបញ្ជីជួញដូរមូលបត្រកម្មសិទ្ធិ និងទីផ្សារមូលបត្របំណុលដែលមាន​ក្រុមហ៊ុន​ចំនួន ៧ បានចុះបញ្ជីលក់មូលបត្រចំនួន ៩ តែគិតត្រឹមខែតុលានេះ សញ្ញាបណ្ណចំនួន ៣ បាន​ដល់​ឥណប្រតិទានហើយ។

លោកបានថ្លែងថា៖ «យើងមានក្រុមហ៊ុនមួយចំនួនទៀតក៏កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំការបោះផ្សាយលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ វាជាមោទនភាពមួយ ដែលទីផ្សាររបស់យើងទើបតែ​ចាប់ផ្តើមក្រោយគេក៏ពិតមែន តែយើងនឹងមានក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងនាពេលឆាប់ៗខាងមុខនេះ ដែលតាមរយៈផលិតផលនេះ វានឹងកាន់តែលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជាបន្ថែមទៀត ព្រោះថា ដ្បិតតែទីផ្សារ​យើង​ថ្មី តែសញ្ញាបណ្ណដែលបោះផ្សាយនេះ គឺស្របទៅនឹងស្តង់ដា​សញ្ញាបណ្ណបៃតងអាស៊ាន»៕