ភ្នំពេញៈ ប្រាក់​ប្រមាណ​ជិត ២,៧ ​ពាន់​លាន​ដុល្លារ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ប្រមូល​បាន​នៅក្នុង​រយៈពេល ៣ ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២២ កើន​ជាង ៥៨០ ​លាន​ដុល្លារ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ឬ​ស្មើនឹង​ ២៧,៥០ ​ភាគរយ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​រយៈពេល​ ៩​ ខែ របស់ GDT​។

ទិន្នន័យ​បង្ហាញ​ថា ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​ ២០២២ ការប្រមូល​ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ជាក់ស្តែង​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ គឺ ២ ៦៩៣,៣៨ ​លាន​ដុល្លារ ដែល​ស្មើ ៩៥,៥៣​ ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២​។ ចំណូល​នេះ​បើ​ធៀប​នឹង​ចំណូល​ពន្ធអាករ​ក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២១ ឃើញថា កើនឡើង ៥៨០,៥១ ​លាន​ដុល្លារ ឬ​ស្មើនឹង ២៧,៥ ​ភាគរយ​។

ដោយឡែក​សម្រាប់​ខែកញ្ញា ការប្រមូល​ចំណូល​ពន្ធ​សម្រេច​បាន ២៥៤,០៦ ​លាន​ដុល្លារ ស្មើនឹង ៩,០១ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​ សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​។ បើ​ប្រៀបធៀប​ទៅនឹង​ខែកញ្ញា ឆ្នាំ​ ២០២១ កើនឡើង​ ៥២,៤០ ​លាន​ដុល្លារ ឬ​ស្មើនឹង ២៥,៩៨ ​ភាគរយ​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើ​នៅ​ទីស្នាក់ការ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​ ១១ ខែតុលា​ថា មាន​ចំណុច​សំខាន់​ជាច្រើន​ ដែល​កំពុង​រួមចំណែក​ធ្វើឱ្យ​ការប្រមូល​ចំណូល​ពន្ធដារ​នៅ​កើនឡើង​ជា​បន្តបន្ទាប់ មានដូចជា ការធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​, ការដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាក់ទង​ការបង់ពន្ធ​, កត្តា​ធនធាន​មនុស្ស និង​ការរួមចំណែក​របស់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ ជាដើម​។

បន្ថែម​ពីលើ​នេះ​លោក​លើកឡើង​ថា​៖ «​សូម​អំពាវនាវ​ឱ្យ​អាជីវករ និង​ពាណិជ្ជករ​ទាំងអស់​អញ្ជើញ​មក​ចុះបញ្ជី​ពន្ធដារ​ក្នុង​ទិដ្ឋភាព​មួយ គឺ​បាន​មក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ និង​ឈាន​ទៅ​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ផ្សេងទៀត ហើយ​ទិដ្ឋភាព​មួយទៀត គឺ​បង្កើត​ឱកាស​ដល់​ខ្លួនឯង​នៅក្នុង​ការស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ជាពិសេស​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ជូន​សហគ្រាស​ធំៗ ពីព្រោះ​បច្ចុប្បន្ន​គេ​ចង់រក​ទទួលទាន​ជាមួយ​អ្នក​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​ត្រឹមត្រូវ​ប៉ុណ្ណោះ ដោយសារ​ពេល​មាន​ប្រតិបត្តិការ​ទិញ​-​លក់​គេ​នឹង​ទទួល​បាន​វិក្កយបត្រ​ត្រឹមត្រូវ​ ដើម្បី​យកទៅ​កាត់កង​ចំណាយ ឬ​អាករ​លើ​ធាតុ​ចូល​បាន​។​»

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១២ ខែតុលា​ថា ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​បន្តបន្ទាប់​ (​លើកលែង​ឆ្នាំ​ ២០២០-២០២១ ដែលមាន​វិបត្តិ​កូវីដ​ ១៩) ដែល​កំណើន​នេះ​គឺ​ដោយសារ​ការធ្វើ​កំណែ​ទម្រង់​មុត​ស្រួច និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ សម្រាប់​ការគ្រប់គ្រង​ផងដែរ​។ លោក​បន្តថា ដោយសារ​ស្ថានភាព​នៃ​ការវិនិយោគ​ក្នុង​ស្រុក​មាន​កំណើន​ជា​បន្តបន្ទាប់ ដូចនេះ​ចំណូល​ពន្ធដារ​នឹង​បន្ត​កើនឡើង​ថែមទៀត ប្រសិន​បើ​អ្វីៗ​មាន​ដំណើរការ​ដូច​ពេលបច្ចុប្បន្ន​។

លោក​បញ្ជាក់​ថា​៖ «​នៅពេល​ដែល​ប្រទេស​កាន់តែ​រីកចម្រើន ហើយ​ការអនុវត្ត​ច្បាប់​ត្រូវ​បាន​ពង្រឹង ការប្រមូល​ចំណូល​ពន្ធ​ប្រាកដជា​កើនឡើង​។ ការ​បន្តធ្វើ​សុក្រឹតកម្ម​ក៏​មាន​ភាពចាំបាច់​ផងដែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង់ពន្ធ​»​។

សម្រាប់​ឆ្នាំ​ ២០២៣ ខាងមុខ លោក វណ្ណៈ បាន​អះអាង​ថា ចំណូល​ពន្ធដារ​នឹង​កើនឡើង​ថែមទៀត ពិសេស​ពីមុខ​សញ្ញា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​បាន​បន្ត​លើកលែង​យកពន្ធ​ ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដូចជា​វិស័យ​ទេសចរណ៍ អចលនទ្រព្យ និង​សេវាកម្ម​មួយចំនួន​ទៀត​៕