ភ្នំពេញៈ ក្រុមហ៊ុន តូយ៉ូតា (​ខេមបូឌា) ​មាន​ផែនការ​បង្កើន​ការនាំចូល​រថយន្ត​ប្រភេទ Hybrid មក​ទីផ្សារ​កម្ពុជា​ ដើម្បី​រួមចំណែក​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ងាក​មក​ប្រើ​រថយន្ត​ប្រភេទ​នេះ​ឱ្យបាន​ច្រើន ខណៈ​ក្រុមហ៊ុន​ក៏​ទើប​ទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុង​ការបង្កើត​រោងចក្រ​ដំឡើង​រថយន្ត​កាលពី​ពេល​ថ្មីៗ​នេះ​ផងដែរ​។

ការបង្ហាញ​នូវ​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក Ryoji Fujita អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា ​(​ខេមបូឌា) ជាមួយ​នឹង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ទីស្តីការ​ក្រសួង កាលពី​ថ្ងៃទី​ ១១ ខែតុលា​។

លោក Ryoji Fujita បាន​និយាយ​ថា នៅពេល​ប្រជាពលរដ្ឋ​ងាក​មក​ប្រើ​រថយន្ត​ប្រភេទ​នេះ​ច្រើន វា​នឹង​ចូលរួម​ចំណែក​កាត់បន្ថយ​ការចំណាយ​លើ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស​ព្រមទាំង​ចូលរួម​ចំណែក​ក្នុង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​គោលដៅ​អព្យាក្រឹត កាបូន​ (Carbon Neutrality) ​នៅ​ឆ្នាំ​ ២០៥០ ផងដែរ​។

លោក​បាន​ស្នើសុំ​ឱ្យ​ក្រសួង​ពិនិត្យ​លទ្ធភាព​លើ​ការសហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការបន្ធូរ​បន្ថយពន្ធ​នាំចូល​រថយន្ត​ប្រភេទ Hybrid សំដៅ​រួមចំណែក​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាក​មក​ប្រើប្រាស់​រថយន្ត​ប្រភេទ Hybrid ​ឱ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស​។

លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា រដ្ឋាភិបាល​កំពុង​ខំប្រឹងប្រែង​ជំរុញ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន តាមរយៈ​គម្រោង​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ក៏ដូចជា​ជំរុញ​លើក​ទឹកចិត្ត និង​ទាក់ទាញ​ការចាប់អារម្មណ៍​ឱ្យប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ពី​សាធារណជន​ទូទៅ និង​ស្វែងរក​កិច្ចសហការ​ជាមួយ​នឹង​ក្រុមហ៊ុន​នានា​ ដើម្បី​ជំរុញ​ការដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ឱ្យ​បាន​ច្រើន​ថែមទៀត​ទូទាំង​ផ្ទៃ​ប្រទេស​។

លោក​បញ្ជាក់​ថា​៖ «​ការគាំទ្រ​ក្នុងការ​បន្ធូរ​បន្ថយពន្ធ​នាំចូល ជាពិសេស​ករណី​រថយន្ត​ប្រភេទ Hybrid ដែល​ក្រុមហ៊ុន​តូយ៉ូតា​បាន​លើកឡើង​នេះ​អាច​ធ្វើ​ទៅបាន​លុះត្រាតែ​មាន​ការស្នើសុំ​ពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា ក្រសួង​ស្វាគមន៍​រាល់​សំណើ​ពី​វិស័យ​ឯកជន​ក្នុង​ការជួយ​សម្រួល​ដល់​ធុរកិច្ច ប៉ុន្តែ​ត្រូវ​ធ្វើតាម​យន្តការ​ពិគ្រោះ​យោបល់​ដែលមាន​ក្រុម​ «​ឃ​» ​ជា​យន្តការ​មួយ​ដែល​គេ​ប្រជុំគ្នា​ដោះស្រាយ​កម្រិត​គោលនយោបាយ​ជា​រៀងរាល់​ឆ្នាំ​។ កម្រិត​បច្ចេកទេស​ទាំងអស់​គឺ​ដោះស្រាយ​តាម​ក្រុម​ «​ឃ​»​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិតថា បើ​ក្រុមហ៊ុន​មាន​សំណើ​ជាក់លាក់​តាមរយៈ​ក្រុម​ពិគ្រោះ​យល់​នេះ យើង​នឹង​មាន​ការជជែក​គ្នា និង​ពិចារណា​នៅក្នុង​ក្រុម​នេះ​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី ​៨ កញ្ញា បាន​ឱ្យ​ដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​ឱ្យ​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​តូយ៉ូតា ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្រោម​ទុនវិនិយោគ ៣៦,៧​ លាន​ដុល្លារ និង​បង្កើត​ការងារ​ ១៥០ ​នាក់​។

Toyota Tsusho Manufacturing (Cambodia) Co., Ltd បាន​ក្លាយជា​ក្រុមហ៊ុន​ដំឡើង​រថយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយទៀត​ បន្ទាប់ពី​ក្រុមហ៊ុន RMA Cambodia ដែល​បាន​បើក​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត Ford ក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្រោម​ទុនវិនិយោគ ២១ លាន​ដុល្លារ​៕