IG Tech Group (IG Tech) ​ជា​ក្រុមហ៊ុន​មួយ ក្នុង ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាច្រើន ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ប្រទេស​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU)​ ស្តីពី​កិច្ចសហប្រតិបត្តិការ​កសាង​ធនធាន​មនុស្ស​ក្នុងការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​។

MoU ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១៣ ​ខែ​តុលា ហើយ​ស្ថិតក្រោម​កិច្ចសហប្រតិបត្តិការ​នេះ NPIC ​នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រុមហ៊ុន​ IG Tech Group លើ​វិស័យ​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​គម្រោង​ផលិតផល​ដែល​បាន​កំណត់​។ ទន្ទឹម​នឹង​នេះ ទាំង​ NPIC ​និង​ IG Tech Group នឹង​រួមគ្នា​ស្វែងរក​កិច្ច​សហការ​គ្នា​ដែល​មាន​សក្តានុពល​លើ​ការស្រាវជ្រាវ កម្មវិធី ឬ​គម្រោង​ជាក់ស្តែង ដែល​ភាគី​ទាំង ២ ​បាន​ព្រមព្រៀង​ជាមួយគ្នា​។

លោក ប៊ុន ភារិន ប្រធាន​NPIC បាន​ឱ្យ​ដឹង​ថា កិច្ចសហការ​រវាង​សាលា​បច្ចេកទេស និង​វិស័យ​ឯកជន មិន​ត្រឹមតែ​ជា​យន្តការ​ដ៏​ល្អ​សម្រាប់​លើកកម្ពស់​ការបណ្តុះបណ្តាល​ប្រកបដោយ​ផលិតភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​មួយ សម្រាប់​ក្រុមហ៊ុន​ក្នុងការ​ប្រមូលផ្តុំ​យុវជន​ដែល​មាន​សក្តានុពល​ចូលរួម​ក្នុង​សកម្មភាព​របស់​ពួកគេ​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​សិស្ស​និស្សិត ពួកគេ​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ក្នុងការ​ស្វែងយល់​ពី​ពិភព​ការងារ​ជាក់ស្តែង ដែល​ពួកគេ​អាច​ប្រើប្រាស់​ជំនាញ​ដែល​ទទួល​បាន​ពី​សាលា។ ទន្ទឹម​នឹង​នោះ សម្រាប់​វិស័យ​ឯកជន ពួកគេ​នឹង​អាច​ចូលរួម​ជាមួយ​កម្លាំង​ពលកម្ម​ដែលមាន​ថាមពល​កាន់តែ​ច្រើន​ដើម្បី​ចូលរួម​ក្រុម​របស់​ពួកគេ​។ យន្តការ​ឈ្នះ​ ឈ្នះ​នេះ​ក៏​នឹង​ពង្រឹង​ការភ្ជាប់​ទំនាក់ទំនង​នៃ​ការបណ្តុះបណ្តាល​បច្ចេកទេស​ទៅនឹង​បច្ចេកវិទ្យា​អភិវឌ្ឍន៍​រហ័ស​ផងដែរ​»​។

លោក​លើក​ឡើង​ថា​៖ «​កិច្ចសហការ​ដែល​យើង​កំពុង​ធ្វើ​នាពេលនេះ ក៏​ឆ្លើយតប​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ភាពជា​ដៃគូ​ឯកជន​សាធារណៈ (PPP) ​ដែល​រដ្ឋាភិបាល​សង្កត់​ធ្ងន់​លើ​តួនាទី​សំខាន់ៗ​របស់​វិស័យ​ឯកជន ដែល​ត្រូវបាន​ចាត់ទុកថា​ជា​កម្លាំង​ជំរុញ​សម្រាប់​ធនធានមនុស្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»​។

លោក គឹម ពុទ្ធគីរី ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ IG Tech Group បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ បាន​បង្កើត​ IG Tech ​ពី​គុណ​តម្លៃ ដែល​សំខាន់​របស់​ក្រុម​លោក ដោយ​ស្វែងរក​ទាំង​សហគ្រិនភាព និង​ឱកាស​បង្កើន​ជំនាញ​។

លោក​បន្ត​ថា​៖ «​ជាមួយ​នឹង​ការផ្លាស់ប្តូរ​របស់​យើង​ឆ្ពោះ​ទៅរក​នវានុវត្តន៍​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​ស្វែងរក​ក្រុម​ដែលមាន​សមត្ថភាព ជាពិសេស​ក្នុង​វិស័យ​វិស្វកម្ម មានការ​ប្រកួតប្រជែង​យ៉ាងខ្លាំង​។ ភាពជា​ដៃគូ​ជាមួយ​ NPIC នឹង​ជួយ​យើង​ពន្លឿន​គម្រោង​បច្ចេកវិទ្យា​ខ្ពស់​របស់​យើង និង​ស្វែងរក​នវានុវត្តន៍​បច្ចេក​វិទ្យា​បន្ថែមទៀត តាមរយៈ​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រួមគ្នា​»​។

វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា គឺជា​វិទ្យាស្ថាន​ស្វ័យភាព​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០០៥ ក្នុង​គោលបំណង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​ថាមពល ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។

បច្ចុប្បន្ន​នេះ NPIC មាន​មហាវិទ្យាល័យ​ចំនួន​ ៨ និង​មជ្ឈមណ្ឌល​ចំនួន​ ២ ហើយ​មាន​ការ​បណ្តុះបណ្តាល​ជំនាញ​តម្រូវការ​ជាង​ ២០ ​ត្រូវបាន​ផ្តល់ជូន​សាធារណជន និង​ជាពិសេស​យុវជន​។ គួរបញ្ជាក់​ផងដែរ​ថា NPIC បាន​សហការ​ជាមួយ​ដៃគូ​ក្នុងស្រុក និង​អន្តរជាតិ​ជាង​ ២០០ ដែល​មាន​មហាវិទ្យាល័យ​បច្ចេកទេស ក្រុមហ៊ុន​ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរ​ជាតិ​ផងដែរ។​ល​៕