ភ្នំពេញៈ ការប្រមូល​ចំណូល​របស់​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) ក្នុង​រយៈពេល ៩ ខែ​ឆ្នាំ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង ២ ពាន់​លានដុល្លារ​ស្មើនឹង​ជិត ៧៩ ភាគរយ​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។​

​សេចក្តីប្រកាស​ព័ត៌មាន​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គយ និង​រដ្ឋាករ រយៈពេល ៩ ខែ ឆ្នាំ ២០២២ បាន​ឱ្យដឹង​ថា ចាប់​ពី​ខែ​មករា​ខែ​កញ្ញា ឆ្នាំ ២០២២ អគរ ប្រមូល​ចំណូល​បាន​ប្រមាណ ២ ០២៦,៨ លានដុល្លារ (ចំនួន ៨ ២៥៨,៧ ពាន់​លាន​រៀល) ដែល​តួលេខ​នេះ​ត្រូវជា​ប្រមាណ ៧៨,៨ ភាគរយ​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១ លទ្ធផល​ចំណូល​នេះ​កើន ១ ៣៧៧,៣ ពាន់លាន​រៀល​ដែល​ត្រូវជា ២០ ភាគរយ។​

​យោងតាម អគរ ចំណូល​តាម​ប្រភេទ​ពន្ធ និង​អាករ មាន​ដូចជា អាករ​ពិសេស មាន​ចំនួន ៣ ១៤៥,៣ ពាន់លាន​រៀល (​ស្មើ​នឹង ៣៨,១ ភាគរយ​នៃ​ចំណូល​សរុប​), អាករ​លើ​តម្លៃ​បន្ថែម ៣ ១០៤,៧ ពាន់លាន​រៀល (​ស្មើ ៣៧,៦ ភាគរយ​), ពន្ធគយ ១ ៥៥៩,៦ ពាន់លាន​រៀល (​ស្មើ ១៨,៩ ភាគរយ​), អាករ​បន្ថែម​លើ​ផលិតផល​ប្រេង ២៨១,២ ពាន់លាន​រៀល (​ស្មើ ៣,៤​ភាគរយ​), និង​អាករ​នាំចេញ និង​កម្រៃ​ផ្សេងៗ ១៦៧,៩ ពាន់លាន​រៀល (​ស្មើ ២ ភាគរយ)។​

​ដោយឡែក​សម្រាប់​ចំណូល​តាម​ក្រុម​ទំនិញ គឺ​យានយន្ត​និង​គ្រឿងចក្រ មាន​ចំនួន ៣ ៨៨៩,៦ ពាន់លាន​រៀល (​ស្មើ ៤៧,១ ភាគរយ​), ទំនិញ​ចម្រុះ ២ ២០៦,៩ ពាន់លាន​រៀល (២៦,៧​ភាគរយ​), ផលិតផល​តេល​សិលា ១ ៦៨៣,៦ ពាន់លាន​រៀល (២០,៤​ ភាគរយ​), និង​សម្ភារ​សំណង់ និង​កម្រៃ​ ផ្សេងៗ ៤៧៨,៥ ពាន់លាន​រៀល (​ស្មើ ៥,៨ ភាគរយ)។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ១៣ ខែ​តុលា​ថា កំណើន​តម្រូវការ​ផលិតផល​ប្រើប្រាស់​ក្នុងស្រុក និង​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​ដើម្បី​នាំចេញ បាន​ធ្វើ​ឱ្យ​ចំណូល​ពន្ធគយ​ដែល​ប្រមូល​បាន​ក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០២២ បន្ត​សញ្ញា​វិជ្ជមាន​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១​។ ផលិតផល​ដែល​កម្ពុជា​នាំចូល​ច្រើន​មាន​ដូចជា រថយន្ត គ្រឿងចក្រ គ្រឿង​សំណង់ និង​ឧបករណ៍​អេឡិចត្រូនិក។​

​លោក​ថ្លែងថា​៖ «​យោងតាម​សម្ទុះ​កំណើនសេដ្ឋកិច្ច​ប្រទេស​នៅពេលនេះ គឺ​ការ​នាំចូល និង​នាំចេញ​របស់​កម្ពុជា​នឹង​កើន​ឡើង​បន្ថែម​ទៀត»។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា ការ​កើន​ឡើង​ព្រមគ្នា​នៃ​ចំណូល​ពន្ធគយ និង​ពន្ធ​ផ្ទៃក្នុង (​ពន្ធដារ​ )មានន័យថា តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ការនាំ​ចេញ​របស់​កម្ពុជា​មាន​កម្លាំង​ដូចគ្នា​។ ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​តែងមាន​តម្រូវការ​នាំចូល​ច្រើន​មក​អភិវឌ្ឍ​ប្រទេស ព្រោះ​ការផលិត​ក្នុង​ស្រុក​នៅ​មាន​កម្រិត​។ លោក​បាន​លើក​ឧទាហរណ៍​ថា ជាក់ស្តែង​នៅ​ពេល​នេះ ទោះ​កម្ពុជា​មាន​រោងចក្រ​ផលិត​ដែក​ក្នុង​ស្រុក ក៏ដោយ ក៏​តម្រូវការ​នាំចូល​នៅ​តែមាន​ច្រើន​ជាប្រចាំ។​

​លោក​បញ្ជាក់ថា​៖ «​កំណើន​ចំណូល​ពន្ធ គឺជា​សញ្ញា​ដ៏​ល្អ​ដែល​បញ្ជាក់​អំពី​កំណើន​សេដ្ឋកិច្ច និង​ភាព​មមាញឹក​នៃ​គ្រប់​ចង្វាក់​ផលិតកម្ម»៕