គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ តម្លៃ​មាស​បាន​កើនឡើង​ប្រហែល ០,១% ឬ ១ ៦៧៣ ដុល្លារ (​ក្នុង​ ១ ​អោនស៍​)​។ បច្ចុប្បន្ន វា​ហាក់បី​ដូចជា​មិនមាន​ការប្រែប្រួល​ខ្លាំង​។ ទោះបី​ជា​យ៉ាងណា​ក៏ដោយ ខណៈ​ពេល​ដែល​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បាននិង​កំពុង​ប្រើ​មធ្យោបាយ​ផ្សេងៗ ដើម្បី​ដោះស្រាយ​ការកើនឡើង​អតិផរណា ទីផ្សារ​មាស​ក៏​នៅតែ​ស្ថិតក្រោម​សម្ពាធ​ដដែល​។

គេហទំព័រ Kitco News កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ថា៖ «​ទោះបី​ជា​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​មើលឃើញ​ការកើនឡើង​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ក៏ដោយ របាយការណ៍​កិច្ចប្រជុំ​គោលនយោបាយ​រូបិយវត្ថុ​ខែកញ្ញា​បាន បង្ហាញថា គណៈកម្មាធិការ​នៅតែ​បន្ដ​ផ្តោតលើ​ការកាត់បន្ថយ​អតិផរណា ដោយ​ការដំឡើង​អត្រា​ការប្រាក់​។ គណៈកម្មាធិការ​បាន​អះអាង​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ពួកគេ​ក្នុង ការធ្វើ​ឱ្យ​អតិផរណា​ត្រឡប់​មក​ត្រឹម​គោលដៅ ២% ទោះបី​ជា​ទីផ្សារ​ការងារ​បាន​ធ្លាក់ចុះ​ក៏ដោយ​។ ឥឡូវនេះ មាស​បាន​ជាប់គាំង​ក្រោម​តម្លៃ ១ ៧០០ ដុល្លារ ហើយ​ប្រឈម​នឹង​ការធ្លាក់​ចុះក្រោម ១ ៦០០ ដុល្លារ​។

ម្យ៉ាងទៀត បន្ថែម​ពី​ការកើនឡើង​ដ៏ធំ​សម្បើម​ចំនួន ១៨% ​ប្រចាំ​ឆ្នាំ ប្រាក់​ដុល្លារ​អាមេរិក​ទទួល​បាន​ការគាំទ្រ​បន្ថែម​ពី Yellen ដែល​បាន​និយាយថា «​នេះ​ជា​លទ្ធផល​ជាក់ស្ដែង​» សម្រាប់​អ្វី​ដែល​ធនាគារ​កណ្ដាល​កំពុង​ធ្វើ បើ​ប្រៀបធៀប​ទៅ​នឹង​ធនាគារ​កណ្តាល​ផ្សេងទៀត​។

បើ​ផ្អែកលើ​ការវិភាគ​ផ្នែក​បច្ចេកទេស តម្លៃ​មាស​អាច​នឹង​ធ្លាក់ចុះ​ដល់ ១ ៦០០ ដុល្លារ ប្រសិន​បើ​វា​ធ្លាក់​ក្រោម ១ ៦៦០ ដុល្លារ​។ តម្លៃ​ធ្លាក់​ចុះក្រោម ១ ៦០០ ដុល្លារ អាច​ត្រូវ​បាន​ពង្រីក​បន្ថែម ដោយ​សញ្ញា​ធ្លាក់ចុះ​ផ្សេងទៀត​។ កម្រិត​ខ្ពស់​បន្ទាប់​អាច​នឹង​ឡើង​ដល់​តម្លៃ ១ ៧៣០ ដុល្លារ ប្រសិនបើ​វា​បំបែក​តំបន់​របាំង​តម្លៃ ១ ៧០០ ដុល្លារ​៕