ភ្នំពេញៈ គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ គ្រឿង​ផ្គុំ​អំពូល​លម្អ គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បន្លាស់​អេឡិចត្រូនិក ចំនួន ៤ ដែល​មាន​ទុនវិនិយោគ ២៤,១ លានដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន ៣ ៨១៧ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ឱ្យ​វិនិយោគ​។ នេះ​បើ​យោងតាម CDC។​

​យោងតាម​ការផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម CDC កាលពី​ថ្ងៃទី ១២ ខែ​តុលា បាន​ឱ្យដឹង​ថា តាម​សំណើសុំ​វិនិយោគ CDC បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ឱ្យ​គម្រោង​វិនិយោគ​ចំនួន ៤ ដែល​រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ និង​គ្រឿង​ផ្គុំ​របស់​អំពូល​លម្អ នៃ​ក្រុមហ៊ុន Gorgeous Lights Co., Ltd ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​មាន​ទុនវិនិយោគ ៨,១ លានដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​បន្លាស់​អេឡិចត្រូនិក​នៃ​ក្រុមហ៊ុន Lingbenyang Optoelectronics (Cambodia) Co., Ltd ស្ថិត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ទុន​វិនិយោគ ៥,២ លានដុល្លារ។​

​ចំណែក​គម្រោង ២ ទៀត​រួម​មាន គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ អំពូល​ភ្លើង និង​គ្រឿង​ផ្គុំ​អំពូល​ភ្លើង​របស់​ក្រុមហ៊ុន JT Electronics Co.,Ltd នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ ៥,៤ លានដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល អំពូល​ភ្លើង​លម្អ​ដើម​ណូអែល សម្ភារ​គ្រប់​ប្រភេទ​សម្រាប់​តុបតែង​លម្អ​និង​វត្ថុ​អនុស្សាវរីយ៍​របស់​ក្រុមហ៊ុន Foreststar Tree Industrial (Cambodia) Co., Ltd. នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហាយ ផាក ខេត្ត​ស្វាយរៀង មាន​ទុនវិនិយោគ ៥,៤ លានដុល្លារ។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី ១៣ ខែ​តុលា​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំង ២ អាមេរិក និង​ចិន ដែល​ជំរុញ​ឱ្យមាន​ការ​ដំឡើង​ពន្ធ​រវាង​គ្នា និង​ការ​ទទួល​បាន​ភាព​អនុគ្រោះ​ពន្ធ​នាំចូល​ពី​ប្រទេស​ធំៗ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជាទី​តាំង​ដ៏មាន​សក្តានុពល​សម្រាប់ការ​បណ្តាក់ទុន។​

​លោក​បញ្ជាក់ថា​៖ «​កម្ពុជា​កំពុង​ទទួលបាន​កំណើន​ការ​ចូលមក​បណ្តាក់​ទុន​កាន់តែ​ច្រើន​នាពេល​ថ្មីៗ​នេះ ជាពិសេស​លើ​ផលិតផល​ដែល​ទទួល​បាន​ការ​លើក​លែង​ពន្ធ​ពី​ប្រទេស​ធំៗ​។ ជាក់ស្តែង​ការផ្តល់​ភាព​អនុគ្រោះ​ពន្ធ​នាំចូល​សម្រាប់​ផលិតផល​បន្ទះ​សូឡា​កម្ពុជា​ទៅកាន់​ទីផ្សារ​អាមេរិក​កាលពី​ពេល​ថ្មីៗ ក៏​កំពុង​ទាក់ទាញ​ឱ្យ​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក»។​

​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ និយាយថា ស្ថានភាព​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​កំពុង​មាន​ដំណើរការ​ទៅមុខ​យ៉ាង​ល្អ ខណៈ​ការ​វិនិយោគ​ថ្មីៗ គឺមាន​គ្រប់​វិស័យ ដែល​ខុស​ពីមុន​ពឹងផ្អែក​ភាគ​ច្រើន​លើ​វិស័យ​វាយនភណ្ឌ​។ ការវិនិយោគ​លើ​រោងចក្រ​អំពូល​ភ្លើង គ្រឿង​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក គឺ​ពិតជា​ល្អ ព្រោះ​ជា​ផលិតផល​មាន​តម្រូវការ​ទីផ្សារ​ច្រើន និង​មាន​ប្រើប្រាស់​បច្ចេកវិទ្យា។​

​លោក​ប្រាប់ថា​៖ «​កម្ពុជា​កំពុង​ក្លាយជា​កន្លែង​មាន​ភាព​ទាក់ទាញ​ក្នុងការ​បណ្តាក់​ទុន ព្រោះ​ក្រៅពី​សម្បូរ​កម្លាំង​ពលកម្ម និង​មាន​ច្បាប់​វិនិយោគ​អំណោយផល ប្រទេស​នេះ​ក៏មាន​ទីផ្សារ​នាំចេញ​ច្រើន និង​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៀតផង»៕