
ភ្ញៀវទេសចរណ៍មកទស្សនាព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។ សហការី
ភ្នំពេញៈ អ្នកនៅក្នុងវិស័យទេសចរណ៍បានលើកឡើងថា ការកំណត់ទិសដៅរបស់ក្រសួងទេសចរណ៍ក្នុងការស្រូបយកភ្ញៀវទេសចរវៀតណាមឱ្យបាន ៧០ ម៉ឺននាក់នៅឆ្នាំ ២០២៣ និង ១ លាននាក់នៅឆ្នាំ ២០២៤ នឹងអាចសម្រេចបានដោយងាយ ប៉ុន្តែក៏ត្រូវទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រថ្មីៗ និងការផ្សព្វផ្សាយបន្ថែមផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាលោក ថោង ខុន នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Nguyen Huy Tang កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍បាននិយាយថា កម្ពុជាបានកំណត់ទិសដៅក្នុងការទាក់ទាញភ្ញៀវទេសចរវៀតណាមមកកម្សាន្តឱ្យបាន ៧០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៣ និង ១ លាននាក់នៅឆ្នាំ ២០២៤ ។ ដើម្បីអាចសម្រេចបានគោលដៅនេះ លោកបានស្នើឱ្យភាគីវៀតណាមជួយជំរុញទេសចររបស់ខ្លួនធ្វើដំណើរមកកម្ពុជាឱ្យបានច្រើនថែមទៀត ខណៈប្រទេសទាំង ២ បានឯកភាពគ្នានឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែខ្លាំងបន្ថែមទៀត។
លោក ថោង ខុន បានបញ្ជាក់ថា៖ «ក្នុងពេលដែលសកលលោកមិនទាន់រួចផុតពីការរាតត្បាតជំងឺកូវីដ ១៩ និងសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់ គឺជាការសំខាន់បំផុត ដូច្នេះភាគីកម្ពុជា និងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ក្នុងជំនួបខាងលើកម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរ ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះក៏ត្រៀមដាក់ឱ្យដំណើរការនៅអំឡុងត្រីមាសទី ២ ឆ្នាំ ២០២៣ ។ ចំពោះ ការតភ្ជាប់ផ្លូវអាកាស ភាគីទាំង ២ បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន សៀមរាប-កោះត្រល់ ព្រះសីហនុ-ហាឡុង សៀមរាប-ហាយហ្វុង សៀមរាប-កាន់ថឺរ។ ភាគីទាំង ២ ក៏ឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំង ២ និងទៅប្រទេសទី ៣ ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា វិស័យទេសចរណ៍កម្ពុជាហាក់មិនមានឧបសគ្គច្រើន សម្រាប់ក្តីរំពឹងទទួលភ្ញៀវវៀតណាមឱ្យបាន ៧០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៣ និង ១ លាននាក់ក្នុងឆ្នាំ ២០២៤ នោះទេ។
លោកស្រី ស៊ីវលីន បានថ្លែងថា៖ «ដោយសារកម្ពុជា-វៀតណាម ជាប្រទេសមានព្រំដែនជាប់គ្នា ដូច្នេះការដាក់ទិសដៅរបស់ក្រសួងនឹងអាចសម្រេចបានដូចការកំណត់»។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា រយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៩៨៨ ២៧២ នាក់ កើនឡើង ៧២០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះភ្ញៀវទេសចរជនជាតិថៃ មានចំនួនច្រើនជាងគេ គឺចំនួន ៣៤៨ ៦៦០ នាក់ កើនឡើង ៤៧៧,៣ ភាគរយ និងវៀតណាម ស្ថិតនៅលេខ ២ មានចំនួន ២៣៥ ៥៤៦ នាក់ កើនឡើង ៣០១៧,៣ ភាគរយ និងតាមពីក្រោយដោយភ្ញៀវទេចរជាជនជាតិចិន អាមេរិក ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី បារាំង និងចក្រភពអង់គ្លេស ជាដើម៕