ភ្នំពេញៈ ចំពោះ​រដ្ឋាភិបាល​បាន​សម្រេច​ជាគោលការណ៍​ដល់​ក្រុមហ៊ុន​ ហ្គោលដិនទ្រី ​ដើម្បី​បោះផ្សាយ​សញ្ញា​បណ្ណ​បៃតង​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) ដែល​បាន​អនុលោម​ទៅតាម​គោលការណ៍​ណែនាំ​នៃ​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​។ មន្ត្រី​ផ្សារ​មូលបត្រ​កម្ពុជា​បាន​ថ្លែងថា ក្រុមហ៊ុន​អាច​នឹង​ធ្វើការ​បោះ​ផ្សាយ​ប្រភេទ​មូលបត្រ​បៃតង​នេះ​នៅ​ដើម​ខែ​វិច្ឆិកា​ឆាប់ៗ​ខាងមុខ​។

កាលពី​ថ្ងៃទី ​១២ ខែតុលា ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ (​អ.ស.ហ.) បាន​ផ្តល់​ការអនុញ្ញាត​ជា​គោលការណ៍​លើ​សំណើសុំ​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ជា​សាធារណៈ​ជា​ប្រភេទ​សញ្ញាប័ណ្ណ​បៃតង​ដំបូង​គេ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​ ហ្គោលដិនទ្រី នេះ​បើ​យោងតាម​និយតករ​មូលបត្រ​កម្ពុជា​។

«​សញ្ញាប័ណ្ណ​បៃតង​ដំបូង​នេះ គឺ​បាន​រៀបចំ​ស្របតាម​គោលការណ៍​ណែនាំ​នៃ​សញ្ញាប័ណ្ណ​បៃតង​អាស៊ាន​ផងដែរ ដែល​ការណ៍​នេះ ការបោះផ្សាយ​នេះ​នឹង​មាន​ការទទួលស្គាល់​ជា​សញ្ញាប័ណ្ណ​បៃតង​អាស៊ាន​»​។ នេះ​បើ​យោងតាម SERC​។

លោក ស៊ូ សុជាតិ អគ្គនាយក​នៃ SERC បាន​ថ្លែងប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការសម្រេច​របស់ អ.ស.ហ.គឺជា​ការបើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​បន្ត​នីតិវិធី​បោះផ្សាយ​នៅលើ​ផ្សារមូលបត្រ​កម្ពុជា​។ លោក​បាន​ថ្លែងថា​៖ «​ការបោះ​ផ្សាយ​សញ្ញាប័ណ្ណ​បៃតង​គឺ​ឆ្លុះបញ្ចាំង​អំពី​ការបោះជំហាន​មួយ​ដំណាក់កាល​ទៀត​នៃ​ការអភិវឌ្ឍ​របស់​វិស័យ​មូលបត្រ​យើង គឺ​មាន​ន័យថា​ចាប់ពី​ពេលនេះ​តទៅ​គឺ​យើង​មិន​ត្រឹមតែ​មាន​សញ្ញាប័ណ្ណ​ធម្មតា​នោះ​ទេ គឺ​ពេលនេះ​យើង​ក៏មាន​ការបោះ​ផ្សាយ​សញ្ញាប័ណ្ណ​បៃតង​ដែល​គោរព​ទៅតាម​គោលការណ៍​បោះផ្សាយ​សញ្ញាប័ណ្ណ​បៃតង​អាស៊ាន​»​។

«​ដូច្នេះ សម្រាប់​ក្រុមហ៊ុន​បន្ទាប់ពី​ចុះបញ្ជី​ទីផ្សារ​រួចរាល់​ហើយ​នោះ ក្រុមហ៊ុន​នឹង​ទទួល​នូវ ASEAN Label on Green Bond ដែល​អនុញ្ញាត​ឱ្យ​ឈ្មោះ​របស់​ក្រុមហ៊ុន​ត្រូវបាន​ផ្សព្វផ្សាយ​ទូទាំង​អាស៊ាន​។ ក្នុង​ករណី​ដែល​ក្រុមហ៊ុន​មាន បំណង​ចង់​ធ្វើការ​បោះផ្សាយ​បន្ថែម​តាម​ក្រោយ​ទៀត ខ្ញុំ​គិតថា​ក្រុមហ៊ុន​អាច​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅប្រទេស​បាន​ច្រើន​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​លើ​ផ្នែក​បៃតង​នេះ​»​។ នេះ​បើ​យោង​តាម​ការ​ថ្លែង​អះអាង​របស់​លោក ស៊ូ សុជាតិ​។

លោក ហុង សុហួរ អគ្គនាយក CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ខែតុលា​ថា ជាមួយ​ការបោះផ្សាយ​សញ្ញាប័ណ្ណ​នេះ ក្រុមហ៊ុន​គ្រោង​កៀរគរ​ទឹកប្រាក់​ប្រមាណ​ ៣ ​លាន​ដុល្លារ សម្រាប់​រយៈពេល ​៥ ​ឆ្នាំ​ជាមួយ​អត្រា​ការប្រាក់​ ៧ ​ភាគរយ​។ ដូច្នេះ​ជាមួយ​ការសម្រេច​ជា​គោលការណ៍​ពី​ អ.ស.ហ ការចុះបញ្ជី​ក៏​អាច​នឹង​កើតឡើង​ឆាប់ៗ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ​។

កាលពី​ថ្ងៃទី ៨​ ខែតុលា​ឆ្នាំ ​២០២២ ​កន្លង​មកនេះ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ធនាគារ​ពិភពលោក​បាន​ទទួល​ស្គាល់​អគារ​ការិយាល័យ VTrustTower គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ហ្គោលដិនទ្រី ​សម្រាប់​អគារ​ការិយាល័យ​ពាណិជ្ជកម្ម​បៃតង​ដំបូងគេ​ក្នុង​ប្រទេស​កម្ពុជា​តាម​ប្រព័ន្ធ Edge ​ដែលជា​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ​អគារ​បៃតង​មួយ​ ដែល​មាន​ការទទួលស្គាល់​ជា​អន្តរជាតិ​៕