ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​ស្នើ​ឯកអគ្គរដ្ឋទូត​ប្រទេស​តួកគី ឱ្យ​ជួយ​កៀរគរ​ធុរជន និង​វិនិយោគិន​តួកគី​ចូលមក​បណ្តាក់ទុន​ក្នុង​វិស័យ​កសិកម្ម កសិ​-​ឧស្សាហកម្ម និង​ការកែច្នៃ​ម្ហូប​តាម​ស្តង់ដា​ហាឡាល​ ព្រមទាំង​បើក​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា ខណៈ​កម្ពុជា​គឺជា​ប្រទេស​មាន​វត្ថុធាតុដើម​ច្រើន​សម្រាប់​គាំទ្រ​ដល់​ចង្វាក់​ផលិតកម្ម​លើ​គ្រប់​វិស័យ​។

នៅក្នុង​ជំនួប​ជាមួយ​លោកស្រី ÜlküKocaefe ឯកអគ្គរដ្ឋទូត​ទើប​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​តួកគី ប្រចាំ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​ ១៣ ខែ​តុលា លោក​ប៉ាន សូរស័ក្ដិ បាន​លើកឡើង​ថា ប្រទេស​កម្ពុជា​បាន​ក្លាយជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​កកើត​ថ្មីៗ​ដែល​ជា​កត្តា​អំណោយផល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការចូលរួម​ខ្សែ​ចង្វាក់​ផលិតកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​ថ្លែង​ថា​៖ «ក្នុង​ន័យ​នេះ ខ្ញុំ​សូម​ស្នើឱ្យ​លោកស្រី​បន្ត​កៀរគរ​ធុរជន និង​វិនិយោគិន​តួកគី​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ការកែច្នៃ​ម្ហូប​តាម​ស្តង់ដា​ហាឡាល ដែល​កម្ពុជា មាន​វត្ថុធាតុដើម​សម្បូរបែប រួមមាន​កៅស៊ូ ដំឡូងមី ស្រូវ ស្វាយ ចេក ជាដើម​។ បន្ថែម​លើ​នេះ ខ្ញុំ​ក៏​ស្នើ​ឱ្យមាន​ការតភ្ជាប់​ជើង ហោះហើរ​ត្រង់ និង​កិច្ច សហប្រតិបត្តិការ​ផ្នែក​ហាឡាល​ផងដែរ​»​។

ជាការ​ឆ្លើយតប លោកស្រី ÜlküKocaefe ​បាន​កោតសរសើរ​ចំពោះ​សម្ទុះ​នៃ​ការអភិវឌ្ឍ​ខឿន សេដ្ឋកិច្ច​កម្ពុជា ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ​ភាព​ធន់​នៃ​សេដ្ឋកិច្ច និង​ភាព​អាច​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង បាន​តាមរយៈ​អតិរេក​ស្បៀង​បម្រុង​របស់​កម្ពុជា ពិសេស​នា​អំឡុង​វិបត្តិ​នានា​ក្នុង​ពិភពលោក​។ ជាមួយគ្នា នេះ លោកស្រី​ក៏បាន​បង្ហាញ​ឆន្ទៈ​និង​គោលជំហរ​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ពាណិជ្ជកម្ម វិនិយោគ ការអប់រំ និង​កិច្ចការ​ហាឡាល និង​ព្យាយាម​ជំរុញ​ការតភ្ជាប់​ជើង ហោះហើរ​ត្រង់​រវាង​កម្ពុជា និង​តួកគី​។

តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង ២ លោកស្រី ÜlküKocaefe ​ បាន​បញ្ជាក់ ថា​៖«​នឹង មាន​ការបង្កើត​ការិយាល័យ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​តួកគី​ប្រចាំ​កម្ពុជា ដើម្បី​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​កាន់តែ​ប្រសើរ​»​។

ក្នុង ជំនួប​ពិភាក្សា​ខាងលើ ភាគី​ទាំង ២ ​ក៏បាន​បញ្ជាក់​អំពី​កិច្ចសហការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង ២ ជាពិសេស​តាមរយៈ​យន្តការ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា​-​តួកគី ដែល​កិច្ចប្រជុំ​លើក​ទី​៣ គ្រោង​នឹងធ្វើ​នៅ​រាជធានី​ភ្នំពេញ​នាពេល​ខាងមុខ​។ ចាប់តាំងពី​ឆ្នាំ​ ២០១៥ ​មក គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា​-​តួកគី បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​អាទិភាព មួយចំនួន​ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម សុខាភិបាល ឧស្សាហកម្ម វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ១៦ ខែ​តុលា ​ថា ទោះបី​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​តួកគី បាន​កើត​មាន​ជា​យូរ​មកហើយ ប៉ុន្តែ​វា​ទើបតែ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​ចាប់ពី​ឆ្នាំ​ ២០១៨ ពីក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​តួកគី ដែល​ពេលនោះ​ក៏មាន​ការចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផ្នែក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​វិស័យ​មួយ​ចំនួន​ទៀត​។

លោក​ប្រាប់​ទៀត​ថា កាលពីដើម​ឆ្នាំ​ ២០២២ ក្នុង​ឱកាស​បើក​ស្ថានទូត​កម្ពុជា​នៅក្នុង​ទីក្រុង​អង់ការ៉ា ប្រទេស​តួកគី ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​ពាណិជ្ជករ សហគមន៍ និង​សមាគម​ពាណិជ្ជកម្ម​មួយចំនួន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​។ នៅពេល​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន និង​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយក្រែន មាន​ភាព​ធូរស្រាល​នឹងមាន​វិនិយោគិន​តួកគី​ជាច្រើន​ធ្វើដំណើរ​មក​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​។

លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​គិត​ថា ​តួកគី គឺជា​ប្រទេស​មាន​សក្តានុពល​មួយ​ដែល​អាច​នឹងមាន​អ្នកវិនិយោគ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រោះ​ប្រទេស​នេះ​នៅជាប់​ទ្វីបអាស៊ី​ផង និង​អឺរ៉ុប​ផង និង​ជាទី​ផ្សារ​ថ្មី​មួយ​របស់​កម្ពុជា​។ តាមរយៈ​ប្រទេស​តួកគី ទំនិញ​កម្ពុជា​ក៏​អាចឈាន​ចេញទៅ​ប្រទេស​ជិតខាង​តួកគី​ផងដែរ​»​។

ក្នុង​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​តួ​ក​គី​មានតម្លៃ​សរុប​ប្រមាណ ៩០ ​លាន​ដុល្លារ​។ ដោយឡែក​ក្នុង​រយៈពេល​ ៨​ ខែ​ដើម​ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ៨៥ ​លាន​ដុល្លារ​។ មុខទំនិញ​សំខាន់ៗ​សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​រួមមាន វាយនភណ្ឌ​និង​សម្លៀកបំពាក់ ស្បែកជើង អង្ករ កៅស៊ូ គ្រឿង​បរិភោគ បរិធាន​អគ្គិសនី យានយន្ត រ៉ែ ជាដើម​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម​៕