កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ​ដែល​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ចុះបញ្ជី​លើ​ផ្សារ​ហ៊ុន​ទទួលបាន​ប្រាក់ចំណូល​ជាង​ ៣០ ​លាន​ដុល្លារ​ពី​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​រយៈពេល​ ៩ ខែ​ដំបូង ពោលគឺ​កើនឡើង​ ២១ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន បើទោះបីជា​ភាព​មិន​ប្រាកដប្រជា​សេដ្ឋកិច្ច​សកល និង​តំបន់​ដែល​បណ្តាលមកពី​ការរីក​រាលដាលរ​ជំងឺ​កូវីដ​ ១៩ រយៈពេល​យូរ និង​សង្គ្រាម​អ៊ុយក្រែន​ក៏ដោយ​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មិនទាន់​បានធ្វើ​សវនកម្ម​ដែល​បាន​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ ប្រាក់ចំណូល​សរុប​របស់ PPAP​ ដែលជា​ចំណូល​ពី​ប្រតិបត្តិការ​ផែ​មាន​តម្លៃ​ជាង ២៥ ​លាន​ដុល្លារ កើនឡើង ២៦​ ភាគរយ​។​ចំណូល​ពី​អាជ្ញាធរ​ផែ​មានតម្លៃ​ជាង ៣,១៩ លាន​ដុល្លារ កើនឡើង​​ ២០ ភាគរយ​ ចំណូល​ពី​សេវាកម្ម​ផ្សេងៗ​មាន​តម្លៃ​ ២១២ ២៨៧ ដុល្លារ ធ្លាក់ចុះ ១៣ ភាគរយ​ ចំណូល​ផ្សេងៗ​មាន​តម្លៃ​ជិត ១,៩ ​លាន​ដុល្លារ​ធ្លាក់ចុះ ១៣ ​ភាគរយ​។

ថ្លែង​ទៅកាន់​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោកស្រី​ គឹម សុផានីតា​ នាយិកា​ CSX ទទួល​បន្ទុក​ប្រតិបត្តិការ​ទីផ្សា​មាន​ប្រសាសន៍​ថា ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​របស់​រដ្ឋាភិបាល ជា​កាតាលីករ​ក្នុងការ​ជំរុញ​ឱ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​។

នៅ​ខែ​កក្កដា PPAP គ្រោង​នឹង​ពង្រីក​ចំនួន​ចំណត​ផែ​រណប​ក្រោម​ការត្រួតពិនិត្យ​របស់​ខ្លួន​ចំនួន ៧ ដើម្បី​ធានាបាន​នូវ​ភាព​ងាយស្រួល​កាន់តែ​ច្រើន​សម្រាប់​អតិថិជន និង​កាត់បន្ថយ​ការចំណាយ និង​សន្សំ​ពេលវេលា​។

កាលពី​ខែ​មីនា លោក​ ហ៊ឺ បាវី ​អគ្គនាយក​ PPAP ​ដែល​ពុំ​អាច​ទាក់ទង​បាន​កាលពី​ម្សិលមិញ ធ្លាប់​បាន​មាន​ប្រសាសន៍​ថា អត្រា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូរ៉ូណា​កម្រិត​ខ្ពស់​នៅក្នុង​តំបន់ និង​កន្លែង​ផ្សេង​ទៀត​បាន​អភិវឌ្ឍ​ក្នុង​កម្រិត​ប្រកបដោយ​អត្ថន័យ​នៃ​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ផលប៉ះពាល់​ជំងឺ​កូវីដ​ ១៩ និង​ជំរុញ​ឱ្យ​ប្រទេស​នានា​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​យ៉ាង​ទូលំទូលាយ​។ លោក​បាន​អះអាងថា ការណ៍​នេះ​នឹង​បង្កើន​កុងតឺន័រ​ឆ្លងកាត់​នៅ​ចំណត​កំពង់ផែ​នេះ​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ PPAP ក្នុង​រយៈពេល ៩ ​ខែ​ដំបូង បរិមាណ​ដឹកជញ្ជូន​ទំនិញ និង​ប្រេងឥន្ធនៈ​តាមរយៈ​កំពង់ផែ​មាន​ជាង​ ៣ ​លាន​តោន កើនឡើង ៥,២៣ ភាគរយ​។ នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មាន​ចំនួន​ ២,៧៤៣ ជើង កើនឡើង​ ៥៧,២៨​ ភាគរយ​។ នាវា​ទេសចរណ៍​មាន​ចំនួន​ ១៦ ជើង​កើនឡើង​ ១៦ ​ភាគរយ​បរិមាណ​កុងតឺន័រ​មាន​ចំនួន​ ៣២៩,០៤៣ TEUs ​កើនឡើង​ ២៨,៣៣​ ភាគរយ​ និង​បរិមាណ​អ្នកដំណើរ​មាន​ចំនួន ៨៦៨ ​នាក់ កើនឡើង​ ៨៦៨ ភាគរយ​៕