ភ្នំពេញៈ កម្ពុជា​ទទួលរង​នូវ​ឱនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ប្រមាណ ២៧ ​ភាគរយ ឬ​គិត​ជា​ប្រាក់​ប្រមាណ ៦,៥​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ​ខែ​ដើម​ឆ្នាំនេះ ខណៈ​ក្រុម​អ្នកសេដ្ឋកិច្ច​បាន​អះអាង​ថា ឱនភាព​ពាណិជ្ជកម្ម​នេះ​មិនបាន​បង្ហាញ​សញ្ញា​អវិជ្ជមាន​ដល់​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ឬ​ជំរុញ​ឱ្យ​មាន​កំណើន​គំហុក​នៃ​អតិផរណា​នោះទេ តែ​វា​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​ល្អប្រសើរ ​បន្ទាប់ពី​ភាព​ធូរស្រាល​នៃ​ការ​​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ជំរុញ​ឱ្យ​មាន​ការកើនឡើង​នៃ​តម្រូវការ​ក្នុងស្រុក​។

យោងតាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​​ កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែតុលា ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​សរុប​មាន​ទឹកប្រាក់​ជាង​ ៤១ ​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ការនាំចេញ​សរុប​មាន​ទឹកប្រាក់​ជាង ១៧ ​ពាន់​លាន​ដុល្លារ​កើនឡើង​ជាង ២២ ​ភាគរយ ខណៈ​ទឹកប្រាក់​ការនាំ​ចូល​សរុប​មាន​ជាង ២៣,៧ ​ពាន់​លាន​ដុល្លារ ដែល​ធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព​ជាង ៦,៥ ​ពាន់​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការ​កើនឡើង​ការ​នាំចូល​នេះ​ឆ្លុះបញ្ចាំង​ពី​សម្ទុះ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយសារ​តែ​ការកើនឡើង​នេះ គេ​អាច​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២១ ដែល​ប្រទេស​កម្ពុជា​យើង​ជួបប្រទះ​នឹង​វិបត្តិ​សុខភាព​។

លោក​ថ្លែងថា​៖ «​នៅពេល​វិបត្តិ​សុខភាព​បាន​ធូរស្រាល គឺ​វា​ទាមទារ​ឱ្យ​យើង​ធ្វើការ​នាំចូល​ច្រើន​ ដោយសារ​តែ​យើង​មិនអាច​ផលិត​គ្រប់​តម្រូវការ​បាន​ភ្លាមៗ​ទេ ណា​មួយ​ការនាំ​ចូល​នេះ​ក៏មាន​វត្ថុ​ធាតុដើម​ទៅ​បំពេញ​ក្នុង​វិស័យ​ផលិតកម្ម​ផងដែរ​។ ខ្ញុំ​សង្កេតឃើញ​ថា​ការកើនឡើង​ការនាំ​ចូល​នេះ គឺ​វា​មិន​ចោទ​ជា​បញ្ហា​ដល់​សេដ្ឋកិច្ច​របស់​យើង​ទេ ដោយសារ​តែ​យើង​ឃើញថា ការនាំចេញ​របស់​យើង​ក៏មាន​កំណើន​ច្រើន​ដែរ​»​។

លោក​បាន​ពន្យល់​ថា បើ​ក្រឡេក​ទៅ​មើល​កំណើន​នៃ​ការនាំចេញ និង​ការនាំចូល គឺ​ការនាំចេញ​មាន​ស្ថានភាព​កាន់តែ​ប្រសើរ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ការនាំចូល​នូវ​វត្ថុធាតុដើម​ចាំបាច់​មួយចំនួន​ ដើម្បី​បំពេញ​ក្នុង​វិស័យ​ផលិតកម្ម​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា បើ​យើង​បង្កើន ឬ​រក្សា​ការនាំចេញ​ក្នុង​រង្វង់​ចាប់ពី​ ២០ ​ភាគរយ ខណៈ​ការ​នាំចូល​កើន​ក្នុង​រង្វង់​ជាង ១០​ ភាគរយ​នេះ គឺ​បង្ហាញ​ថា ដំណើរការ​សេដ្ឋកិច្ច​របស់​យើង​ល្អ ដូច្នេះ​ប្រហែល ១០ ​ឆ្នាំ​ទៅមុខ យើង​នឹង​ឃើញ​ជញ្ជីង​ទូទាត់​យើង​មាន​ភាពវិជ្ជមាន​វិញ​។ ដូច្នេះ​នៅក្នុង​ករណីនេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ជំរុញ​វិស័យ​ឧស្សាហកម្ម​ធុន​តូច និង​មធ្យម​ឱ្យមាន​ខ្លាំង​ទប់​ជាមួយ​ការនាំ​ចូល ធ្វើ​ដូច្នេះ​គឺ​យើង​អាច​ពង្រឹង​ផលិតកម្ម​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​»​។

លោក ចាន់ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​របស់​លោក​កាលពីពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​អតិផរណា​ថា ប្រទេស​មួយ​ចំនួន​កំពុង​ដោះស្រាយ​បញ្ហា​អតិផរណា​តាមរយៈ​ការដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារកណ្ដាល​ ដែល​ជា​ធនាគារ​រដ្ឋ​មាន​ឥទ្ធិពល​ទៅលើ​បរិមាណ​ប្រាក់កម្ចី ដើម្បី​កាត់បន្ថយ​តម្រូវការ​ដែល​ធ្វើឱ្យ​ទំនិញ​ចុះថ្លៃ ឬ​មិន​បន្ត​ឡើង​ទៀត​។

លោក​ចោទ​ជា​សំណួរ​សម្រាប់​ករណី​ប្រទេស​កម្ពុជា​ថា នៅ​ប្រទេស​កម្ពុជា​តើ​គួរ​មាន​ចំណាត់ការ​ដូច​ប្រទេស​អ្នកមាន​ដែរឬទេ​ក្នុង​ការ​គ្រប់គ្រង​អតិផរណា​? ពោលគឺ​គួរ​មាន​វិធាន​ការបន្ថយ​តម្រូវការ​តាម​វិធី​បន្ថយ​លំហូរ​សាច់ប្រាក់​នៅ​ទីផ្សារ​ដែរឬទេ​?

លោក​បាន​បកស្រាយ​ថា​៖ «​ខ្ញុំ​យល់ថា យើង​មិនគួរ​ធ្វើ​ដូច​គេ​ទេ​។ យើង​គួរពិនិត្យ​មើល​ការកាត់បន្ថយ​តម្រូវការ​ទំនិញ​ប្រើប្រាស់​នាំចូល​ពី​គេ​ដែល​មិន​ចាំបាច់​។ ក៏ប៉ុន្តែ​ការបន្ថយ​តម្រូវការ​ជាទូទៅ​នឹង​ប៉ះពាល់​ដល់​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​ខ្វះខាត​។ គួរ​មាន​គោលនយោបាយ​បង្កើន ឬ​រក្សា​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ខ្វះខាត និង​បង្កើន​ប្រសិទ្ធភាព​ការផលិត​ទំនិញ​ដែលមាន​តម្រូវការ ជាពិសេស​ស្បៀង​ដែល​មាន​សារៈសំខាន់​សម្រាប់​ជីវិត​»​។

កាលពី​ចុងខែ​កញ្ញា ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ពិតប្រាកដ​របស់​កម្ពុជា នឹង​កើនឡើង​ដល់ ៤,៨​ ភាគរយ សម្រាប់​ឆ្នាំ​ ២០២២ នេះ​ដែល​គាំទ្រ​ដោយ​ការកើនឡើង​នៃ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ និង​ឧស្សាហកម្ម​ផលិត​កង់ ក៏ដូចជា​កសិកម្ម ដែល​បន្ត​គាំទ្រ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​៕