ភ្នំពេញៈ ​ការ​បើក​​ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ពី​​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ និង​​​ការ​ចង់​ឃើញ​ពី​ភាព​រីក​ចម្រើន​​វិស័យ​សំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្ត ជួយ​ឱ្យ​ខេត្ត​ព្រះ​សីហនុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​ចាប់​តាំង​ពី​ដើម​ខែ​តុលា​មក​។ ជាក់ស្តែង​រយៈពេល​ ២​ ថ្ងៃ​(ថ្ងៃ​ទី​ ១៥-​១៦ ​ខែ​តុលា)​ ចុង​សប្តាហ៍​កន្លង​មក មាន​ភ្ញៀវ​ទេសចរ​ប្រមាណ ១២៥ ០០០ ​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ឆ្នេរ​​ក្នុង​ខេត្ត​ព្រះសីហនុ។ នេះ​តាម​តួលេខ​​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។

តួលេខ​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​តុលា ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​​មក​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​នា​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ កន្លង​មក​ មាន​ចំនួន​សរុប ១២៥ ០០០ ​នាក់ ក្នុង​នោះ​ថ្ងៃ​សៅរ៍​ មាន​​ប្រមាណ ជាង ៦០ ០០០​នាក់​។

បើ​យោង​តាម​រដ្ឋបាល​ខេត្ត៖​ «​កំណើន​ភ្ញៀវ​ទេសចរ​នេះ គឺ​ក្រោយ​មាន​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ព្រះសីហនុ រយៈ​ពេល​ ១ ​​ខែ គឺ​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃ​ទី ​៣១ ខែ​តុលា ឆ្នាំ​ ២០២២ ដោយ​​មិនមាន​​ការ​បង់​ប្រាក់ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អ​ប្រសើរ ដែល​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ចង់​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ»​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ទី១ ៧ ខែ​តុលា​ថា កំណើន​ភ្ញៀវ​​​ដ៏​ច្រើន​ដែល​​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​ គឺ​បណ្តាល​មក​ពី​មូលហេតុ​ចម្បងៗ​មួយ​ចំនួន​ដូចជា​ការ​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿនលឿន​(មិន​គិត​ថ្លៃ), ការ​ចង់​ឃើញ​ភាព​រីក​ចម្រើន​សំណង់​អគារ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីៗ​ក្នុង​​ខេត្ត, និង​ការ​នាំ​ក្រុមគ្រួសារ​មក​មុជទឹក​សមុទ្រ​បន្ទាប់​ពី​អាក់​ខាន​ជាង ២ ​ឆ្នាំ​ដោយសារ​តែ​វត្តមាន​ជំងឺ​កូវីដ​ ១៩​។​ លោក​បន្ត​ថា ទោះ​យ៉ាង​ណា​កំណើន​ភ្ញៀវ​នាពេល​នេះ គឺ​ជា​ទេសចរណ៍​ផ្ទៃ​ក្នុង​តែ​ប៉ុណ្ណោះ ខណៈ​ភ្ញៀវ​ទេសចរ​មក​ពី​ក្រៅ​ប្រទេស​នៅ​មិន​ទាន់​កើន​ទេ។

លោក​និយាយ​ថា៖ ​«​ក្នុង​នាម​អាជ្ញាធរ​យើង​ពិតជា​រីករាយ​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​យើង​ក៏​ត្រូវ​​ខំ​បន្ថែម​​ទៀត​ក្នុង​ការ​​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​​វិស័យ​ទេសចរណ៍​កម្ពុជា​នៅលើ​ឆាក​អន្តរ​ជាតិ​ តាមរយៈ​ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ធំៗ, ការ​ធានា​សុវត្ថិភាព, ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី, និង​​សេវាកម្ម​​​មាន​លក្ខណៈ​ស្តង់ដា​​​បន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ឱ្យ​ពួកគេ​ធ្វើដំណើរ​​មក​កម្ពុជា​បាន​កាន់តែ​​ច្រើន​»។

លោក​លើក​ឡើង​​ថា សម្រាប់ភ្ញៀវ​មក​ពី​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់​ គឺ​មាន​វិញ​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​មក​ពី​ប្រទេស​ឆ្ងាយៗ គឺ​នៅ​មាន​ចំនួន​តិចតួច​បំផុត​នៅ​ពេល​នេះ​។​ ជាក់ស្តែង​ភ្ញៀវ​ជនជាតិ​ចិន​ដែល​ពីមុន​មាន​យ៉ាង​ច្រើន គឺ​ពេល​នេះ​មិន​សូវ​មាន​ទេ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​​កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាន​និយាយ​ថា កំណើន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល ២-៣ ​សប្តាហ៍​មក​នេះ​ បាន​បង្ហាញ​ថា វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ចាប់ផ្តើម​មាន​ដំណើរការ​ឡើង​វិញ​ហើយ។ កំណើន​​ទេសចរ​ដ៏​ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ គឺ​ជាប់​ទាក់ទង​ច្រើន​​នឹង​ការ​បើក​ឱ្យ​ប្រើ​​ផ្លូវ​ល្បឿន​លឿន​ ខណៈ​ការ​រៀបចំ​ទីក្រុង និង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីនោះ​ក៏​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ​។

និយាយ​សំដៅ​ដល់​សណ្តាប់ធ្នាប់​នៅ​តាម​មាត់​ឆ្នេរ​សមុទ្រ លោកស្រី ស៊ីវលីន បាន​បញ្ជាក់​ថា ការរៀបចំ​របស់​រដ្ឋបាល​ខេត្ត​ចំពោះ​កន្លែង​អង្គុយ​លេង កន្លែង​លក់​ដូរ ចំណត និង​កន្លែង​កម្សាន្ត​នានា គឺ​មាន​សណ្តាប់ធ្នាប់​ល្អ​ជាង​មុន​ច្រើន​។

លោកស្រី​បាន​បញ្ជាក់​ថា៖ ​«​ភាព​ល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ គឺ​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ និង​ប្រាក់​ចំណូល​ដល់​ផ្នែក​ពាក់ព័ន្ធ​ដូចជា​ ភោជនីយដ្ឋាន កន្លែង​ស្នាក់នៅ សេវា​​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​ជួយ​បង្កើន​ចំណូល​ជាតិ​ផង​ដែរ​»។

ខេត្ត​ព្រះសីហនុ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង និង​ជា​តារារះ​នា​ទិស​និរតី ដែល​មាន​ខេត្ត​ជាប់​សមុទ្រ ៤ មាន​ដូច​ជា ខេត្តព្រះ​សីហនុ ខេត្ត​កោះកុង ខេត្ត​កែប និង​ខេត្ត​កំពត៕