ភ្នំពេញ៖ភ្ញៀវ​ទេសចរ​ជិត​ ១ ​លាន​នាក់​បាន​ធ្វើការ​ដំណើរ​កម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​សប្តាហ៍​ទី​២ ​ដោយ​មាន​កំណើន​ ១៥០,៤៥ ​ភាគរយ​ធៀប​នឹង​សប្តាហ៍​ទី​១ ​នៃ​ខែ​តុលា​នេះ ស្របពេល​ដែល​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ប្រារព្ធ​កម្មវិធី​ចំ​ព្រឹត្តិការណ៍​ប្រណាំងទូក ជាពិសេស​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​កាលពី​ដើម​ខែ​តុលា​នេះ​។

យោងតាម​របាយការណ៍​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១៨ ខែ​តុលា ចំនួន​ភ្ញៀវ​ទេសចរ​ទូទៅ​ក្នុង​សប្តាហ៍​ទី​២ (​ចាប់ពី​ថ្ងៃទី​ ១០-១៦ ខែ​តុលា ២០២២) ឡើង​ដល់​ចំនួន​ ៩៣៨៩២៨ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ ៩១៤៥៤៣ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ​២៤៣៨៥ ​នាក់​។

សម្រាប់​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្ត​កំពង់ចាម​មាន​ចំនួន ៤០១៩២៩ ​នាក់​; ខេត្ត​ព្រះសីហនុ មាន​ចំនួន ១៣៩៥៩១ ​នាក់​;​ខេត្ត​បាត់ដំបង មាន​ចំនួន​ ១៣៥៨៩៩ ​នាក់​; ខេត្ត​ព្រៃវែង មាន​ចំនួន​ ​៦៨៥២៥ ​នាក់​; ខេត្ត​ពោធិ៍សាត់​មាន​ចំនួន ៥៩៨៤៥ ​នាក់​; ខេត្ត​សៀមរាប​មាន​ចំនួន ២៧៨២២ ​នាក់​និង​ខេត្ត​កំពត​មាន​ចំនួន ២៣២៤៦ ​នាក់​។

ក្រសួង​បាន​អះអាង​ថា​៖ «​កំណើន​ភ្ញៀវ​ផ្ទៃក្នុង​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក ដោយសារ​រដ្ឋបាលខេត្ត​កំពង់ចាម ព្រៃវែង និង​ពោធិ៍សាត់​បាន​រៀបចំ​ពិធី​ប្រណាំងទូក បណ្តែតប្រទីប អុជ​កាំជ្រួច និង​តាំងពិព័រណ៍ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​»​។

«ទន្ទឹម​នឹង​នេះ ខេត្ត​ព្រះសីហនុ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជាច្រើន​ក្នុង​រយៈពេល​ ២ ​សប្តាហ៍​ជាប់​គ្នា បន្ទាប់ពី​មានការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រយៈពេល​ ១​ ខែ ចាប់ពី​ថ្ងៃទី​ ១-៣១ ខែ​តុលា ឆ្នាំ​ ២០២២​។​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដែល​នៅជាប់​បណ្តោយ​ដង​ទន្លេ​បាន​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំងទូក ទៅតាម​ពេលវេលា​សមស្រប និង​ស្ថានភាព​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​» នេះ​បើ​យោងតាម​ការបញ្ជាក់​របស់​ក្រសួង​ទេសចរណ៍​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី បាស៊ីហ្វិក​ (PATA) បាន​សាទរ​ចំពោះ​ការកើនឡើង​នៃ​ភ្ញៀវ​ទេសចរ​នេះ ដែល​វា​បាន​ឆ្លុះបញ្ចាំង​អំពី​ការវិវឌ្ឍ​ដ៏​ល្អ​មួយ​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ដែល​ត្រូវបាន​ញាំញី​ដោយ​បញ្ហា​វិបត្តិ​សុខភាព​សកល​អស់​រយៈពេល​ជាង​ ២ ​ឆ្នាំ​មក​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ដំណើរការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ដែល​ប្រជាពលរដ្ឋ​គាត់​មាន​ទំនុកចិត្ត​ក្នុង​ការដើរ​កម្សាន្ត​ជាង​មុន​។ ជាមួយ​គ្នា​នេះ​ដែរ​យើង​ក៏​សង្កេត ឃើញ​បណ្តា​ខេត្ត​មួយ ចំនួន​ក៏បាន​រៀបចំ​ប្រណាំងទូក​ជាពិសេស​ការដាក់​ឱ្យ​ដំណើការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ដែល​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​ច្រើន​ផងដែរ​»​។

លោក តាំង សុចិត្រ​គ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​កាលពី​ថ្ងៃទី​ ១៧ ខែ​តុលា​ថា កំណើន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​បណ្តាល​មកពី ការបើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ (​មិន​គិត​ថ្លៃ​), ការចង់​ឃើញ​ភាព​រីកចម្រើន​សំណង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ក្នុង​ខេត្ត​។ ទោះយ៉ាងណា លោក​ថា កំណើន​ភ្ញៀវ​នា​ពេលនេះ គឺជា​ទេសចរ​ផ្ទៃក្នុង​តែ​ប៉ុណ្ណោះ ខណៈ​ភ្ញៀវទេសចរ​មកពី​ក្រៅប្រទេស​នៅ​មិនទាន់​កើនឡើង​នោះទេ​។

លោក​និយាយ​ថា​៖«​ក្នុងនាម​អាជ្ញាធរ​យើង​ពិតជា​រីករាយ​ចំពោះ​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​យើង​ក៏ត្រូវ​ខិតខំ​បន្ថែមទៀត​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​លើ​ឆាក​អន្តរជាតិ​»​។

លោក​លើកឡើង​ទៀត​ថា សម្រាប់​ភ្ញៀវទេសចរ​មកពី​ប្រទេស​ជិតខាង និង​ក្នុង​តំបន់ គឺ​មាន​វិញ​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​មកពី​ប្រទេស​ឆ្ងាយៗ គឺ​នៅមាន​ចំនួន​តិចតួច​បំផុត​នៅ​ពេលនេះ​៕