ភ្នំពេញៈ ក្រុមហ៊ុន​អាជីវកម្ម​ចំនួន ៣ ៧៨៩ បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាមរយៈ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន «Single Portal»​ក្នុង​រយៈពេល​ជាង ​៤ ​ខែ​កន្លងមក ដែល​ធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី​តាម Single Portal កើន​ដល់ ១៨ ៤៦៥ ​។ នេះ​បើតាម​សេវាកម្ម Online Business Registration Service​។

ដើម្បី​សម្រួល​ដល់​ការចុះបញ្ជី​អាជីវកម្ម រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​ ២០២០ បាន​ដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា «Single Portal» ដោយ​ដាក់​បញ្ចូល​ក្រសួង​-​ស្ថាប័នរដ្ឋ ៦ គឺ​ក្រសួង​មហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ពាណិជ្ជកម្ម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ បន្ទាប់ពី​ដំណើរការ​បាន ៣ ​ខែ នៅ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២០ រដ្ឋាភិបាល​ក៏បាន​បញ្ចូល​ក្រសួង​-​ស្ថាប័ន មួយ​ចំនួន​បន្ថែមទៀត រួមមាន ក្រសួង-​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​ទេសចរណ៍​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, និង​និយតករ​អាជីវកម្ម​អចលនទ្រព្យ និង​បញ្ចាំ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។

បើ​យោងតាម Online Business Registration Service គិត​ត្រឹម​ល្ងាច​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០២២ ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​ចំនួន​សរុប ១៨ ៤៦៥ ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ​ ២០២២ ដែលជា​ថ្ងៃ​ខួប ២ ​ឆ្នាំ​នៃ​ការឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ Single Portal គឺមាន​ក្រុមហ៊ុន​ចុះបញ្ជី​ដោយ​ជោគជ័យ ១៤ ៦៧៦ ​។

បើតាម Online Business Registration Service ក្រៅពី​ក្រុមហ៊ុន​ដែល​ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី​ខាងលើ​ក៏មាន​ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ​ (Under Re-view) ​ចំនួន ១ ៦៩៨, ក្រុមហ៊ុន​ដែល​បានស្នើ​នាមករណ៍​បម្រុង​ទុក​ដោយ​ជោគជ័យ ចំនួន ១២ ០៧៣ និង​កំពុង​ត្រួតពិនិត្យ​មាន​ចំនួន ៣៥៥ ​។ ចំនួន​ថ្ងៃជា​មធ្យម​ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន គឺ​រយៈពេល ៨ ​ថ្ងៃ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៨ ខែតុលា​ថា ការចុះបញ្ជី​តាម​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការតភ្ជាប់​ទិន្នន័យ​ទៅនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ក្នុងពេល​តែ​ ១ គឺ​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ទាំង​សម្រាប់​រដ្ឋាភិបាល​ (​ការគ្រប់គ្រង​ប្រមូល​ពន្ធ​) និង​ម្ចាស់​អាជីវកម្ម​នៅពេល​ជួប​បញ្ហា​ប្រឈម​នានា​។

លោក​ពន្យល់​ថា តាមរយៈ​ការចុះបញ្ជី​នេះ​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ភាពងាយស្រួល​ក្នុង​ការរៀបចំ​គោលនយោបាយ​ជួយ​ដល់ SME (​សហគ្រាស​ធុន​តូច និង​មធ្យម​) ​ដើម្បី​ទទួល​បាន​ការបណ្តុះបណ្តាល​ជំនាញ ការលើក​ទឹកចិត្ត ឬ​ការលើកលែង​ពន្ធ​ជាដើម​។ ចំណែក​ម្ចាស់​អាជីវកម្ម ក្រៅពី​ទទួល​បាន​ភាពស្របច្បាប់ អាជីវកម្ម​របស់​ពួកគេ​ក៏​អាច​មាន​បញ្ជីចំណូល​ចំណាយ​ច្បាស់លាស់ ដែល​បង្ក​ភាពងាយស្រួល​ដល់​ពួកគេ​នៅពេល​ត្រូវការ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដើម្បី​យក​ទៅ​ទ្រទ្រង់ ឬ​ពង្រីក​អាជីវកម្ម​។

លោក​បញ្ជាក់​ថា​៖ «​សម្រាប់​កំណើន​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​រហូតដល់​ជិត ៤ ​ពាន់​ក្នុង​រយៈពេល​ប្រមាណ​ ៤ ​ខែ​មកនេះ គឺ​ដោយសារ​កន្លងមក​រដ្ឋាភិបាល​បានដាក់​ឱសានវាទ​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ឱ្យមក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​»​។

លោក​លើកឡើង​ទៀតថា ប្រសិនបើ​នីតិវិធី​នេះ​ត្រូវ​បាន​សម្រួល​ឱ្យ​កាន់តែ​ងាយស្រួល​ថែមទៀត​នោះ គឺ​កាន់តែ​ល្អ និង​អាច​ជំរុញ​ទឹកចិត្ត​ឱ្យ​អ្នក​កំពុង​ប្រកប​អាជីវកម្ម​ទៅ​ចុះបញ្ជី​កាន់តែ​ច្រើន ហើយ​ទន្ទឹម​ហ្នឹង​នោះ អាជ្ញាធរ​គួរតែ​ធ្វើការ​ផ្សព្វផ្សាយ និង​ពន្យល់​ឱ្យ​ម្ចាស់​អាជីវកម្ម​យល់​កាន់តែ​ច្បាស់​ពី​ប្រព័ន្ធ​នៃ​ការបង់​ពន្ធដារ​ផងដែរ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ថា ការចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម​ដែល​មាន​ភាពងាយស្រួល គឺ​មិន​ត្រឹមតែ​ជួយ​ដល់​អ្នក​កំពុង​ប្រកប​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​ចុះបញ្ជី​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ ក្រៅពី​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋ​វា​ក៏​ជួយ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ទំនុកចិត្ត និង​ទីផ្សារ​កាន់តែ​ធំ​ទៀតផង​។

លោក​អះអាង​ថា​៖ «​នៅពេល​ក្រុមហ៊ុន​អាជីវកម្ម​មិន​មក​ចុះបញ្ជី ក៏​អាច​ធ្វើឱ្យ​ពួកគេ​បាត់​ឱកាស​ក្នុង​ការទទួល​បាន​ការ​លើកទឹកចិត្ត​មួយចំនួន ខណៈ​នីតិវិធី​ចុះបញ្ជី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ក៏​ជួយ​សន្សំ​ការចំណាយ ពេលវេលា និង​ការិយាធិបតេយ្យ​បាន​ច្រើន​ដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ខែ​មិថុនា ឆ្នាំ​ ២០២២ បាន​លើកឡើង​ថា ប្រព័ន្ធ​ចុះបញ្ជី «Single Portal» គឺជា​ផ្នែក​មួយ​នៃ​ការដ្ឋាន​កែទម្រង់​ប្រកប​ដោយ​ស្មារតី​បុរេសកម្ម​របស់​រដ្ឋាភិបាល ដោយ​ការបង្កើត​ប្រព័ន្ធ​នេះ​បាន​ឈរលើ​គោលការណ៍​ចំនួន ៣ រួមមាន ការកាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​, ការ​កាត់បន្ថយ​ចំណាយ​, និង​ការកាត់បន្ថយ​ពេលវេលា​ត្រួតពិនិត្យ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា ជាមួយ​នឹង​ការចូលរួម​សហការ​ស្អិតល្មួត​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏មាន​សក្តានុពល​លើ​ការផ្តល់​សេវាសាធារណៈ​ឌីជីថល និង​កាលានុវត្តភាព​ចំពោះ​សេដ្ឋកិច្ចជាតិ តាមរយៈ​ការចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​ជា​ស្នូល​»៕