ភ្នំពេញៈ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) និង​អ្នក​នាំចេញ​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ការ​អូសបន្លាយ​ពេល​នៃ​គ្រោះទឹកជំនន់ ដែល​បណ្តាល​មកពី​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ហើយ​កំពុង​បង្ក​ផលប៉ះពាល់​ទៅដល់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​មាន​សក្តានុពល ដែល​អាច​នឹង​ធ្វើ​ឱ្យមាន​ការថយចុះ​នូវ​កំណើន​ការនាំចេញ​នៅ​ដើមឆ្នាំ​ក្រោយ​។

យោងតាម​របាយការណ៍​បឋម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គិត​ត្រឹម​ថ្ងៃទី​ ១២ ខែតុលា ដំណាំ​ស្រូវ​ដែល​ទទួល​រង​ផលប៉ះពាល់​ ដោយសារ​ទឹកជំនន់ គឺមាន​ប្រមាណ​ជាង ២ ​សែន​ហិកតា ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​រង​ការខូចខាត​មាន​ជាង ៨៥ ​ពាន់​ហិកតា និង​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​អាច​ស្តារឡើងវិញ​មាន​ចំនួន​ជាង ៤៨​ ពាន់​ហិកតា​។

ប្រធាន CRF លោក សុង សារ៉ន បានបង្ហាញ​ក្តីកង្វល់​ចំពោះ​ការអូស​បន្លាយ​ពេល​នៃ​គ្រោះ​ទឹកជំនន់​ឆ្នាំនេះ​ ដែល​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​ដល់​ទិន្នផល​ដំណាំ​ស្រូវ​នៅ​តាម​បណ្តា​ខេត្ត​សក្តានុពល​ស្រូវ​-​អង្ករ​របស់​កម្ពុជា​។ លោក​លើកឡើង​ថា ការប្រែប្រួល​អាកាសធាតុ​បាន​បង្ក​នូវ​ក្តីបារម្ភ​ជារួម​នៃ​បណ្តា​ប្រទេស​ទាំងឡាយ​ជុំវិញ​ពិភពលោក ដែល​បង្ក​ឱ្យ​មាន​គ្រោះធម្មជាតិ ជាពិសេស​ទឹកជំនន់​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​។

លោក​ថ្លែងថា​៖ «​ទឹកជំនន់​ធំ​ឆ្នាំនេះ​ធ្វើឱ្យប៉ះពាល់​ដល់​បងប្អូន​កសិករ​យើង​ជាច្រើន​។ យើង​សង្កេតឃើញ មាន​ប្រជាពលរដ្ឋ​ខ្លះ​ប្រមូលផល​មិនទាន់​រួចរាល់​ផង​ក៏​ទទួលរង​នូវ​ទឹក​លិច​បណ្តាល​ឱ្យ​ខូចខាត​ដំណាំ​ស្រូវ​របស់​ពួកគាត់​»​។

លោក​បន្តថា​៖ «​ពេល​ទឹក​ស្រក​ចុះទៅ​វិញ​នោះ ប្រជាកសិករ​នឹង​ធ្វើការ​ដាំដុះ​ឡើងវិញ​ដែល​នឹងត្រូវ​ចំណាយពេល​ប្រមាណ ៤ ​ខែ ដូច្នេះ​ប្រាកដ​ណាស់​នឹង​ធ្វើឱ្យ​ការនាំចេញ​របស់​យើង​អាច​រាំងស្ទះ​ខ្លះៗ​ សម្រាប់​ដើមឆ្នាំ​ក្រោយ ដោយ​សារ​តែ​យើង​ពុំមាន​ស្រូវ​ដើម្បី​កិន​»​។

លោក អែនឌី ឡាយ អគ្គនាយក​ក្រុមហ៊ុន City Rice Import Export បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សម្រាប់​ឆ្នាំ​ ២០២២ ​នេះ ទឹក​បាន​ជន់​លិច​ខ្លាំង​នៅ​បណ្តា​ខេត្ត​សំខាន់​ដែល​ជា​ជង្រុក​ស្រូវ​កម្ពុជា​ដូចជា ខេត្តកំពង់ធំ បាត់ដំបង និង​ខេត្ត​បន្ទាយ​មានជ័យ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ខ្លះ​ដល់​ការនាំចេញ​នៅ​ដើម​ឆ្នាំក្រោយ​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​គិតថា​សម្រាប់​ឆ្នាំនេះ​ការនាំចេញ​របស់​យើង​គឺ​នឹង​មិនមាន​បញ្ហា​ទេ ប៉ុន្តែ​ការនាំចេញ​អាច​នឹង​មាន​ការធ្លាក់ចុះ​ខ្លះ​នៅ​ដើម​ឆ្នាំក្រោយ​ ដោយសារ​តែ​គ្រោះទឹកជំនន់​បាន​ជន់លិច​ស្រូវ​របស់​ប្រជាកសិករ​ដែល​ច្រូតកាត់​ពុំទាន់​រួចរាល់​»​។

បើ​យោង​តាម​លោក សារ៉ន សម្រាប់​ការនាំចេញ​អង្ករ​នៅក្នុង​ខែកញ្ញា និង​ខែ​តុលា កម្ពុជា​អាច​ចុះខ្សោយ​ ដោយសារ​ផលប៉ះពាល់​នៃ​ទឹកជំនន់​ធ្វើឱ្យ​ស្រូវ​មួយ​ចំនួន​ធំ​ត្រូវបាន​លិចលង់ ហើយ​រំពឹងថា​ការនាំចេញ​នឹង​ងើបឡើង​វិញ​នៅ​ចុង​ខែ​វិច្ឆិកា និង​ខែធ្នូ ពេល​ដែល​ការប្រមូល​ទិន្នផល​ស្រូវ​ផ្ការំដួល​ម្តងទៀត ប្រសិនបើ​ស្រូវ​ផ្ការំដួល​ទាំងនោះ​មិន​ទទួលរង​ផលប៉ះពាល់​អាក្រក់ ដូច្នេះ​រោង​ម៉ាស៊ីន​កិនស្រូវ​នានា​អាច​ប្រមូល​ទិញ​ ដើម្បី​កិន​នាំចេញ​ឡើងវិញ​។

លោក​បញ្ជាក់​ថា​៖ «​យើង​សង្ឃឹមថា រដ្ឋាភិបាល​នឹង​ផ្តល់​ពូជស្រូវ​ថ្មី​ដល់​ប្រជាកសិករ​នៅពេល​ទឹក​ស្រក​ ដើម្បី​ដាំដុះ​ឡើងវិញ​។ ពេលនេះ​យើង​កំពុង​រង់ចាំ​របាយការណ៍​ចុងក្រោយ​របស់​ក្រសួង​កសិកម្ម និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ថា​តើ​ផលប៉ះពាល់​មាន​កម្រិតណា ហើយ​ការដាំដុះ​ឡើងវិញ​ចំនួន​ប៉ុន្មាន ដូច្នេះ​យើង​អាច​វាយតម្លៃ​ថា យើង​នឹងមាន​ស្រូវ​ សម្រាប់​កិន​នាំចេញ​បាន​ប៉ុន្មាន​»​។

យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​ទទួល​បាន ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​សម្រាប់ ៣ ត្រីមាស ឆ្នាំ​ ២០២២ គឺ​កើនឡើង ១០ ​ភាគរយ​ដែលមាន​បរិមាណ​សរុប ៤៤៩ ៣២៥ ​តោន ដោយ​គិត​ជា​ប្រាក់​គឺ​ចំនួន ២៨៦,៩០ ​លាន​ដុល្លារ​។ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ ២ ៣៥៧ ៦៧៤ ​តោន ដែល​មាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ ៥៦៣,៥៤​ លាន​ដុល្លារ ក្នុង​រយៈពេល​ ៩​ ខែ​នៃ​ឆ្នាំ​ ២០២២៕

វីដេអូ៖