
កុងតឺន័រផ្ទុកទំនិញសម្រាប់នាំចេញជាច្រើននៅក្នុងកំពង់ផែស្វយ័តភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអាមេរិកក្នុងទឹកប្រាក់ប្រមាណជាង ៧ ពាន់លានដុល្លារ នារយៈពេល ៩ ខែដើមឆ្នាំ ២០២២ កើនឡើងជាង ២៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈពាណិជ្ជកម្មទ្វេភាគី កើនឡើង ២៨ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៧ ២៩៧,៥ លានដុល្លារ កើន ២៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៥ ៧០២,៩៨ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅអាមេរិកមានចំនួន ៧ ០៤៦,៧៥ លានដុល្លារកើនឡើង ២៩,៤ ភាគរយពីចំនួន ៥ ៤៤៥,៨៧ លានដុល្លារ និងទំនិញនាំពីអាមេរិកមកកម្ពុជាមាន ២៥០,៧៤ លានដុល្លារ ធ្លាក់ចុះ -២,៥ ភាគរយ ពីចំនួន ២៥៧,១២ លានដុល្លារ។
យោងតាមទិន្នន័យ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាពជាទឹកប្រាក់ចំនួន
៦ ៧៩៦,០១ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៨ ខែតុលាថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក វិបត្តិភូមិសាស្ត្រនយោបាយ និងការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅបន្តការគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក ក៏ប្រាក់ពីការនាំទំនិញទៅទីផ្សារអាមេរិកនៅតែកើនឡើង។ លោកបន្ថែមថា បច្ចុប្បន្នក្រៅពីផលិតផលវាយនភណ្ឌ អាមេរិកក៏បានទិញផលិតផលចម្រុះជាច្រើនពីកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសផ្តល់ការលើកលែងពន្ធនាំចូលផលិតផលបន្ទះសូឡាផលិតក្នុងប្រទេសចំនួន ៤ នៅតំបន់អាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម។
លោកបន្តថា តម្លៃដឹកជញ្ជូនដែលធ្លាក់ចុះបន្ទាប់ពីកើនឡើងយ៉ាងខ្ពស់កាលពីអំឡុងការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ (ឆ្នាំ ២០២០-២០២១) ក៏ជាចំណែកជួយឱ្យកម្ពុជារក្សាបានសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា ពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិកនឹងកើនឡើងទៀត ពិសេសការនាំចេញរបស់កម្ពុជា។ ការអនុម័តឱ្យក្រុមហ៊ុនវិនិយោគជាច្រើនពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជួយឱ្យសមត្ថភាពផលិតនៅកម្ពុជាមានទំហំកាន់តែធំ»។
ភាគច្រើននៃផលិតផលដែលកម្ពុជានាំទៅអាមេរិក គឺសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង កង់ និងគ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី ខណៈទំនិញអាមេរិកនាំមកកម្ពុជាគឺជារថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថជាដើម។ នេះបើយោងតាមលោក លឹម ហេង។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា ការរំដោះប្រទេសចេញពីវិបត្តិកូវីដ ១៩ បានឆាប់រហ័សជួយឱ្យកម្ពុជារក្សាបាននូវភាពខ្លាំងក្នុងការផលិត និងនាំចេញទំនិញទៅទីផ្សារអន្តរជាតិ។ លោកបន្តថា អាមេរិក គឺជាទីផ្សារទទួលទិញទំនិញធំជាងគេរបស់កម្ពុជា។
លោកបញ្ជាក់ថា៖ «ទោះមានក្តីបារម្ភពីការធ្លាក់ចុះការបញ្ជាទិញផលិតផលវាយនភណ្ឌពីកម្ពុជា ប៉ុន្តែបច្ចុប្បន្នកម្ពុជាក៏មានផលិតផលផ្សេងជាច្រើនមុខទៀតសម្រាប់នាំទៅទីផ្សារអាមេរិកផងដែរ»។
អាមេរិក គឺជាប្រទេសទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ តាមពីក្រោយដោយប្រទេសវៀតណាម មាន ១ ៥៥៩,៩៩ លានដុល្លារ, ជប៉ុន ៨៩៧,៦៩ លានដុល្លារ, ចិន ៨៩៥,៤៦ លានដុល្លារ, និងកាណាដា ៨៧៤,៨៦ លានដុល្លារ។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានតម្លៃ ៧ ៨២៦,៤៩ លានដុល្លារកើន ៤០,៤ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕