
មៀនបាត់ដំបង ហុង មិនា
ភ្នំពេញៈ ក្រុមហ៊ុន ពេជ្រចិន្តា គ្រោងនឹងនាំចេញផ្លែមៀនប៉ៃលិនស្រស់ សាកល្បងជាលើកដំបូង ក្នុងបរិមាណចន្លោះពី ២-៤ កុងតឺន័រទៅប្រទេសចិននៅខែវិច្ឆិកាខាងមុខ ខណៈនៅពេលនេះក្រុមហ៊ុនកំពុងរៀបចំនីតិវិធីមួយចំនួនដើម្បីនាំចេញ។
រដ្ឋាភិបាលចិន កាលពីខែកញ្ញា ឆ្នាំ ២០២២ បានសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែមៀនរបស់ខ្លួនជាផ្លូវការទៅទីផ្សារចិន។ បណ្តាញសង្គមផ្លូវការរបស់ស្ថានទូតប្រទេសចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ បានសរសេរថា ដំណាំមៀនកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ៧ ខែកញ្ញាដែលមានន័យថា ដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុង (ការត្រួតពិនិត្យលើទិដ្ឋភាពច្បាប់ គុណភាព និងភូតគាមអនាម័យCamGAP) ក្នុងការនាំចេញទៅប្រទេសចិន។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ លោក ភក់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ បានឱ្យដឹងថា នៅពេលនេះក្រុមហ៊ុនរបស់លោកកំពុងខិតខំពន្លឿននីតិវិធីនាំចេញ ពិសេសការដឹកជញ្ជូន ដើម្បីនាំចេញផ្លែមៀនសាកល្បងទៅប្រទេសចិន នៅខែក្រោយ ដែលអាចនឹងមានចំនួនចន្លោះពី ២-៤ កុងតឺន័រ ដោយក្នុង ១ កុងតឺន័រ មានទម្ងន់ប្រហែល ២៣ តោន ដូច្នេះអាចស្មើនឹងចន្លោះពីជិត ៥០ តោន ទៅ ៨០ តោន។ លោកបន្តថា ជាមួយគ្នានេះក្រុមហ៊ុនក៏កំពុងធ្វើការជាមួយសហភាពសហគមន៍មៀនកម្ពុជា (មានសមាជិកក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ) និងប្រជាកសិករផ្ទាល់ផងដែរ ដោយផ្តល់តម្លៃចាប់ពី ៣ ០០០ រៀលក្នុង ១ គីឡូក្រាមឡើងទៅ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុន ពេជ្រចិន្តា នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុក ដែលមានម្ចាស់ និងបុគ្គលិកបម្រើការជាជនជាតិខ្មែរមុនគេ ដែលនាំចេញមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិន ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនក្នុងស្រុក ឬពីក្រៅប្រទេស (ចិន និងថៃ ជាដើម) បានមកបើកអាជីវកម្មនៅកម្ពុជាដើម្បីនាំចេញទៅប្រទេសចិនដែរ។ ការនាំចេញនឹងធ្វើជាលើកដំបូងក្នុងខែវិច្ឆិកា ព្រោះវាជាពេលដែលមៀនប៉ៃលិនផ្តល់ផលច្រើន»។
លោកបានប្រាប់ទៀតថា សម្រាប់ការនាំចេញជាផ្លូវការនឹងចាប់ផ្តើមនៅពេលណានោះ គឺក្រុមហ៊ុននៅមិនអាចកំណត់នៅឡើយទេ ព្រោះដំណើរការចង្វាក់ផលិតកម្មមួយចំនួននៅមិនទាន់រួចរាល់ទេ ព្រោះត្រូវនៅរង់ចាំដកពិសោធន៍ពីការនាំចេញសាកល្បងនៅខែវិច្ឆិកា ជាមុនសិន។
ទាក់ទងនឹងគុណភាពផ្លែមៀនកម្ពុជា លោក សុផាន់បូរី បានប្រាប់ថា ជាទូទៅមៀនកម្ពុជាមានគុណភាពល្អ ខណៈការដាំដុះមៀន គឺគេត្រូវការបច្ចេកទេសដាំដុះ និងការថែទាំច្រើនផងដែរ ដើម្បីអាចទទួលបានផលខ្ពស់ និងគុណភាពកម្រិតស្តង់ដា។
លោកបានបញ្ជាក់ថា៖ «នៅពេលឆាប់ៗនេះក្រុមហ៊ុននឹងចាប់ផ្តើមធ្វើកិច្ចសន្យាប្រមូលទិញជាមួយនឹងប្រជាកសិករសម្រាប់បម្រើឱ្យការនាំចេញក្នុងបរិមាណច្រើន»។
បើតាមលោក សុផាន់បូរី ការដឹកជញ្ជូនពីកម្ពុជាទៅចិនអាចចំណាយពេលប្រហែល ១០ ថ្ងៃ ហើយប្រសិនបើលើសពីនេះ វាអាចនឹងមានផលប៉ះពាល់ខ្លះសម្រាប់គុណភាពរបស់ផ្លែមៀន។
ប្រធានសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានឱ្យដឹងថា ការសម្រេចរបស់អាជ្ញាធរចិនក្នុងការអនុញ្ញាតឱ្យកម្ពុជានាំចេញផ្លែមៀនស្រស់ដោយផ្ទាល់ទៅទីផ្សារប្រទេសចិន បានធ្វើឱ្យអ្នកវិនិយោគ ម្ចាស់ចម្ការធំៗ និងប្រជាកសិករដាំមៀននៅកម្ពុជារីករាយយ៉ាងខ្លាំង ខណៈកន្លងការនាំចេញគឺត្រូវពឹងផ្អែកលើប្រទេសជិតខាង ហើយពេលខ្លះគេមិនទិញទៀតផង ដែលធ្វើឱ្យអ្នកដាំត្រូវខាតបង់ប្រាក់ជាច្រើន។ ប្រទេសចិន គឺជាទីផ្សារដែលមានតម្រូវការច្រើន ដូច្នេះអ្នកដាំដុះនឹងលែងសូវបារម្ភនៅពេលប្រមូលផលទៀតហើយ។
លោកនិយាយថា៖ «រដូវប្រមូលផលកំពុងចូលមកដល់ ដូច្នេះបើការនាំចេញធ្វើបានកាន់តែឆាប់ និងបរិមាណកាន់តែច្រើន វានឹងជួយឱ្យប្រជាកសិករទទួលបានចំណូលគ្រួសារកាន់តែច្រើនផងដែរ»។
ក្រុមហ៊ុន ពេជ្រចិន្តា គឺជាក្រុមហ៊ុនកែច្នៃផលិតផលកសិកម្ម បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២១ នៅឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រុមហ៊ុននេះមានគោលដៅកែច្នៃមៀនប៉ៃលិន ស្វាយកែវរមៀត ម្នាស់ និងដំណាំមួយចំនួនផ្សេងទៀត ដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុងស្រុក និងនាំចេញ។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ ២០២១ កម្ពុជាមានផលិតកម្មមៀនប៉ៃលិន ប្រមាណជាង ១,៨ ម៉ឺនហិកតា ដោយបច្ចុប្បន្នអាចប្រមូលផលបានប្រមាណជាង ១៣១ ពាន់តោន ក្នុង ១ ឆ្នាំ៕