ភ្នំពេញៈ ស្ថាប័ន​ចំនួន ២ ​ដែល​តំណាង​ឱ្យ​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​ឯកភាព​គ្នា​ក្នុង​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការទារ​ប្រាក់កម្ចី និង​កាត់បន្ថយ​អត្រា​ការប្រាក់ ក៏ដូចជា​ការរៀបចំ​ឥណទាន​ឡើងវិញ​ជូន​អតិថិជន​ ដែល​រងគ្រោះ​ពី​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។

ការសម្រេច​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ដែលជា​សមាជិក​សមាគម​ធនាគារ​នៅ​កម្ពុជា ​(ABC) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) ត្រូវ​បាន​ធ្វើឡើង​ក្នុង​ថ្ងៃទី​ ១៩ ខែតុលា ដើម្បី​ផ្តល់​ការ​យោគយល់ និង​អនុគ្រោះ​ចំពោះ​អតិថិជន​ទទួលផល​ប៉ះពាល់​ជាក់ស្តែង​ ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៧ ខែតុលា ឆ្នាំ​ ២០២២​ ។ ជាមួយ​គ្នា​នេះដែរ ការផ្តល់​ជូន​នេះ​នឹងត្រូវ​ធ្វើឡើង​ស្របតាម​ស្មារតី​អង្គប្រជុំ​រវាង​សមាគម​ទាំង​ ២​ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​យោងតាម​សេចក្តី​ជូនដំណឹង​ពី​ធនាគារជាតិ​នៃ​កម្ពុជា លេខ ធ- ៧ ០២២.៨១៨ ស.ជ.ណ ចុះ​ថ្ងៃទី​ ១៨ ខែតុលា ឆ្នាំ​ ២០២២ ​។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់ថា​៖ «​ក្នុង​ស្មារតី​នេះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​សមាជិក​របស់​សមាគម​ទាំង​ ២​ នឹង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ក្របខ័ណ្ឌ​កិច្ចការពារ​អតិថិជន និង​បន្ត​ការអនុគ្រោះ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជា​សមាជិក​នៃ​សមាគម​ទាំង ​២ ​នឹង​ពិនិត្យ​លទ្ធភាព​ផងដែរ​ក្នុង​ការបន្ធូរបន្ថយ​អត្រា​ការប្រាក់ និង​កម្រៃ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​/​ឬ​លើកលែង​ការផាកពិន័យ និង​ចៀសវាង​ការ​រឹបអូស​ទ្រព្យ​ធានា​របស់​អតិថិជន​ប្រកប​ដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន​»​។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ CMA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៩ ខែតុលា​ថា រាល់​សមាជិក​របស់​សមាគម​បាន​យល់ព្រម​គ្នា​ក្នុង​ការផ្តល់​ការអនុគ្រោះ​នេះ​ដល់​អតិថិជន​ដែល​រងគ្រោះ​ ដោយសារ​ទឹកជំនន់​តាម​បណ្តា​ខេត្ត​រង​ផលប៉ះពាល់​ខ្លាំង​។

លោក​បញ្ជាក់ថា​៖ «​សមាជិក​របស់​យើង​ទាំង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ ដើម្បី​គាំទ្រ​ទៅដល់​អតិថិជន​របស់​យើង​នៅតាម​ខេត្ត​ដែល​ប៉ះពាល់​ដូចជា​ខេត្ត​កំពង់ធំ បាត់ដំបង សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​គិតថា​ផលប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​នេះ​នឹង​មិន​បង្ក​ផល​អាក្រក់​ដល់​ការ​ព្យាករ​កំណើន​នៃ​វិស័យ​នេះឡើយ​»​។

អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី បាន​និយាយ​ថា ជាធម្មតា​រាល់​បញ្ហា​របស់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​នេះ​គឺ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​តែង​គិតគូរ​ក្នុង​ការជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​គ្រប់​សមាជិក​យើង​ទាំងអស់​ដោយ​បាន​ធ្វើការ​សិក្សា​ទៅលើ​ក្របខ័ណ្ឌ​គតិយុត្ត និង​ប្រតិបត្តិការ​របស់​យើង​ ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការគាំទ្រ​អតិថិជន​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ និង​វិធីសាស្ត្រ​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​បន្ទុក​របស់​អតិថិជន​។ យើង​ក៏​កំពុង​ប្រមែប្រមូល​នូវ​អំណោយ​ពី​សមាជិក​របស់​យើង​ ដើម្បី​ផ្តល់​ទៅកាន់​សហគមន៍​ដែល​រងគ្រោះ​ផងដែរ​»​។

លោក​បាន​បន្ថែមថា ប្រទេស​កម្ពុជា​តែងតែ​ទទួល​រង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ ហើយ​ផលប៉ះពាល់​គឺ​តែងតែ​ខុសៗ​គ្នា​ពី ១ ​ឆ្នាំទៅ ១ ​ឆ្នាំ​។ ការកើនឡើង​នៃ​ទិន្នផល និង​ការធ្លាក់ចុះ​ទិន្នផល​គឺ​សុទ្ធតែ​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ​ផងដែរ​។ លោក​បាន​លើកឡើង​ថា វិស័យ​កសិកម្ម​គឺមាន​ចំណែក​ប្រមាណ ​១៩​ ភាគរយ​នៃ​ឥណទាន​សរុប​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ប្រកាស​ថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ចំនួន ៤ ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ គឺ​ខេត្ត​សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តពោធិ៍សាត់​រយៈពេល ៥ ​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ​២០ ខែ​តុលា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​នឹង​ប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។

លោក​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៨ ខែតុលា​ថា​៖ «​បន្ទាប់ពី​ទទួល​ប្រធានាធិបតី​ទីម័រឡេស្ត ថ្ងៃ​ ២០ តុលា ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​ចំនួន​ ៤ គឺ​ខេត្ត​សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​ដោយ​ប្រើពេល ៥ ​ថ្ងៃ ៤ ​យប់​»​។

បើ​យោងតាម​របាយការណ៍​បឋម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គិត​ត្រឹម​ថ្ងៃទី​ ១២ ខែ​តុលា ដំណាំ​ស្រូវ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​មាន​ចំនួន​ប្រមាណ​ជាង ២ ​សែន​ហិកតា ហើយ​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​រង​ការខូចខាត​មាន​ចំនួន​ជាង ៨៥ ​ពាន់​ហិកតា និង​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​អាច​ស្តារឡើងវិញ​មាន​ចំនួន​ជាង ៤៨ ​ពាន់​ហិកតា​៕