ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ស្នើឱ្យ​ក្រុមហ៊ុន ប៊ូយ៉ុង របស់​សាធារណរដ្ឋ​កូរ៉េ​ធ្វើការ​វិនិយោគ​បន្ថែម​ទៅលើ​វិស័យ FinTech នៅ​កម្ពុជា​ស្រប​ពេល​ដែល​វិស័យ​មួយ​នេះ​កំពុងមាន​ការរីកចម្រើន​ចាប់​តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩ ដែល​អូស​បន្លាយពេល​ជាង ២ ​ឆ្នាំ​មកនេះ​។

ការស្នើឡើង​របស់​លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវ​បាន​ធ្វើ​ក្នុងជំនួប​ជាមួយ​នឹង​លោក Lee Joong Keun ប្រធាន​ក្រុមហ៊ុន ប៊ូយ៉ុងគ្រុប នៅ​ទីស្តីការ​ក្រសួង​នា​ព្រឹក​ថ្ងៃទី​ ១៩ ខែតុលា​។

លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ប៊ូយ៉ុង ខ្មែរ​ (​ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី​) បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការអភិវឌ្ឍ​វិស័យ​សង្គម​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការចូលរួម​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជា​ចូលរួម​សកម្មភាព​ជាច្រើន​ទៀត​។

លោក​លើកឡើង​ថា​៖ «​ក្នុង​បរិការណ៍​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ មាន​ការរីកចម្រើន និង​សារៈសំខាន់​នៃ​វិស័យ Digital ក៏ដូចជា FinTech នៅ​ប្រទេស​កម្ពុជា និង ​[​ខ្ញុំ​] ​ស្នើឱ្យ​ក្រុមហ៊ុន ពិនិត្យ​លទ្ធភាព​លើ​ការវិនិយោគ​បន្ថែម និង​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ FinTech នៅ​ប្រទេស​កម្ពុជា​ផងដែរ​»​។

លោក​រំពឹងថា ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ការវិនិយោគ​របស់ខ្លួន​លើ​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​បន្ត​ផ្តល់​ការគាំទ្រ និង​សហការ​ផ្សេងៗ​ទៀត ចំពោះ​ក្រុមហ៊ុន​នៅ​កម្ពុជា​។

លោក Lee Joong Keun បាន​ទទួល​ស្គាល់​អំពី​តួនាទី​ស្នូល​យ៉ាងសំខាន់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិសេស​ផ្នែក​ពន្ធដារ​ជា​សសរស្តម្ភ​មួយ​គាំទ្រ​ដល់​សេដ្ឋកិច្ចជាតិ​។

លោក​បាន​ថ្លែងថា​៖ «​ប៊ូយ៉ុង​គ្រុប នៃ​សាធារណរដ្ឋ​កូរ៉េ​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការបើក​សាកលវិទ្យាល័យ​ដែល​ផ្តោត​ទៅលើ​វិស័យ​ពន្ធដារ និង FinTech នៅ​កម្ពុជា​»​។

លោក ម៉ក់ ចំរើន សហស្ថាបនិក Smile Shop ជា​វេទិកា​រវាង​អាជីវកម្ម និង​អតិថិជន និង ពាណិជ្ជកម្ម​អេឡិចត្រូនិក​ក្នុង​ស្រុក ​(B2C) ស្វាគមន៍​ចំពោះ​ការវិនិយោគ​ក្នុង​វិស័យ​អប់រំ​លើ​បច្ចេកវិទ្យា Fintech និង​ពន្ធដារ ព្រោះ​វា​នឹង​រួមចំណែក​ក្នុង​ការកសាង​ធនធាន​មនុស្ស ខណៈ​ដែល​ឧស្សាហកម្ម​មួយ​នេះ​កំពុង​រីកចម្រើន​។

លោក​ថ្លែងថា​៖ «​ខ្លួន​ខ្ញុំ​ផ្ទាល់​ពិតជា​ស្វាគមន៍​ការបន្ត​ការវិនិយោគ​បែបនេះ​ពី​វិនិយោគិន​កូរ៉េខាងត្បូង​ដូចជា​ក្រុមហ៊ុន BOO-YOUNG Group នេះ​។ វិស័យ​អប់រំ យើង​ពិតជា​ត្រូវការ​វិនិយោគិន​បន្ថែមទៀត ​ដើម្បី​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ និង​លើកកម្ពស់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​»​។

លោក​លើកឡើង​ថា​៖ «FinTech មិន​ត្រឹមតែ​ជា​វិស័យ​ដែល​អាច​នាំ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​ទៅ​កម្រិត​បន្ទាប់​ប៉ុណ្ណោះ​ទេ ហើយ​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​ការផ្តោត​ការយកចិត្ត​ទុកដាក់​ពី​វិនិយោគិន​»៕