ភ្នំពេញៈ គម្រោង​វិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​ចាប់ផ្តើម​សាងសង់​កាលពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​ ២០២០ មកដល់​ចុង​ខែកញ្ញា ឆ្នាំ​ ២០២២ សម្រេចបាន ៤៤ ​ភាគរយ​ហើយ ដោយ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​ ២០២៣​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ ​២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) លើ​ផ្ទៃដី ៧០០,០៦​ ហិកតា ក្រោម​ទុនវិនិយោគ​ប្រមាណ ៨៨០ ​លាន​ដុល្លារ​។ អាកាសយានដ្ឋាន​នេះ​មាន​សមត្ថភាព​ទទួល​អ្ន​ក​ដំណើរ​ប្រចាំ​ឆ្នាំ​រយៈពេល​ខ្លី-​មធ្យម ៧ ​លាន​នាក់​ក្នុង ១ ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៥០០​ លាន​ដុល្លារ និង​រយៈពេល​វែង​ទទួលបាន ២០ ​លាន​នាក់​ក្នុង ១ ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ទុន​ជាង ៣០០ ​លាន​ដុល្លារ​បន្ថែមទៀត​។ សម្រាប់​សមត្ថភាព​ទទួល​ទំនិញ​ប្រចាំឆ្នាំ​វិញ​គឺ​ក្នុង​រយៈពេល​ខ្លី​-​មធ្យម ១០ ០០០ ​តោន​ក្នុង ​១ ​ឆ្នាំ និង​រយៈពេល​វែង ៦០ ០០០ ​តោន​។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១៩ ខែតុលា​ថា គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ​ ២០២២ ការសាងសង់​អាកាសយានដ្ឋាន​សៀមរាប​-​អង្គរ សម្រេច​បាន ៤៤ ​ភាគរយ​ហើយ ហើយ​រំពឹង​កើនឡើង​ដល់ ៧០ ​ភាគរយ​នៅត្រឹម​ដំណាច់ឆ្នាំ​ ២០២២ នេះ​។ តាម​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​លើកដំបូង​នៅ​ខែ​តុលា ឆ្នាំ ​២០២៣ ប្រសិនបើ​ពុំមាន​ផលប៉ះពាល់​អ្វី​ជាយ​ថាហេតុ​កើតឡើង​។

លោក​ប្រាប់ទៀតថា ការ​សាងសង់​យឺត​ជាង​ផែនការ​បន្តិចបន្តួច​នេះ គឺ​បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការធ្វើ​ដំណើរ​របស់​ក្រុម​វិស្វករ​មកពី​ប្រទេស​ចិន​, ភាពយឺតយ៉ាវ​ក្នុងការ​ផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​សម្រាប់​សាងសង់ និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​ខ្ពស់ជាង​ពេល​ធម្មតា​។

លោក​ថ្លែងថា​៖ «​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ដោយ AIAI គឺ​ការងារ​សាងសង់​គម្រោង​ទាំងមូល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរ​ការសាកល្បង​នៅក្នុង​ខែតុលា ឆ្នាំ​ ២០២៣»​។

បើតាម​លោក ចាន់សេរីវុត្ថា បន្ទាប់ពី​ដំណាក់កាល​ទី​ ១ ត្រូវ​បាន​បញ្ចប់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នឹង​មាន​សមត្ថភាព​ទទួល​យន្តហោះ​រហូត​ដល់​កូដអឺ (Code E: A-340-300, A350-900 និង B777-200/300ER, B747-300/400) ចំនួន ៣៨ ​ចំណត ទទួល​អ្នកដំណើរ​បាន ៧ ​លាន​នាក់ ក្នុង​ឆ្នាំ​ ២០២៣ និង​ទំនិញ​តាមផ្លូវ​អាកាស ១០ ០០០ ​តោន​ក្នុង ១ ​ឆ្នាំ​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ថ្មីៗ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ អាច​នឹង​ក្លាយជា Hub Airport មួយ​នៅក្នុង​តំបន់ ដោយសារ​អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​ទំហំ​ធំ​ជាង​អាកាសយានដ្ឋាន​ចាស់​ច្រើនដង ដែល​ជា​កិត្យានុភាព​មួយ​ក្នុងការ​ទាក់ទាញ​ស្ទើរ​គ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​។ នៅពេល​អាកាសយានដ្ឋាន​ទៅដល់​តំបន់​ណា វា​នឹង​នាំ​ភាពទាក់ទាញ​បន្ថែម​ទៅដល់​តំបន់​នោះ ដោយ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នេះ គឺជា​ការបង្កើត​ទីក្រុង​ថ្មី​មួយទៀត​ សម្រាប់​ខេត្តសៀមរាប​។

លោក​បញ្ជាក់ថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរ​ថ្មី​នេះ គឺ​នៅ​ឆ្ងាយ​ពី​តំបន់​បេតិកភណ្ឌ ដែល​ជួយ​បាន​ច្រើន​ទៅ​ដល់​បេតិកភណ្ឌ​របស់​យើង ខណៈ​ព្រលានយន្តហោះ​ចាស់​អាច​បង្ក​ហានិភ័យ​រយៈពេល​វែង​ដល់​សំណង់​បេតិកភណ្ឌ​នេះ​។ ដើម្បី​ដល់​ចំណុច​នេះ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង និង​អនុវត្ត​ការងារ​នេះ​ឱ្យ​បាន​ហ្មត់ចត់​»៕