ភ្នំពេញៈ អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ប្រមាណ ១,៥ ​ម៉ឺន​​​តោន​ត្រូវ​បាន​នាំ​ចូល​មកដល់​​ប្រទេស​កម្ពុជា​រួច​រាល់​ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ខណៈ​​​កត្តា​អាកាសធាតុបាន​ធ្វើឱ្យ​ការ​ផលិត​អំបិល​ក្នុង​ឆ្នាំ​នេះ​សម្រេច​​បាន​ក្នុង​រង្វង់​ក្រោម ៤ ម៉ឺន​តោន ប៉ុន្តែ​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ឆ្នាំ​​គឺ​​​នៅ​ចន្លោះ​ពី ៧-១០ ​ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​អ្នក​នៅ​ក្នុង​វិស័យ​ផលិតកម្ម​អំបិល​នៅ​កម្ពុជា​។

ខេត្ត​កំពត និង​ខេត្ត​កែប គឺជា​ទីតាំង​ផលិត​អំបិល​នៅ​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​ ២០២១ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ២ មាន​​ទំហំ​សរុប ៤ ៧៤៨ ហិកតា។ បើ​តាម​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ផ្ទៃដី​​ស្រែ​អំបិល​ក្នុង​ឆ្នាំ​ ២០២២ ធៀប​នឹង​ឆ្នាំ​ ២០២១ គឺ​មិនមាន​ការ​ប្រែប្រួល​​ទេ​។

ជាធម្មតា​រដូវកាល​ផលិត​អំបិល គឺ​ចាប់ពី​ខែ​ចុងខែ​ធ្នូ ទៅដល់​ពាក់​​កណ្តាល​ខែ​ឧសភា​នៃ​ឆ្នាំ​នីមួយៗ ប៉ុន្តែ​ក៏មាន​ឆ្នាំ​ខ្លះ​អាកាសធាតុ​ក្តៅ​បាន​អូសបន្លាយ​ការផលិត​រហូតដល់​ខែ​មិថុនា​។ បើ​អាកាសធាតុ​អំណោយផល​ផ្ទៃដី ១ ​ហិកតា​ គេ​អាច​ផលិត​អំបិល​បាន​ជា​មធ្យម ២០ ​តោន​ក្នុង​រយៈពេល ១ ​ឆ្នាំ។

អ្នក​ផលិត​អំបិល​នៅ​​ខេត្តកំពត និង​ជា​ម្ចាស់​ក្រុមហ៊ុន​​នាំចូល​អំបិល​ពី​ក្រៅប្រទេស​មក​ផ្គត់ផ្គង់​ទីផ្សារ​​ក្នុង​ស្រុក លោក ប៊ុន បារាំង បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍ ​​នៅ​​ថ្ងៃទី ២០ ខែ​តុលា​​ថា ដោយសារ​​ឆ្នាំ​ ២០២២ នេះ​ប្រទេស​កម្ពុជា​មាន​ភ្ញៀង​ធ្លាក់​ច្រើន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​​ ហេតុនេះ​ការ​ផលិត​អំបិល​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​​។ ដោយសារ​​ទិន្នផល​​ផលិត​បាន​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ស្រុក​ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​​​លោក​នាំ​ចូល​អំបិល​ពី​ក្រៅ​​ប្រទេស​ចំនួន ៦ ​ម៉ឺន​តោន​សម្រាប់​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​។​ លោក​បន្ត​ថា អំបិល​ដែល​ក្រុមហ៊ុន​របស់​លោក​នាំ​ចូល​យក​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ក្នុង​​ពេលនេះ គឺជា​អំបិល​ធម្មជាតិ​មក​ពី​ប្រទេស​ឥណ្ឌា។

លោក​បាន​ថ្លែង​ថា៖ ​«​ក្នុង​បរិមាណ​អំបិល​ចំនួន ៦ ម៉ឺន​តោន​ដែល​រដ្ឋាភិបាល​​អនុញ្ញាត​នាំ​ចូលមក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​​​ឆ្នាំ​ ២០២២ នេះ គឺ​ក្រុមហ៊ុន​​បាន​នាំ​ចូលមក​ដល់​ឃ្លាំង​ស្តុក​​នៅ​កម្ពុជា​​​ប្រហែល ១៥ ០០០ ​តោន​រួច​​ហើយ​។​ ការ​នាំចូល​កំពុង​មាន​​​ជា​បន្តបន្ទាប់ ប៉ុន្តែ​នៅ​ពេល​​ការ​ផលិត​ក្នុង​ស្រុក​អាច​ធ្វើ​បាន​ឡើង​វិញ យើង​នឹង​​បញ្ឈប់​ការ​នាំ​ចូល​ភ្លាម​»។ លោក​បាន​បញ្ជាក់​ថា៖​ «​យើង​ធានា​ថា​នឹងនាំ​ចូល​​អំបិល​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​ ប៉ុន្តែ​យើង​ក៏​ធានា​ថា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ផលិតកម្ម​ក្នុង​​​ស្រុក​​ដែរ គឺ​នៅ​ពេល​ការ​ផលិត​អំបិល​ក្នុង​ស្រុក​អាច​ដំណើរការ​ឡើង​វិញ យើង​នឹង​បញ្ឈប់​ការ​នាំចូល​ភ្លាម​»។

យោង​តាម​លោក ប៊ុន បារាំង អំបិល​ដែល​ក្រុមហ៊ុន​របស់​លោក​នាំ​ចូល គឺ​ជា​អំបិល​ធម្មជាតិ​ដែល​មាន​​​គុណភាព​កម្រិត​ស្តង់ដា ព្រោះ​មុន​នឹង​ដឹក​ចូលឃ្លាំង​ គឺ​បាន​ឆ្លង​កាត់​ការ​​​ត្រួតពិនិត្យ​គុណភាព​ពី​សំណាក់​​ក្រុមមន្ត្រី​​ជំនាញ​របស់​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

តម្លៃ​អំបិល​នាំ​ចូល​ដែល​កំពុង​ដាក់​លក់​​លើ​ទីផ្សារ​ គឺ​​ចន្លោះ​ពី ២៧ ០០០​-២៨ ០០០ ​រៀល​ក្នុង​ ១ ​បាវ ៥០​គីឡូក្រាម​ ដោយ​​ប្រហាក់​​ប្រហែល​នឹង​តម្លៃ​អំបិល​ផលិត​​ក្នុង​ស្រុក​ដែរ​។​ នេះ​បើ​តាម​លោក ប៊ុន បារាំង​។

ម្ចាស់​សិប្បកម្ម​ផលិត​អំបិល ថូង អ៊ិនធ័រប្រាយស៍ ដែល​មាន​ទីតាំង​នៅ​ក្រុង​កំពត ខេត្ត​កំពតលោក ប៊ុន ណារិន បាន​និយាយ​ថា ការ​ផលិត​អំបិល​​​ក្នុង​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ដែល​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ស្រុក​បាន​ឡើយ​​។ នៅ​ពេល​នេះ​​អំបិល​ក្នុង​ឃ្លាំង​​​​នៅ​តាម​ស្រែអំបិល គឺ​មិនមាន​​ទេ​។ ទោះយ៉ាង​ណា​តម្លៃ​អំបិល​​​មិន​បាន​​​ប្រែប្រួល​ច្រើន​ទេ​បើ​​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ដោយ​អំបិល​ ១ ​បាវ ទម្ងន់​ ៥០ ​គីឡូក្រាម មាន​តម្លៃ​ចន្លោះ​ពី ២៥ ០០០​-​៣០ ០០០​រៀល​។

លោក​និយាយ​ថា៖​ «​ខ្ញុំ​មិន​សូវ​ដឹង​ពី​គុណភាព​នៃ​អំបិល​នាំ​ចូល​ទេ ប៉ុន្តែ​ការ​នាំ​ចូល​គឺ​ជា​ការ​ចាំបាច់​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​»។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កំពត លោក សុខ គឹមជឿន បាន​ប្រាប់​ថា ទោះបី​​ចំនួន​ផ្ទៃដី​ផលិត​​​អំបិល និង​កម្លាំង​ពលកម្ម​ផលិត​​ក្នុង​ឆ្នាំ ២០២២ នេះ​នៅ​ចំនួន​ដូច​​ឆ្នាំ​ ២០២១ ប៉ុន្តែ​កត្តា​អាកាសធាតុ បាន​ធ្វើឱ្យ​ការ​ផលិត​អំបិល​ក្នុង​ខេត្ត​កំពត​ក្នុង​ឆ្នាំ​ ២០២២ នេះ​សម្រេច​បាន​ប្រមាណ​ ៣ ម៉ឺន​តោន​តែ​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​គឺ​មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ស្រុក​បាន​ទេ។ ក្នុង​ ១ ​ឆ្នាំ បើសិន​អាកាសធាតុ​អំណោយផល​បាន ៣ ខែ​ជាប់​គ្នា គឺ​កម្ពុជា​អាច​ផលិត​អំបិល​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រើប្រាស់​​ប្រចាំ​ឆ្នាំ​។

លោក​បាន​លើក​ឡើង​ថា៖​ «​កត្តា​អាកាសធាតុ​មាន​ភ្លៀង​ច្រើន​ចាប់​តាំងពី​ដើម​ឆ្នាំ​ បាន​ធ្វើឱ្យ​កម្ពុជា​មាន​តម្រូវការ​ចាំបាច់​អំបិល​នាំ​ចូល​មក​បំពេញ​តម្រូវ​ការ​»។

កាលពី​ឆ្នាំ​ ២០១៤, ២០១៥ និង​ឆ្នាំ​ ២០១៦ គឺជា​ពេល​ដែល​កម្ពុជា​ប្រមូលផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង​ ១ ​ឆ្នាំៗ​បាន​ជាង ១០ ​ម៉ឺន​តោន​។ ទោះ​យ៉ាង​ណា ទិន្ន​ផល​នេះ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០១៧ មក​។ របាយ​ការណ៍​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ​បង្ហាញ​ថា ​កាលពី​ឆ្នាំ​​ ២០១៩ កម្ពុជា​បាន​នាំ​ចូល​អំបិល​​ប្រហែល​ ១ ​ម៉ឺន​តោន៕