ភ្នំពេញៈ រមណីយដ្ឋាន​ប្រណីត Six Senses កោះក្របី គ្រោង​នឹង​បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​នៅ​ខែធ្នូ ខាងមុខ​នេះហើយ បន្ទាប់ពី​បាន​បញ្ឈប់​ប្រតិបត្តិការ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​ទទួលរង​-​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាង​ ២​ ឆ្នាំ​មកនេះ​។

លោក Ateeb Shrestha អ្នក​គ្រប់គ្រង​ទូទៅ​នៃ Six Senses បាន​ឆ្លើយ​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២០ ខែតុលា​ថា រមណីយដ្ឋាន Six Senses Krabey គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ខែធ្នូ ឆ្នាំ​ ២០២២ ដើម្បី​ទទួល​ភ្ញៀវទេសចរ​មក​កម្ពុជា បន្ទាប់ពី​ការ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​រមណីយដ្ឋាន​នេះ​នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី ​២ ខែធ្នូ ដោយ​ផ្តោត​ជាថ្មី​លើ​បទពិសោធ​សហគមន៍​ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាជន​មូលដ្ឋាន ធម្មជាតិ និង​សត្វព្រៃ​»​។ លោក​បន្ថែមថា​៖ «​រមណីយដ្ឋាន​នេះ​នឹង​ដំណើរការ​ដោយ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​កូវីដ ​១៩ ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​របស់​ភ្ញៀវ​។ ជាមួយ​ស្ថានភាព​ដែល​តែងតែ​ប្រែប្រួល​នៅ​ជុំវិញ​ពិភពលោក រមណីយដ្ឋាន Six Senses មាន​បំណង​បង្ហាញ​ពី​ការធ្វើ​ដំណើរ និង​ទេសចរណ៍​តម្លៃ​ខ្ពស់​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​»​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ ខែតុលា​ថា ការបើក​ដំណើរការ​ឡើងវិញ​នូវ​រមណីយដ្ឋាន​ប្រណីត​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​ការស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​សក្តានុពល​របស់​ខេត្ត​។

លោក​បញ្ជាក់ថា​៖ «​រមណីយដ្ឋាន​នេះ​បាន​បិទទ្វារ​ក្នុង​អំឡុងពេល​រីករាលដាល​ជំងឺ​កូវីដ ​១៩ ដែល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ឧស្សាហកម្ម​ទេសចរណ៍​។ ពេលនេះ​ពួកគេ​បាន​សម្រេច​បើក​ឡើងវិញ​ ដោយសារ​មើលឃើញ​ពី​សក្តានុពល​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​។ រមណីយដ្ឋាន​ដ៏ប្រណីត​នេះ​នឹង​ផ្តោតលើ​ភ្ញៀវទេសចរ​បរទេស​ជាជាង​ប្រជាជន​ក្នុង​ស្រុក ដោយសារ​បន្ទប់​របស់​ពួកគេ​មាន​តម្លៃ​ថ្លៃ​ខ្ពស់​។ យើង​ស្វាគមន៍​ក្នុង​ការជួយ​សម្រួល​ដល់​វិនិយោគិន​ទាំងអស់​មក​កម្ពុជា​ក៏ដូចជា​មក​ខេត្ត​នេះ​ផងដែរ​»​។

រមណីយដ្ឋាន Six Senses Krabey ស្ថិត​នៅលើ​កោះ​ត្រូពិច​ឯកជន​ទំហំ ៣០ ​ហិកតា ចម្ងាយ ៣ គីឡូម៉ែត្រ​ពី​ឧទ្យាន​ជាតិរាម ខេត្ត​ព្រះសីហនុ​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រយៈពេល​វែង និង​ផ្លូវ​ល្បឿន​លឿន​ថ្មី​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ សម្រាប់​កន្លែង​កម្សាន្ត​ទេសចរណ៍​ដូចជា រមណីយដ្ឋាន Six Sense Krabey នេះ​។

លោក​ថ្លែងថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា​ខេត្ត​ព្រះសីហនុ គឺជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​មួយ​របស់​ប្រទេស​យើង ​ដូច្នេះ​ការសម្រេច​ចិត្ត​របស់ Six Sense ដើម្បី​បន្ត​ប្រតិបត្តិការ​របស់​ពួកគេ​ឡើងវិញ គឺជា​ចំណុច​វិជ្ជមាន​មួយ​នៅក្នុង​ការឆ្លើយតប​នឹង​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​។ យើង​ត្រូវការ​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ ​៥​ ប្រភេទ​នេះ ព្រោះ​យើង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​លោក​ខាងលិច​បាន​កាន់តែ​ច្រើន ខណៈ​យើង​រំពឹងថា​នឹងមាន​ជើងហោះហើរ​បន្ថែមទៀត​ពី​ទិសដៅ​ផ្សេងទៀត​ក្នុងពេល​ឆាប់ៗ​»​។

បើ​យោងតាម​លោក សុចិត្រគ្រឹះស្នា បច្ចុប្បន្ន​ខេត្ត​នេះ​មាន​សណ្ឋាគារ​ជាង ៨០ ដែលមាន​បន្ទប់​សរុប​ជាង​ ៩ ០០០​ ក្នុង​នោះ​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ និង​ផ្កាយ ៥ មាន​ចំនួន ៨ ដែល​មាន​បន្ទប់​ប្រហែល ៥ ០០០៕