ភ្នំពេញៈ ការ​នាំ​ចេញ-​នាំចូល​​ទំនិញ​រវាង​​កម្ពុជា-​​ជប៉ុន​នៅក្នុង​រយៈពេល ៩ ​ខែ​ដើម​ឆ្នាំ​ ២០២២​សម្រេច​បាន​​​ជិត ១,៥ ​ពាន់លាន​​ដុល្លារ​​ កើន​​ជាង ១៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ មាន​ឧត្តមភាព​​ជិត ៣០០ ​លាន​ដុល្លារ​។ នេះ​បើតាម​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម​ទំនិញ​ជា​មួយ​ប្រទេស​សំខាន់​​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ ​២០២២ ការ​ធ្វើ​ពាណិជ្ជកម្ម​​កម្ពុជា​​-​ជប៉ុន មាន​ទឹក​ប្រាក់​សរុប ១ ៤៩៩,៥​ លាន​ដុល្លារ កើន​ឡើង​ចំនួន​ ១៥,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ មាន​ ១ ៣០២,៦៧ ​លាន​ដុល្លារ។ ចំពោះ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ទៅ​​ជប៉ុន ​ក្នុង​​​ពេល ៩ ​​ខែ​ឆ្នាំ​ ២០២២ គឺ​ចំនួន​ ៨៩៧,៦៩ ​លាន​ដុល្លារ កើនឡើង ៨,៥ ​ភាគរយ​ពី​ចំនួន ៨២៧,៤៩ ​លាន​ដុល្លារ និង​ការ​នាំ​ពី​ជប៉ុន​មក​កម្ពុជា មាន​ចំនួន​ ៦០១,៨ ​លាន​ដុល្លារ កើន ២៦,៦ ​ភាគរយ ពី​ចំនួន ​៤៧៥,១៨ ​លាន​ដុល្លារ​។

តួលេខ​ខាងលើ​បង្ហាញ​ថា ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា មាន​ឧត្តមភាព​ចំនួន ២៩៥,៨៩ ​លាន​ដុល្លារ​។

ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ទី​ ២០ ខែ​​តុលា លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ឱ្យ​ដឹង​ថា វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​លំដាប់ ជា​ពិសេស​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បាន​និង​កំពុង​ជួយ​ឱ្យ​ការ​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ជប៉ុន​មាន​កាន់តែ​ច្រើន។ កំណើន​នៃ​ការ​វិនិយោគ​របស់​ជប៉ុន គឺ​ជា​ព័ត៌មាន​សំខាន់​សម្រាប់​វិនិយោគិន​បរទេស​មួយ​ចំនួន ដែល​តែង​ចាំ​មើល​ការ​បោះ​ជំហាន​របស់​វិនិយោគិន​ជប៉ុន ព្រោះ​ពួកគេ​យល់​ថា​ប្រទេស​ណា​ដែល​វិនិយោគិន​ជប៉ុន​​ទៅ​បណ្តាក់​ទុន​ច្រើន គឺជា​កន្លែង​មាន​ស្ថិរភាព​នយោបាយ មាន​សុវត្ថិភាព មាន​ច្បាប់​វិនិយោគ​ល្អ និង​មាន​ទីផ្សារ​នាំចេញ​រឹងមាំ។

លោក​បន្ថែម​​​ថា ក្រៅ​ពី​ការ​បណ្តាក់ទុន​ ប្រទេស​ជប៉ុន​ក៏​បាន​​​រួមចំណែក​​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​​ថ្នល់ និង​ការ​បណ្តុះបណ្តាល​ធនធាន​​មនុស្ស​​ផង​ដែរ។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី​​កម្ពុជា និង​ជប៉ុន​ ក៏​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​​ជ្រុងជ្រោយ​​តំបន់​ ​(RCEP) ដែល​​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នៅ​លើ​ពិភពលោក​​ផងដែរ​។

លោក​​បញ្ជាក់​ថា៖​ «​ជប៉ុន ​គឺ​ជា​ទីផ្សារ​ដ៏​មាន​​​សក្តានុពល​សម្រាប់​ផលិតផល​កម្ពុជា ព្រោះ​មាន​ទំនិញ​ជា​ច្រើន​មុខ​ដែល​កម្ពុជា​បាន​​នាំ​ចេញ​ទៅ​លក់​នៅ​ទីនោះ​។ ចំនួន​មុខ​ទំនិញ​របស់​កម្ពុជា​នៅលើ​ទីផ្សារ​ជប៉ុន​នឹង​មាន​ចំនួន​កាន់តែ​ច្រើន​នៅ​ពេល​ខាង​មុខ​​»។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​ខាង​លើ​បាន​រំឭក​​ថា ដោយ​សារ​ប្រទេស​ជប៉ុន​ជា​ទីផ្សារ​ធំ​សម្រាប់​ទំនិញ​កម្ពុជា ​កាលពី​ពេល​ថ្មីៗ​នេះ​​សភា​ពាណិជ្ជកម្ម​កម្ពុជា​​ក៏​បាន​បើក​ការិយាល័យ​តំណាង​​របស់​ខ្លួន​នៅ​​តំបន់​សេនដាយ ប្រទេស​ជប៉ុន​ផងដែរ​។ លោក​បាននិយាយ​ថា​៖​​ ​«​​ការិយាល័យ​តំណាង​នេះ​វា​នឹង​ជួយ​ជំរុញ​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២​ កាន់តែ​​ល្អ ហើយ​ក៏​នឹង​​ជួយ​ទាក់ទាញ​អ្នក​វិនិយោគ​​​ជប៉ុន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​​កាន់តែ​ច្រើន​ដែរ​»​។

លោក លឹម ហេង បាន​ប្រាប់​ថា នៅ​ពេលនេះ​លោក​ក៏​សង្ឃឹម​ថា ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា-​ជប៉ុន​នឹង​​អាច​ចាប់ផ្តើម​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​​​នេះ​ផងដែរ បន្ទាប់​ពី​ផ្អាក​ចាប់​តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩។

ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ទៅ​ជប៉ុន មាន​ដូចជា សម្លៀកបំពាក់ ​ស្បែកជើង គ្រឿង​បង្គុំ និង​កសិផល ចំណែក​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ជាដើម​។ នេះ​បើ​តាម​លោក លឹម ហេង។

បើយោង​តាម​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​ជប៉ុន គឺជា​ប្រទេស​ដែល​មាន​អ្នក​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើន​ជាង​​គេទី​៥ ​បន្ទាប់ពី​ប្រទេសចិន កូរ៉េ សិង្ហបុរី និង​វៀតណាម​។

ការវិនិយោគ​របស់​​ជប៉ុន​​​នៅ​​កម្ពុជា​មាន​ភាគច្រើន​​​ក្នុង​វិស័យ​ឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ជា​ពិសេស​វិស័យ​លក់​រាយ ផ្សារ​ទំនើប សេវាកម្ម និង​វិស័យ​ភោជនីយដ្ឋាន ​ជាដើម​។

ក្នុង​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ជប៉ុន​ មាន​ទឹក​ប្រាក់​សរុប ១ ៧៣៤,១៤​លាន​ដុល្លារ កើន​ ១,២​ ភាគរយ​ធៀប​ឆ្នាំ​ ២០២០ ក្នុង​នោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ជប៉ុន មាន​ទឹក-ប្រាក់ ១ ០៩៣,៦២ ​លាន​ដុល្លារ កើន ៣ ​​ភាគរយ និង​នាំចូល​មាន​ទឹក​ប្រាក់ ៦៤០,៥១ ​​លាន​ដុល្លារ ធ្លាក់ចុះ ១,៦ ​​ភាគរយ​។​ នេះ​បើ​តាម​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕