ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជាង ៣៤៨ លាន​ដុល្លារ​ពី​ការ​បញ្ចេញ​លក់​ជ័រ និង​ឈើ​កៅស៊ូ ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ខែ​ដើម​ឆ្នាំ ២០២២ ដែល​ចំណូល​នេះ​បាន​ធ្លាក់​ចុះ ៩ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ដោយសារ​តែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ទីផ្សារ​ពិភពលោក ពិសេស​ទីផ្សារ​ចិន និង​អឺរ៉ុប​ដែល​កំពុង​ញាំញី​ដោយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ។​

​យោងតាម​របាយការណ៍​អគ្គនាយក​ដ្ឋា​ន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃទី ២០ ខែ​តុលា​គឺ​ការ​បញ្ចេញ​លក់​ជរ័​កៅស៊ូ ចាប់​ពី​ដើមឆ្នាំ​រហូត​មកដល់​ចុង​ខែ​កញ្ញា ឆ្នាំ ២០២២ មាន​បរិមាណ​សរុប ២២៧- ៦០០ តោន កើន​ឡើង ៧២៧ តោន ស្មើនឹង ០,៣ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ចំណែក​បរិមាណ​បញ្ចេញ​លក់​ឈើ​កៅស៊ូ ចាប់ពី​ដើមឆ្នាំ​រហូត​ដល់​ខែ​កញ្ញា សម្រេច​បាន ២១ ៨៣២ ម៉ែត្រគុប។​

​របាយការណ៍​ដដែល​ឱ្យដឹងទៀតថា តម្លៃ​ជ័រកៅស៊ូ ជា​មធ្យម​គិត​ចាប់ពី​ដើមឆ្នាំ​រហូត​ដល់​ខែ​កញ្ញា ឆ្នាំ ២០២២ គឺ ១ ៥១៧ ដុល្លារ​ក្នុង ១ តោន ថយចុះ ១៤៨ ដុល្លារ​ក្នុង ១ តោន​ស្មើនឹង ៩ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ចំណូល​ពី​ការ​នាំចេញ​ជ័រកៅស៊ូ​រហូត​ដល់​ខែ​កញ្ញា​មាន​ជាង ៣៤៥ លាន​ដុល្លារ ចំណែក​ចំណូល​ពី​ការនាំ​ឈើ​កៅស៊ូ​ចេញ​មាន​ជាង ៣ លានដុល្លារ។​

​លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ស្ថានភាព​ការ​នាំចេញ​មាន​កំណើន​តិចតួច​ដោយសារ​កត្តា​វិបត្តិ​សេដ្ឋកិច្ច​សកល។​

​លោក​បាន​ថ្លែងថា​៖ «​ចំពោះ​កម្ពុ​ជាការ​ថមថយ​នេះ​ដោយ​សារ​កម្ពុជា​ជា​ចំណែក​មួយ​ក្នុងការ​នាំចេញ​ផលិតផល​កៅស៊ូ​ពិភពលោក​។ ការធ្លាក់​ថ្លៃ​ដោយសារ​កត្តា​វិបត្តិ​សេដ្ឋកិច្ច​សកល តម្រូវការ​ទាប​, ការ​ភ័យខ្លាច​នៃ​អតិផរណា​, ការ​ដំឡើង​អត្រា​ការប្រាក់​របស់​អាមេរិក​ក្នុងការ​រឹតបន្តឹង​ចរាចរណ៍​ប្រាក់​ដុល្លារ​, ស្ថានភាព​ងើប​ឡើង​វិញ​និង​ការបន្ត​បិទ​ខ្ទប់​ផ្នែក​ខ្លះ​ដោយសារ​កូវីដ ១៩ នៅ​ប្រទេស​ចិន និង សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ព្រមទាំង​ផល​ប៉ះពាល់​រវាង​ចិន​និង​អាមេរិក​អំពី​ភូមិសាស្ត្រ​នយោបាយ»។​

​លោក​បន្តថា ទីផ្សារ​សំខាន់ៗ​របស់​ផលិតផល​កៅស៊ូ​កម្ពុជា​នាំ​ចេញទៅ គឺមាន​ប្រទេស​ចិន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េ និង​សហគម​អឺរ៉ុប។​

​លោក ម៉ែន សុភ័ក្ត្រ ប្រធាន​ក្រុមហ៊ុន​សុភ័ក្ត្រ​នី​កា បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ស្រដៀង​គ្នា​នេះដែរ​អំពី​ការ​ឡើង​កម្តៅ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ការ​ប្រឈមមុខ​ដាក់គ្នារ​វាង​ចិន​-​តៃវ៉ាន់ គឺជា​ដើមចម​នៃ​ការ​ធ្លាក់​ថ្លៃ​តម្លៃ​កៅស៊ូ​សកល​ព្រោះ​ប៉ះពាល់​ដល់​តម្រូវការ។​

​លោក​បាន​បញ្ជាក់ថា​៖ «​កត្តាសេដ្ឋកិច្ច​សកល និង​ភូមិសាស្ត្រ​នយោបាយ​ដែល​បាន​បង្ក​ឡើង​ដោយ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ការប្រឈម​មុខ​ដាក់គ្នា​រវាង​ចិន និង​តៃវ៉ាន់ ក៏​ជា​មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​តម្រូវការ​កៅស៊ូ​ផងដែរ​។ យើង​ដឹង​ហើយ​ថា ទីផ្សារ​ចិន​តំណាង​ឱ្យ ៧០ ទៅ ៨០ ភាគរយ​នៃ​តម្រូវ​ការសរុប​របស់​ពិភពលោក និង​បញ្ហា​នៅ​អឺរ៉ុប​បាន​ធ្វើឱ្យ​តម្រូវការ​ធ្លាក់ចុះ​ផងដែរ»។​

​ទោះយ៉ាងណា​លោក​រំពឹងថា​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការ​ប្រឈមមុខ​ដាក់គ្នារ​វាង​ចិន​និង​តៃវ៉ាន់ នឹង​ធូរស្រាល ដែលជា​ការ​បើក​ផ្លូវ​នៃ​ការ​កើន​ឡើង​តម្រូវការ​កៅស៊ូ​សកល។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ដាំ​ដើម​កៅស៊ូ​សរុប ៤០៤ ០៤៤ ហិកតា ក្នុង​នោះ​ផ្ទៃដី​កំពុង​ចៀរ​ជ័រ​មាន​ចំនួន ៣១០ ១៩៣ ហិកតា និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៩៣ ៨៥១ ហិកតា​។ តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ចាប់ពី​ខែមករា-ខែសីហា ឆ្នាំ ២០២២ គឺ ១ ៥៥៣ ដុល្លារ​ក្នុង ១ តោន ថយចុះ ១១៩ ដុល្លារ ឬ​ស្មើនឹង ៧ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។​

​កាលពី​ឆ្នាំ ២០២១ ប្រទេស​កម្ពុជា​ប្រមូល​ផល​ជ័រកៅស៊ូ បាន​ចំនួន ៣៦៨ ០០០ តោន ក្នុង​នោះ​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ចំនួន ៣៦៦ ០០០ តោន ដោយ​រក​ចំណូល​បាន ៦១០ ២៥៥ ៨០០ ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ៕​