
កម្ពុជា-ទីម័រខាងកើតធ្វើវេទិកាធុរកិច្ចរួមគ្នាពាក់ព័ន្ធនឹងទេសចរណ៍ និងពាណិជ្ជកម្ម។ រូបភាព ក្រសួងទេសចរណ៍
ភ្នំពេញៈ ប្រទេសកម្ពុជា-ទីម័រខាងកើត បានរៀបចំវេទិកាធុរកិច្ចរួមគ្នាជាលើកទី ១ ស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បន្ទាប់ពីប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ រួចមក។
វេទិកា«ស្ដីពីទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» បានធ្វើឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Joseé Manuel Ramos-Horta ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលមកធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី ១៩-២២ ខែតុលា ឆ្នាំ ២០២២ ។
លោក ថោង ខុន បានលើកឡើងថា លោកពិតជារីករាយចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ទីម័រខាងកើត ខណៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីទីម័រខាងកើត គឺពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំង ២ ឱ្យកាន់តែខ្លាំងថែមទៀត។
លោកបានថ្លែងថា៖ «វេទិកានេះមានការចូលរួមពីវិស័យឯកជន និងគ្រឹះស្ថានសាធារណៈ ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយផ្តោតលើការស្វែងយល់ និងផ្លាស់ប្តូរទស្សនៈសម្រាប់ឱកាសអាជីវកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ។ វេទិកានេះក៏នឹងបង្ហាញអំពីវិស័យជាច្រើនផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគម្រោងរួមគ្នាក្នុងប្រធានបទ ទេសចរណ៍ និងពាណិជ្ជកម្ម ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៣ ខែតុលាថា បើពិនិត្យជារួម ប្រទេសទាំង ២ នៅមិនទាន់មានទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ជាមួយគ្នាច្រើនទេ ទោះនៅក្នុងតំបន់តែ ១ (អាស៊ាន) ក៏ដោយ ប៉ុន្តែគេត្រូវដឹងថា គ្រប់ការបង្កើនកិច្ចសហប្រតិបត្តិការ គឺនឹងផ្តល់ផលវិជ្ជមានសម្រាប់ប្រទេសជាដៃគូ ទាំងផ្នែករដ្ឋាភិបាល និងឯកជន។ ការបង្កើតឱ្យមានវេទិកា ឬកម្មវិធីផ្សេងៗ គឺសុទ្ធតែមានចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលដែលប្រទេសចូលរួមមាន ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុន។
លោកអះអាងថា៖ «យើងសង្ឃឹមថា កម្ពុជា និងទីម័រខាងកើតនឹងមានទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យកាន់តែខ្លាំង ហើយការតភ្ជាប់ជើងហោះហើរត្រង់នឹងឆាប់ចេញជារូបរាងផងដែរ។ នៅពេលការធ្វើដំណើរកាន់តែងាយស្រួល ចរាចរណ៍ទំនិញ និងមនុស្សក៏មានកាន់តែច្រើនដែរ»។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Joseé Manuel Ramos-Horta នៅប្រទេសកម្ពុជា រយៈពេល ៤ ថ្ងៃកន្លងមក តំណាងរដ្ឋាភិបាលនៃប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន ២ រួមមាន ស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ។
នៅក្នុងជំនួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២០ ខែតុលា លោក Joseé Manuel Ramos-Horta បានលើកឡើងថា លោកមើលឃើញប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយលោកពិតជាចង់ឃើញប្រទេសទាំង ២ បង្កើននូវកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការបើកឱ្យមានការហោះហើរត្រង់ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្ម។
រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស មានដូចជា ការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យអាកាសចរណ៍ស៊ីវិល, ការសហការពង្រឹងសន្តិសុខ និងសុវត្ថិភាពអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាស,ការបង្កើតឱ្យមានការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាំងអ្នកដំណើរ និងទំនិញ, ការធ្វើឱ្យប្រសើរឡើងនូវរំហូរចូលនៃអ្នកដំណើរ តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីអភិវឌ្ឍវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វិនិយោគ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត រវាងប្រទេសទាំង ២ និងការបង្កើតលទ្ធភាពជូនក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំង ២ សហការជើងហោះហើរ (Code-sharingFlights) និងលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ (Direct Flights) រវាងប្រទេសទាំង ២ ឬការហោះហើរចុះចតប្រមូលភ្ញៀវច្រើនកន្លែងតាមរយៈការប្រើប្រាស់សិទ្ធិហោះហើរទី ៥ (5th Freedom Traffic Rights) ជាដើម៕