ភ្នំពេញៈ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​នឹង​ចុះហត្ថលេខា​ក្នុង​ការ​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​នៅ​ថ្ងៃនេះ​ (​ថ្ងៃ​ចន្ទ ទី ​២៤) ​ដែល​ជា​ការបើកផ្លូវ​ក្នុង​ការលើក​កម្ពស់ និង​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​។

កម្ពុជា-​អេមីរ៉ាតអារ៉ាប់រួម នៅក្នុង​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ ​២០២២ បាន​រៀបចំ​ពិធី​ប្រកាស​បើក​ការចរចា​ផ្លូវការ​ស្តីពី​ «​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម​» នៅក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដោយមាន​ការចូលរួម​ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​លោក Thani bin Ahmed AI Zeyoudi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ប្រទេស​ទាំង​ ២ ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC) ​កាលពី​ថ្ងៃទី​ ២២ ខែតុលា​ឆ្នាំ​ ២០២២ បាន​ឱ្យដឹងថា ប្រធាន​សភា​ពាណិជ្ជកម្ម លោក គិត ម៉េង នឹង​ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ពីថ្ងៃ​ទី ​២៣-២៧ ខែតុលា ឆ្នាំ​ ២០២២ ដើម្បី​ចូលរួម​ក្នុង​ពិធី​ប្រកាស​បើក​ការចរចា​ផ្លូវការ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ CCC សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្រសួង​សេដ្ឋកិច្ច​អេមីរ៉ាតអារ៉ាប់រួម និង​សហព័ន្ធ​សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អេមីរ៉ាតអារ៉ាប់រួម នឹង​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​អេមីរ៉ាតអារ៉ាប់រួម ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ប្រទេស​ទាំង​ ២ និង​ក្រុមហ៊ុន​សរុប​ជាង ៧០ ​។

CCC បានឱ្យ​ដឹងថា​៖ «​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​នេះ​ ដោយ​លើកយក​កាលានុវត្តភាព​ធុរកិច្ច​វិនិយោគ ស្ថានភាព​សេដ្ឋកិច្ច និង​វិស័យ​សក្តានុពល​កម្ពុជា ដើម្បី​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ការអភិវឌ្ឍ​វិស័យ​ឌីជីថល សហគ្រាស​ធុន​តូច និង​មធ្យម និង​ពិនិត្យ​លទ្ធភាព​សហការ​លើ​គម្រោង​រួម​រវាង​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី ​២៥ ខែតុលា គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​មួយចំនួន​ក្នុង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ផងដែរ​។

អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ​២៣ ខែតុលា​ថា នេះ​ជា​ការ​បោះជំហាន​មួយទៀត​របស់​កម្ពុជា​ឆ្ពោះ​ទៅកាន់​ទីផ្សារ​ដ៏មាន​សក្តានុពល​នៅ​តំបន់​អារ៉ាប់ ខណៈ​អេមីរ៉ាតអារ៉ាប់រួម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លើ​ពិភពលោក​។ ការបង្កើត​ទីផ្សារ​ថ្មីៗ​នឹង​ជួយ​ធ្វើឱ្យ​ផលិតផល​ផលិត​នៅ​កម្ពុជា ពិសេស​ផលិតផល​កសិកម្ម​អាច​មាន​ទីផ្សារ​កាន់តែច្រើន​។ លោក​បន្តថា ក្រៅពី​នេះ​កម្ពុជា​ក៏​អាច​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ ដើម្បី​នាំ​ផលិតផល​អាហារ ​(​ហាឡាល់​)​ ទៅ​ទីផ្សារ​អេមីរ៉ាតអារ៉ាប់រួម និង​តំបន់​អារ៉ាប់​ផងដែរ​។

លោក​អះអាង​ថា​៖ «​យើង​រំពឹងថា ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​អាចធ្វើ​ឆាប់រហ័ស ហើយ​ទំនិញ​កម្ពុជា​កាន់តែ​ច្រើន​នឹង​បង្ហាញ​វត្តមាន​នៅ​ទីនោះ​។ ក្នុង​នាម​ផ្នែក​ឯកជន សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ខិតខំ​ជួយ​សម្របសម្រួល និង​ផ្តល់​ព័ត៌មាន​សក្តានុពល​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ពីអ្វី​ដែល​កម្ពុជា​មាន ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​ពី​តំបន់​អារ៉ាប់​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​»​។

បើតាម​លោក ម៉េងតិច ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ​អាច​ជា​ទំនិញ​សំខាន់​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​លើកឡើង​ថា ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​នៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​សម្បូរ​វាល​ខ្សាច់ ដូច្នេះ​ប្រទេស​នេះ​តែង​មាន​តម្រូវការ​នាំចូល​ផលិតផល​កសិកម្ម​ច្រើន​ពី​ក្រៅប្រទេស​។ នេះ​ជា​ឱកាសល្អ​ដែល​កម្ពុជា​អាច​ទាញ​បាន​ផល​វិជ្ជមាន​ពី​ការ​នាំចូល​កសិផល​របស់​ខ្លួន​ទៅ​ទីនោះ​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិតថា​ក្នុង​ដំណាក់កាល​ដំបូង​ផលិតផល​ជា​ស្បៀងអាហារ គឺជា​ទំនិញ​ដែល​កម្ពុជា​មាន​ឱកាស​ច្រើន​ សម្រាប់​នាំចេញ​ទៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​។ បន្ទាប់​ពីនោះ​កម្ពុជា​ត្រូវខិតខំ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​របស់​ខ្លួន​ឱ្យមាន​ចម្រុះ​ឱ្យ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយតប​នឹង​គ្រប់​តម្រូវការ​ពី​ក្រៅប្រទេស​»​។

ក្នុងជំនួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នឹង​លោក Thani bin Ahmed Al Zeyoudi អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច​អេមីរ៉ាតអារ៉ាប់ កាលពី​ថ្ងៃទី​ ៤ ខែ​កក្កដា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា អេមីរ៉ាតអារ៉ាប់រួម គឺជា​ទីផ្សារ​ធំ​មួយ​ដែល​ឈរ​ក្នុង​លំដាប់​ទី​ ២៦ សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​។ ទោះបី​ស្ថិត​ក្នុង​បរិបទ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២ ​នៅតែ​សម្រេច​បាន​លទ្ធផល​ល្អ ដោយ​ក្នុង​ឆ្នាំ​ ២០២១ មានតម្លៃ​ជាង ១៥០ ​លាន​ដុល្លារ កើនឡើង ៥៣ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ​២០២០​ ។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​នាំចេញ​មុខ​ទំនិញ​ទៅ​អេមីរ៉ាតអារ៉ាប់រួម មាន​ដូចជា វាយនភណ្ឌ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ អង្ករ​។​ល​។ ដោយឡែក​ការនាំ​ចូលមក​ពី​អេមីរ៉ាតអារ៉ាប់រួម មានដូចជា​ផលិតផល ប្រេង ចំណី​សត្វ ជី រ៉ែ ថ្នាំជក់ និង​ផលិតផល​ធ្វើ​ពី​សេរ៉ាមិក ជាដើម​»៕