ភ្នំពេញៈ ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អនឡាញ​ ដែល​នឹង​អនុញ្ញាត​ឱ្យ​វិនិយោគិន​អាច​បើក​គណនី​បាន​នៅ​គ្រប់​ទីកន្លែង និង​អាច​សម្រួល​ដល់​វិនិយោគិន​បាន​ច្រើន និង​បង្កើន​ការជួញដូរ​ផងដែរ​។

ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អនឡាញ​នេះ​ត្រូវ​បាន​ឡើង​នៅក្នុង​កម្មវិធី​ពិព័រណ៍​ផ្សារហ៊ុន​កម្ពុជា​ប្រចាំឆ្នាំ​ ២០២២ កាលពី​ថ្ងៃ​ទី​ ២១ ខែតុលា​។

លោក​ ហុង សុហួរ អគ្គនាយក CSX បាន​ថ្លែង​ថា ដោយ​មើលឃើញ​ពី​និន្នាការ​នៃ​ការប្រែប្រួល​មក​ការនិយម​ប្រើប្រាស់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា CSX តែងតែ​ព្យាយាម​ធ្វើ​ទំនើបកម្ម​នូវ​កម្មវិធី​ផ្សេងៗ​សំដៅ​បង្កលក្ខណៈ​ភាពងាយស្រួល​ដល់​សាធារណជន​ក៏ដូចជា​វិនិយោគិន​អាច​ធ្វើការ​ជួញដូរ​បាន​កាន់តែ​ច្រើន​។

លោក​និយាយ​ថា​៖ «​ផ្សារមូលបត្រ​កម្ពុជា​យើង​បាន​ខិតខំ​ដាក់​ចេញ​នូវ​ទំនើបកម្ម​ឌីជីថល​ជា​លំដាប់​ដូចជា​ការបង្កើត APP CSX Trade ដែល​យើង​បាន​សម្ពោធ​កាលពី​សិក្ខាសាលា​ថ្នាក់ជាតិ​ខួប ១០ ​ឆ្នាំ​របស់​ផ្សារមូលបត្រ​កម្ពុជា​, ការបង្កើត​នូវ​ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អនឡាញ​ដែល​ជា​ជំហាន​សំខាន់​ថ្មី​របស់​ផ្សារមូលបត្រ​កម្ពុជា​, និង​ការធ្វើ​ទំនើបកម្ម​នូវ​បណ្ណាល័យ​ព័ត៌មាន​រួម Phsarhun APP ជំនាន់​ទី ​២​ ដែល​ផ្តល់​ភាពងាយស្រួល​កាន់តែ​ខ្លាំង​ដល់​វិនិយោគិន​របស់​យើង​នៅក្នុង​ការស្វែងយល់​ពី​ផ្សារហ៊ុន​។ ផ្សារមូលបត្រ​កម្ពុជា​ក៏​នឹង​បន្ត​ខិតខំ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​នានា​ ដើម្បី​សម្រួល​ដល់​វិនិយោគិន​ក្នុង​ការវិនិយោគ​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយ័តករ​មូលបត្រ​កម្ពុជា​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា ស្របពេល​រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុកដាក់​ក្នុង​ការធ្វើការ​ប្រែក្លាយ​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ឌីជីថល ការធ្វើ​ទំនើបកម្ម​របស់​ផ្សារមូលបត្រ​កម្ពុជា គឺ​ពិតជា​រឿង​ចាំបាច់​ណាស់​ ដើម្បី​ដើរ​ឱ្យទាន់​គោលនយោបាយ​រដ្ឋាភិបាល​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

លោក​បញ្ជាក់​ថា​៖ «​ការដាក់​សម្ពោធ​ឱ្យប្រើប្រាស់​នូវ​កម្មវិធី «​បើក​គណនី​ជួញដូរ​តាម​អនឡាញ​» ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​រដ្ឋាភិបាល​ក្នុង​ការបំប្លែង​ខ្លួន​ជា​ប្រទេស​ឌីជីថល និង​ស្រប​ទៅ​នឹង​និន្នាការ​អភិវឌ្ឍ​សកល​»​។ លោក​បន្តថា​៖ «​យើង​ចាប់ផ្តើម​ពី​បាតដៃ​ទទេ ឥឡូវនេះ​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទីផ្សារ​ពេញលេញ យើង​មាន​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​ដែល​មាន​ក្រុមហ៊ុន​ចំនួន ៩ កំពុង​ចុះបញ្ជី​ជួញដូរ​មូលបត្រ​កម្មសិទិ្ធ និង​ទីផ្សារ​មូលបត្រ​បំណុល​ដែល​មាន​ក្រុមហ៊ុន ៧ ​បាន​ចុះបញ្ជី​លក់​មូលបត្រ​ចំនួន ៩ គិត​ត្រឹម​ខែតុលា​នេះ សញ្ញា​បណ្ណ ៣ បាន​ដល់​ឥណប្រតិទាន​ហើយ​។ យើង​មាន​ក្រុមហ៊ុន​មួយចំនួន​ស្ថិតក្នុង​ដំណាក់កាល​រៀបចំ​បោះផ្សាយ​លក់​មូលបត្រ​ទាំង​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល​ដែល​ក្នុងនោះ​រួមមាន​ទាំង​សញ្ញា​បណ្ណ​បៃតង​ផងដែរ​»​។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប បាន​ថ្លែង​ក្នុង​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ថា ការពង្រឹង​តម្លាភាព ទំនុកចិត្ត និង​ភាព​ឤច​ប៉ាន់ប្រមាណ​បាន​ជា​កត្តាចាំបាច់​ ដើម្បី​អនុញ្ញាត​ឱ្យ​ទីផ្សារ​មូលបត្រ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ និង​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​។

លោក​និយាយ​ថា​៖ «​ជាមួយ​នឹង​ការរីកចម្រើន​ផ្សារមូលបត្រ​កម្ពុជា ដែល​មាន​វឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​មកនេះ​ដូចជា​ការបង្កើត​ឡើង​កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ធ្វើការ​ជួញដូរ CSX Trade App, ប្រព័ន្ធ​បើក​គណនី​ជួញដូរ​តាម​អនឡាញ​, ការធ្វើ​ទំនើប​កម្មវិធី​ទូរស័ព្ទ​ សម្រាប់​រៀនសូត្រ Phsarhun App, ការបន្ត​ជំរុញ​ក្រុមហ៊ុន​សក្តានុពល​ឱ្យមក​ចុះបញ្ជី​ផ្សារមូលបត្រ ការសិក្សា​អំពី​លទ្ធភាព​ក្នុង​ការបង្កើត​ផលិតផល​វិនិយោគ​ផ្សេងៗ​ និង​ការបង្កើត​យន្តការ​នានា​ ដើម្បី​សម្រួល​ដល់​ការជួញដូរ មានដូចជា​ការជួញដូរ​ដោយ​គ្មាន​ប្រាក់​តម្កល់​ ១០០ ​ភាគរយ នឹង​ធ្វើឱ្យ​ទីផ្សារ​របស់​យើង​កាន់តែ​សកម្ម​»​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្សារមូលបត្រ​កម្ពុជា​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គ្នា​បន្ថែមទៀត​ក្នុង​ការទាក់ទាញ​វិនិយោគិន សម្រួល​ការជួញដូរ ផ្តល់​សេវាកម្ម​កាន់តែ​ល្អ និង​ទាក់ទាញ​ក្រុមហ៊ុន​បោះផ្សាយ​បន្ថែម​ទៀត​»៕