ភ្នំពេញៈ ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​ថៃ​បាន​ហក់​ឡើង​ច្រើន​ក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ ​២០២២​ នេះ ដោយ​សម្រេច​បាន​ទឹកប្រាក់​ជាង ៦៥៥ ​លាន​ដុល្លារ កើនឡើង​ជិត ៣៨​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​កំណើន​នេះ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​របស់​រដ្ឋាភិបាល​នៅក្នុង​ការជំរុញ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​សំដៅ​លើកកម្ពស់​ការនាំចេញ​ផលិតផល​ក្នុង​ស្រុក​។

របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹងថា ការដោះដូរ​ទំនិញ​ទ្វេភាគី​កម្ពុជា​-​ថៃ មាន​ទឹកប្រាក់​ជាង ៣,៦ ​ពាន់​លាន​ដុល្លារ​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំនេះ កើន​ជាង ២៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន មាន​ទឹកប្រាក់​ជាង​ ២,៨ ពាន់​លាន​ដុល្លារ​។ ក្នុងនោះ​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​មាន​ចំនួន​ជាង ៦៥៥ ​លាន​ដុល្លារ កើនឡើង​ពី​ជាង ៤៧៦​ លាន​ដុល្លារ ឬ​ស្មើ ៣៧,៦ ​ភាគរយ ខណៈ​ការ​នាំចូល​មាន​ទឹកប្រាក់​ជិត ៣ ​ពាន់​លាន​ដុល្លារ​កើន​ពី​ជិត ២,៤ ​ពាន់​លាន​ដុល្លារ ស្មើនឹង​កំណើន ២៥ ​ភាគរយ​។

លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែតុលា​ថា ចាប់​តាំងពី​ស្ថានភាព​ជំងឺ​កូវីដ ​១៩ មាន​ភាពធូរស្រាល សកម្មភាព​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​មាន​សម្ទុះ​គួរឱ្យ​កត់សម្គាល់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ពិនិត្យ​តាមដាន​តាំងពី​ប្រទេស​យើង​បើក​ដំណើរការ​សេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញ គឺ​ការដោះដូរ​ទំនិញ​ប្រទេស​ទាំង ​២ មាន​សម្ទុះ​ខ្លាំង​។ យើង​ជំរុញ​ការធ្វើការ​ទូត​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ជំរុញ​ទំនិញ​យើង​ចូល​ទីផ្សារ​ថៃ​ឱ្យ​កាន់តែ​ច្រើន​»​។

លោក​បន្តថា កន្លងមក​ការបង្កើត​មជ្ឈមណ្ឌល​ប្រឹក្សា​ធុរកិច្ច​កម្ពុជា​ (CCB) ក៏​ជួយ​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ផលិតផល​ក្នុងស្រុក​យើង​ចូល​ទីផ្សារ​ថៃ​កាន់តែ​ច្រើន​ដើម្បី កាត់បន្ថយ​ការហូរចូល​ពី​ថៃ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ក៏​គ្រោង​រៀបចំ Business Matching ដែល​នឹង​រៀបចំឡើង​រវាង CBC និង Thaisubcorn ដើម្បី​ឱ្យ​ក្រុមហ៊ុន​ខ្មែរ​យើង និង​ក្រុមហ៊ុន​ថៃ​ជួបគ្នា​។ បន្ទាប់ពី​កូវីដ​ ១៩ បាន​ធូរស្បើយ​ចាប់ពី​ដើមឆ្នាំ​ ២០២២ រហូត​មកដល់​ពេលនេះ​យើង​សង្កេតឃើញ​សម្ទុះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ​កើនឡើង​ខ្លាំង​។ យើង​ក៏​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ធំៗ​របស់​ថៃ​ដូចជា 7 Eleven និង Big C ជួយ​ដាក់លក់​ផលិតផល​យើង​ ដើម្បី​លើកស្ទួយ​ផលិតផល​យើង​នៅ​ទីផ្សារ​អន្តរជាតិ​»​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​វិនិយោគិន​ថៃ​កាលពី​ខែសីហា កន្លងមក រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរស័ក្តិ បាន​លើក​ទឹកចិត្ត និង​ស្វាគមន៍​វិនិយោគិន​ថៃ​ដែល​មាន​សក្តានុពល​ក្នុង​ការចូល​មក​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​បាន​កើនឡើង​ពី ៣,៤៩ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ ដល់ ៣,៨៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១ ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត និង​ស្វាគមន៍​អ្នកវិនិយោគ​ថៃ​ដែល​មាន​សក្តានុពល​មកកាន់​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ ឆ្ពោះ​ទៅរក​ផលប្រយោជន៍ និង​វិបុលភាព​ទៅវិញ​ទៅមក​»​។

លោក សោភ័ណ្ឌ បាន​ឱ្យដឹង​ទៀតថា កាលពី​ដើម​ខែតុលា​នេះ សមាគម​ក្នុងស្រុក Innovation & Development Investors Assocaition ដែលមាន​សមាជិក​ជាង ១០០​ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ CP All ដើម្បី​នាំ​ទំនិញ​ជាពិសេស​គឺ​ប្រភេទ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (GI) ​ដូចជា​ម្រេច ស្ករត្នោត​កំពង់ស្ពឺ ក្រូច​ត្លុង ជាដើម​៕