
កម្ពុជានាំចេញ គ្រឿងសង្ហារិម។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានប្រមាណ ៨២៧ លានដុល្លារនៅក្នុងរយៈពេល ៩ ខែឆ្នាំ ២០២២ ពីការនាំចេញគ្រឿងសង្ហារិម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល ដោយចំនួននេះកើនឡើងជិត ១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា-ខែកញ្ញា ឆ្នាំ ២០២២ ការនាំចេញគ្រឿងសង្ហារិម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល មានទឹកប្រាក់សរុប ៨២៧,៤២លានដុល្លារ កើនឡើង ១៤,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៧១៩,៨៣ លានដុល្លារ។ ទឹកប្រាក់ពីការនាំចេញទំនិញទាំងនេះ គឺស្មើនឹងប្រមាណ ៤,៨ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ ដែលមានចំនួន ១៧ ២៥៨,៣៤ លានដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា នេះជាផ្នែកមួយទៀតនៃការកៀរគរចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ខណៈកន្លងមកផលិតផលទាំងអស់នេះ គឺមិនសូវមានការនាំចេញទេ។ ដោយសារវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងសង្ហារិម និងផលិតផលខាងលើភាគច្រើនបានធម្មជាតិផ្ទាល់ (ឈើ ជ័រកៅស៊ូ និងរុក្ខជាតិ) ដូច្នេះកម្ពុជាអាចទាញយកអ្វីដែលខ្លួនមានមកប្រើប្រាស់នៅក្នុងប្រទេសមកប្រើប្រាស់បានមួយចំនួន។
លោកបានអះអាងថា៖ «ខ្ញុំមិនសូវច្បាស់ថា វត្ថុធាតុដើមនាំចូលមកពីប្រភពណានោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ប្រសិនបើកម្ពុជាអាចប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកកាន់តែច្រើន គឺកាន់តែល្អ ព្រោះក្រៅពីជួយដល់បង្កើតការងារដល់ប្រជាជននៅតាមមូលដ្ឋាន វានឹងជួយកាត់បន្ថយការចំណាយប្រាក់ទៅលើការនាំចូលពីបរទេសបានច្រើនផងដែរ»។
ទោះយ៉ាងណាលោកបញ្ជាក់ថា ការប្រើប្រាស់ធនធានធម្មជាតិក៏ត្រូវគោរពតាមច្បាប់កំណត់ផងដែរ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានអនុម័តឱ្យក្រុមហ៊ុនផលិតសម្ភារទាំងអស់ខាងលើបើកដំណើរការរោងចក្រនៅកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែងកាលចុងខែកញ្ញា CDC ក៏បានអនុម័តឱ្យក្រុមហ៊ុន Home Style Living Co., Ltd វិនិយោគលើរោងចក្រផលិតគ្រឿងសង្ហារិម និងពូកគ្រប់ប្រភេទ ដែលមានទុនវិនិយោគចំនួន ៦,៦ លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង។
កាលពីឆ្នាំ ២០២១ ការនាំចេញគ្រឿងសង្ហារិម សម្ភារគ្រែ ពូក ទម្រពូក ខ្នើយកល់ និងវត្ថុប្រហាក់ប្រហែល បានទឹកប្រាក់សរុប ៨៧២,៥៦ លានដុល្លារ កើនឡើង ៣៧ ភាគរយពីចំនួន ៦៣៦,៩៦ លានដុល្លារក្នុងឆ្នាំ ២០២០។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕