
ផ្លែមៀនដាក់លក់នៅផ្សារកណ្ដាល កាលពីខែមិថុនា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ កម្ពុជាគ្រោងនឹងចុះពិធីសារចំនួន ៣ ជាមួយអគ្គរដ្ឋបាលគយនៃប្រទេសចិននៅក្នុងអំឡុងសប្តាហ៍ទី ២ ខែវិច្ឆិកា ខាងមុខ ដើម្បីឈានទៅបើកច្រកនាំចេញផលិតផលក្នុងវិស័យកសិកម្មចំនួន ៣ ប្រភេទទៅទីផ្សារប្រទេសចិន។ នេះបើតាមថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាន វណ្ណហន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ តុលាថា នៅក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យកសិកម្ម ក៏ដូចជាពង្រីកទីផ្សារកសិផលទៅទីផ្សារបរទេស ពិសេសប្រទេសចិន ក្រសួងកសិកម្មកម្ពុជានឹងរៀបចំពិធីចុះពិធីសារជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីបើកច្រកនាំចេញផលិតផលកសិកម្មចំនួន ៣ ប្រភេទបន្ថែមទៀត ខណៈកន្លងមកមានផលិតផលកសិកម្មកម្ពុជាជាច្រើនប្រភេទរួចមកហើយ ដែលត្រូវបានក្រសួងខិតខំចរចារហូតទទួលបានការបើកច្រកពីអាជ្ញាធរចិន ក្នុងនោះមានដូចជា អង្ករ កញ្ចុំអង្ករ ពោត ដំឡូងមីក្រៀម ផ្លែចេក ផ្លែស្វាយ និងមៀនប៉ៃលិន ជាដើម។
លោកបានបន្តថា ការបើកច្រកបន្ថែមនេះ គឺមិនត្រឹមតែរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាកសិករ និងសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះ និងគុណភាពផលិតផលកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
លោកបានប្រាប់ថា៖ «បើតាមការគ្រោងទុកនៅថ្ងៃទី ៩ ខែវិច្ឆិកា ខាងមុខ បន្ទាប់ពីបានទទួលសិទិ្ធប្រទានពីប្រមុខរាជរដ្ឋាភិបាលឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនឹងធ្វើពិធីចុះហត្ថលេខាលើពិធីសាររវាងក្រសួងកសិកម្ម ជាមួយនឹងអគ្គរដ្ឋបាលគយចិន ដើម្បីបើកច្រកនាំចេញទំនិញក្នុងវិស័យកសិកម្ម ៣ មុខបន្ថែមទៀត ដែលរួមមានផលិតផល ម្រេច ត្រីធម្មជាតិ និងជលផលរស់ទៅកាន់ទីផ្សារប្រទេសចិន»។
យោងតាមលោក វណ្ណហន ពិធីសារទាំង ៣ ដែលទាក់ទងនឹងការនាំចេញផលិតផលកសិកម្មទាំង ៣ ខាងលើរួមមាន ១. ពិធីសារនៃលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញម្រេចកម្ពុជាទៅទីផ្សារប្រទេសចិន, ២. ពិធីសារនៃលក្ខខណ្ឌតម្រូវក្នុងការត្រួតពិនិត្យអនាម័យ ដើម្បីនាំចេញត្រីធម្មជាតិពីកម្ពុជាទៅទីផ្សារប្រទេសចិន, និង ៣. ពិធីសារនៃលក្ខខណ្ឌតម្រូវក្នុងការត្រួតពិនិត្យអនាម័យ ដើម្បីនាំចេញជលផលរស់ពីកម្ពុជាទៅទីផ្សារចិន។
ទោះជាយ៉ាងណា លោក វណ្ណហន បញ្ជាក់ថា ដើម្បីឱ្យមានទីផ្សារកាន់តែធំ និងបរិមាណនាំចេញទៅទីផ្សារអន្តរជាតិកាន់តែច្រើន ក៏ទាមទារឱ្យប្រជាកសិករ ក៏ដូចជាអ្នកវិនិយោគត្រូវខិតខំផងដែរ។ លោកលើកឡើងថា៖ «សូមចាំថារាជរដ្ឋាភិបាលជាអ្នកចរចាត្រួសត្រាយបើកទីផ្សារ (ឬហៅថា រកទីផ្សារ) តែការចូលទៅកាន់ទីផ្សារបាន ឬមិនបាន អាស្រ័យលើសមត្ថភាពវិស័យឯកជន (អ្នកនាំចេញ)»។
លោក ងួន ឡាយ ប្រធានសមាគមម្រេចខេត្តកំពត ដែលជាប្រភេទម្រេច GI បាននិយាយថា បច្ចុប្បន្នការនាំចេញម្រេចពីកម្ពុជាទៅទីផ្សារប្រទេសចិន គឺមានខ្លះហើយ ប៉ុន្តែលោកមិនដឹងថា ការនាំចេញនោះមានលក្ខណៈផ្លូវការ ឬបែបណាទេ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលប្រទេសទាំង ២ អនុញ្ញាតឱ្យមានការនាំចេញស្របច្បាប់ច្រើន វានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកទឹកចិត្តឱ្យមានការវិនិយោគលើការដាំដុះ កែច្នៃ និងវេចខ្ចប់មានកាន់តែច្រើន។ លោកបន្តថា កាលពីសប្តាហ៍មុន ក៏មានអ្នកវិនិយោគមកពីប្រទេសចិនបានមកជួបលោក ដើម្បីពិភាក្សាពីការប្រមូលទិញម្រេចនាំទៅទីផ្សារប្រទេសចិនផងដែរ។
លោកអះអាងថា៖ «នៅពេលម្រេចខ្មែរមានទីផ្សារផ្លូវការទៅប្រទេសចិន វានឹងជួយឱ្យអ្នកដាំដុះបានចំណូលកាន់តែច្រើន ប៉ុន្តែដោយសារនៅប្រទេសចិន ពិសេសខេត្តហៃណាន គេមានសមាគមម្រេចដែរនោះ ដូច្នេះការនាំចេញម្រេចទៅទីនោះក៏នឹងមិនអាចហក់ឡើងខ្ពស់នោះទេ»។
យោងតាមលោក ងួន ឡាយ ម្រេចកំពតប្រហែល ៣០០ គីឡូក្រាម ត្រូវបានឈ្មួញនាំទៅកាន់ខេត្តយ៉ាងដុង ប្រទេសចិន ក្នុង ១ ឆ្នាំៗ។
ទាក់ទងនឹងការនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រទេសចិន លោក ភក់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនថា នៅពេលនេះក្រុមហ៊ុនលោកកំពុងខិតខំពន្លឿននីតិវិធីនាំចេញ ពិសេសការដឹកជញ្ជូន ដើម្បីនាំចេញផ្លែមៀនសាកល្បងទៅប្រទេសចិននៅខែវិច្ឆិកា ដែលអាចមានបរិមាណពីជិត ៥០ តោន ទៅ ៨០ តោន។
លោកនិយាយថា៖ «កត្តាគុណភាព និងភូតគាមអនាម័យល្អប្រសើរបានជួយឱ្យផលិតផលកសិកម្មកម្ពុជាមានទីផ្សារនាំចេញទៅក្រៅប្រទេសកាន់តែច្រើន ជាពិសេសប្រទេសចិន៕