ភ្នំពេញៈ ក្រុមហ៊ុនចិន China Matrix Technology Group-Horche Intelligent Automobile មានបំណងចង់បង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនីនៅខេត្តកោះកុង ដើម្បីបម្រើតម្រូវការក្នុងស្រុក ស្របពេលរដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានជួបជាមួយគណៈប្រតិភូនៃក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile ដែលមានលោក LIU CHU-ANFU ជាអគ្គនាយកស្តីពី «សក្តានុពលវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម និងគោលបំណងរបស់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី ក្នុងខេត្តកោះកុង» តាមរយៈប្រព័ន្ធអនឡាញ។
លោកស្រី មិថុនា ភូថង បានលើកឡើងថា ការបង្ហាញគោលបំណងរបស់ក្រុមហ៊ុនលើការវិនិយោគវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង គឺជាការចាប់យកឱកាសថ្មីមួយទៀតរបស់ក្រុមហ៊ុន ដែលអាចធ្វើការដំឡើងនឹងចែកចាយនៅទូទាំងប្រទេសកម្ពុជា។
លោកស្រីថ្លែងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគចិន ដោយមានលោក LIU CHUANFU អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងដំឡើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង»។
លោកស្រីបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា គណៈប្រតិភូក្រុមហ៊ុនចិន និងរដ្ឋបាលខេត្តអាចនឹងឈ្វេងយល់ពីគ្នាកាន់តែល្អ និងកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងអាចបង្កើតបាននូវកាលានុវត្តភាពវិនិយោគ ក្នុងខេត្តកោះកុងលើវិស័យបច្ចេកវិទ្យារថយន្តអគ្គិសនី»។
កាលពីដើមខែតុលា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដោយកំណត់គំនិតផ្តួចផ្តើមអាទិភាព ៤ ដើម្បីយកមកអនុវត្ត ទោះសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះមិនទាន់បានអនុម័តក៏ដោយ។
គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការបង្កើតក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការកំណត់ទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ចង្កោមវិស័យយានយន្ត និងអេឡិចត្រូនិក, ការសហការជាមួយវិស័យឯកជន ដើម្បីរៀបចំកម្មវិធីបង្កើនជំនាញដល់កម្មករ និយោជិត, និងការបន្តធ្វើឱ្យប្រសើរឡើងនូវនីតិវិធីឡូជីស្ទិក។
សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ត្រូវបានរៀបចំឡើងយ៉ាងលម្អិត ដើម្បីមានភាពគ្រប់ជ្រុងជ្រោយទៅលើបញ្ហាមួយចំនួនដូចជា ទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក, ភាពចាំបាច់នៃការរៀបចំផែនទីបង្ហាញផ្លូវ, បញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា, វិធានការគន្លឹះសម្រាប់អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា, វឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាព ដែលមានចែងនៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវ, និងយន្តការស្ថាប័ន សម្រាប់ការអនុវត្ត និងការតាមដាន និងវាយតម្លៃជាដើម៕