ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ បាន​កៀរគរ​កញ្ចប់​ហិរញ្ញប្បទាន​ចំនួន​ ១៣៥​ លានដុល្លារ សម្រាប់​ក្រុមហ៊ុន ​VinFast ​ដើម្បីឱ្យ​ ក្រុមហ៊ុន​ផលិត​រថយន្ត​ក្រុង​សាធារណៈ។​ ជា​រថយន្ត​ក្រុង​សាធារណៈ ​ដែល​នឹង​ដំណើរការ​ដោយ​ថាម​ពលអគ្គិសនី​ទាំងស្រុងដំបូង​គេ​របស់​វៀតណាម​ហើយ VinFast​ ក៏នឹង​ត្រូវសាងសង់​បណ្តាញ​សាក​រថយន្ត​អគ្គិសនី​ជាតិ​ដំបូង​គេដែរ​។ នេះបើ​តាម​សារព័ត៌មាន​វៀតណាម​ កាលពី​ថ្ងៃទី ២៤ ​ខែតុលា​។​

កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុនេះ​ នឹងគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​វៀតណាម​ ក្នុងការ​សម្រេច​គោលដៅ ​អព្យាក្រឹត​កាបូន និងពង្រីក​ឧស្សាហកម្ម​នេះ ដោយផ្អែក​លើ​បច្ចេកវិទ្យា​ជាន់ខ្ពស់​។

ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​រយៈពេល ​៧ឆ្នាំ ​រួមមាន​ប្រាក់កម្ចី​ចំនួន ​២០ លានដុល្លារ​ ដែល​ផ្តល់​ដោយ​មូលនិធិ​របស់ ADB និង​ប្រាក់កម្ចី​ប៉ារ៉ាឡែល​ (កម្ចី​រវាង​ក្រុមហ៊ុន​ ២)​ ចំនួន ​៨៧​ លាន​ដុល្លារ ​ដែល​សម្រប​សម្រួល​ដោយ ​ADB។ ​ចំណែក​ឯទឹក ប្រាក់ចំនួន​២៨​លានដុល្លារ​ទៀត គឺជា​ហិរញ្ញប្បទាន​សម្បទាន​។

អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់​ ADB អ្នកស្រី Suzanne Gabory ​បាន​លើកឡើង​ថា៖​ «គម្រោងនេះ ​ផ្តល់នូវ​ដំណោះ​ស្រាយដឹក​ជញ្ជូន​ប្រកប​ដោយនិរន្តរ​ភាព​សម្រាប់​ប្រទេស​វៀតណាម ហើយ​ជួយ​ប្រទេស​នេះ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​អា​កាសធាតុ​ និង​គាំទ្រ​ដល់​កំណើន​ហិរញ្ញវត្ថុ​អាកាស​ធាតុនៅ​ក្នុង​តំបន់​»។

អ្នកស្រី​បន្តថា៖ «អាស៊ី​និង​ប៉ាស៊ីហ្វិក ​គឺ​ជាតំបន់​ជួរ​មុខ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការ​ប្រែប្រួល អាកាសធាតុ​ជា​សកល​ ហើយ​គម្រោង​សម្រាប់​វិស័យ​ឯកជន​បែប​នេះ ​ជា​មួយ​ដៃ​គូច្នៃ​ដែល​ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ដូចជា​ VinFast ពិតជា​មាន​សារៈ សំខាន់​ណាស់​ក្នុង​ការ​ជួយ​ប្រទេស​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​»។

វិស័យដឹក​ជញ្ជូន​របស់​វៀតណាម​មាន​ចំណែក​ប្រមាណ​ ១៨​ ភាគរយ​ នៃ​ការបំភាយ​ឧស្ម័នផ្ទះ​កញ្ចក់​ប្រចាំ​ឆ្នាំ។ ​ដូច្នេះ​ការបន្ថយ​បំភាយ​ឧស្ម័ន​តាមរយៈ​ជម្រើសផ្សេងៗ​ដូចជា​ការ​ធ្វើ​បំលាស់ទី​ដោយប្រើ​ថាមពល​អគ្គិសនី ​(e-mobility) នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​មហិច្ឆតា​របស់​ប្រទេស​វៀតណាម​ ក្នុង​ការ​សម្រេច​បាន​នូវ​អព្យា​ក្រឹត​កាបូន​ត្រឹមឆ្នាំ​ ២០៥០​។

លើសពី​នេះទៀត​ គម្រោងនេះ​ក៏​រួម​បញ្ចូល​ទាំង​ជំនួយ​បច្ចេកទេស ​(TA)​ ចំនួន​ជិត ១ លាន​ដុល្លារ​ពី​ ACFP​ និង​ CTF។ ជំនួយនេះ​នឹង​ផ្តោតលើ​ការ​បង្កើន​ចំណេះដឹង​របស់​អ្នក​ប្រើប្រាស់​អំពី​ e-mobility​ ដើម្បី​ជួយ​ជំរុញ​ការ​ពង្រីក​ទីផ្សារ​បន្ថែមទៀត​។

បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ ​VinFast​ គឺជា​ក្រុមហ៊ុន​រថយន្ត​ក្នុងស្រុក ​និង​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​គេ​របស់​វៀតណាម។​ VinFast​ គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Vingroup​ Joint​ Stock ​Company​ ដែលជា​សហគ្រាស ឯកជន​ធំ​បំផុត​របស់​វៀតណាម​និង​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី (ហ៊ុន) ធំ​ជាង​គេ​នៅ​វៀតណាម​។

VinFast បាន​អភិវឌ្ឍ​ន៍​រថយន្តអគ្គិសនី​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ​ ហើយ​កំពុង​វិនិយោគ​​លើ​បណ្តាញ​ទូទាំង​ប្រ​ទេស​​សម្រាប់​ការសាកថ្ម​ល្បឿនលឿន​លើប្រភេទ​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម​៕