ភ្នំពេញ​៖ ក្រុមហ៊ុន Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន Global Mobility Player Cartrack Partner ​ដែលជា​ក្រុមហ៊ុន​ផ្តល់នូវ​ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក ដើម្បី​នាំយក​ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ ថ្នាក់​លំដាប់​ដំបូង​បំផុត​” នៃ​សេវា​គ្រប់គ្រង​យានជំនិះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រុមហ៊ុន Cartrack ​ដែល​ជា​ផ្លាតហ្វម​ផ្តល់​សេវាកម្ម​សូហ្វវែរ​ចល័ត​ឈាន​មុខ​គេ​លើ​ពិភពលោក ផ្តល់ជូន​នូវ​ដំណោះស្រាយ​វិភាគ​ទិន្នន័យ​ភ្លាមៗ សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ឆ្លាតវៃ​ដល់​អតិថិជន​ជាង ១,៦ ​លាន​នាក់ និង​ដៃគូ​អាជីវកម្ម ៩៣ ០០០ នៅ ២៣​ ប្រទេស​ទូទាំង​ពិភពលោក​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Smart Axiata​។

ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​រវាង​ក្រុមហ៊ុន Smart Axiata និង​ក្រុមហ៊ុន Cartrack (​ស្ថិតក្រោម​ឈ្មោះ​ពាណិជ្ជកម្ម “Smart Fleet Management”) នឹង​មាន​វត្តមាន​ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ដែល​ត្រូវការ​ដំណោះស្រាយ​លើ​ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការចំណាយ​លើ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​យានជំនិះ​របស់ខ្លួន​។

ក្រុមហ៊ុន Smart Axiata ​បាន​ឱ្យដឹង​ថា​៖ «​ដំណោះស្រាយ​លំដាប់​ពិភពលោក​នេះ ផ្តល់​តម្លៃ​សមរម្យ ដែល​អតិថិជន​ជា​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ​អាច​ទទួលបាន​​ទិន្នន័យ​ផ្សេងៗ​លើ​ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ ដែលជា​ជំនួយ​ដល់​ការធ្វើការ​សម្រេចចិត្ត​ផ្សេងៗ​។​ក្រុមហ៊ុន​មួយ​នេះ​បន្ត​ថា លក្ខណ​ពិសេស​របស់​ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​នេះ​រួមមាន ការពិនិត្យ​តាមដាន​លើ​យានជំនិះ​យ៉ាង​ទូលំទូលាយ​និង​តាម​ពេលវេលា​ជាក់ស្តែង រួមទាំង​ព័ត៌មាន​ស៊ីជម្រៅ​លើ​ប្រតិបត្តិការ​យានជំនិះ អាច​សិក្សា​ពី​អាកប្បកិរិយា​របស់​អ្នកបើកបរ បូករួម​ការបណ្តុះបណ្តាល​អំពី​សេវាកម្ម​ពី​អ្នកឯកទេស និង​ការគាំទ្រ​យ៉ាង​ពេញលេញ​ក្រោយពេល​លក់ ដោយ​ផ្ដល់​របាយការណ៍​យ៉ាង​លម្អិត តាមរយ:​ផ្ទាំង​ព័ត៌មាន​ដែល​មាន​ភាព​ច្បាស់លាស់ និង​ងាយស្រួល​យល់​។

ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​នេះ​អាច​ឱ្យ​ម្ចាស់​យានជំនិះ ធ្វើការ​គ្រប់គ្រង​ពេញលេញ​ទៅលើ​យានជំនិះ​របស់ខ្លួន ជាមួយ​នឹង​ការរៀបចំ​ផែនការ​ដឹកជញ្ជូន​ឆ្លាតវៃ ការពិនិត្យ​តាមដាន​ទាំង​អ្នកបើកបរ ទាំង​យានជំនិះ (​រួមទាំង​ការតាមដាន​តាម​ពេលវេលា​ជាក់ស្តែង​) របាយការណ៍​អំពី​ចម្ងាយ​បើកបរ ការជូនដំណឹង​អំពី​ការបើកបរ​លើស​ល្បឿន របាយការណ៍​ចត​រថយន្ត របាយការណ៍​ឧបករណ៍​សិនស័រ (Sensor) លើ​ប្រេង​ឥន្ធនៈ ការផ្តល់​សញ្ញា​លើ​សីតុណ្ហភាព​រថយន្ត និង​មុខងារ​ឆ្លាតវៃ​ជាច្រើន​ទៀត​។​ របាយការណ៍​នឹង​បញ្ជូន​ទៅ​ម្ចាស់​អាជីវកម្ម​តាមរយៈ​ការផ្ញើ​សារ​ដោយ​ផ្ទាល់​ភ្លាមៗ​តាម កម្មវិធី​ទូរស័ព្ទ (​អ៊ែប​) និង វេបផតថល (web portal)។

លោក Zak Calisto ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Cartrack ​បាន​ឱ្យដឹង​ថា​ក្រុមហ៊ុន Cartrack ​កំណត់​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​ឧបករណ៍ IoT ទំនើប​របស់​ក្រុមហ៊ុន ដោយ​ប្រើ​ប្រព័ន្ធ​សិក្សា​ដោយ​ម៉ាស៊ីន Machine learning ​និង​ការវិភាគ​ទិន្នន័យ ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ព័ត៌មាន​ស៊ីជម្រៅ​ជា​ជំនួយ​ដល់​ការចាត់​វិធានការ​បាន​ប្រកបដោយ​ភាព​វៃឆ្លាត និង​ជួយ​លើកកម្ពស់​ដល់​ការប្រតិបត្តិ​ការ​ផ្ទាល់​កន្លែង និង​ទទួលបាន​លទ្ធផល​ល្អ​ដល់​អាជីវកម្ម​។​ លោក​បន្ត​ថា​៖ «​យើង​មាន​ក្តីរំភើប​រីករាយ​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart Axiata ដើម្បី​គាំទ្រ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​របស់​កម្ពុជា​ដែល​ជា​ផ្នែក​សំខាន់​ក្នុងការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​»​។

លោក FeiruzIkhwan ​នាយក​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន Smart Axiata បាន​ថ្លែង​ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​នាំមុខគេ​ខាង​ផ្នែក​ឌីជីថល​នៅ​កម្ពុជា យើង​សូម​ស្វាគមន៍​បច្ចេកវិទ្យា​ AI ដ៏​គួរឱ្យ​ចាប់អារម្មណ៍ និង​មាន​ស្តង់ដា​លក្ខណៈ​ពិភពលោក​ដែល​ក្រុមហ៊ុន Cartrack ​ផ្តល់ជូន​ដល់​អតិថិជន​ដែលជា​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​របស់​យើង​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា តាមរយៈ​ការផ្តល់​សេវា​ប្រព័ន្ធ​គ្រប់គ្រង​យានជំនិះ​របស់​ក្រុមហ៊ុន Cartrack​ ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ទូទាំង ២៥ ​ខេត្ត​ក្រុង យើង​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​អាច​ពង្រីក​អាជីវកម្ម​របស់​ពួកគេ លើកកម្ពស់​ប្រសិទ្ធភាព​ប្រើប្រាស់​យានជំនិះ កាត់បន្ថយ​ភាព​គ្មាន​ប្រសិទ្ធភាព និង​ធ្វើឱ្យ​ប្រាក់​ចំណេញ​កាន់តែ​កើនឡើង​»​។

ដំណោះស្រាយ​ថ្មី​ ដែល​បាន​ចាប់ផ្ដើម​ពី​ខែ​តុលា​នេះ គឺជា​ផ្នែក​មួយ​នៃ​ការជំរុញ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​លើក​ទឹកចិត្ត​ដល់​ការទទួលយក​ដំណោះស្រាយ​បែប​ឌីជីថល​សម្រាប់​អាជីវកម្ម​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។ Smart Fleet Management ត្រូវបាន​រំពឹង​ថា នឹង​មាន​តម្រូវការ​ខ្ពស់​ពី​សំណាក់​សហគ្រាស​ខ្នាតតូច មធ្យម និង​ខ្នាត​ធំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ទាំងនោះ​សម្លឹង​ឆ្ពោះ​ទៅរក​ការបង្កើន​ប្រសិទ្ធភាព​លើ​ប្រតិបត្តិការ និង​កាត់បន្ថយ​ការចំណាយ​របស់​អាជីវកម្ម​៕