ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី បាន​ទទួលជោគជ័យ​យ៉ាង​ត្រចះត្រចង់ ទាំង​ប្រសិទ្ធភាព​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ទីផ្សារ និង​ការ​បើក​គណនី​ជួញដូរ​ថ្មី នៅក្នុង​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា ឆ្នាំ ២០២២ ដែល​មាន​ប្រធានបទ «My First Stock 2022»។ ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំ និង​ដឹកនាំ​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) កាលពី​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២២ កន្លងទៅ​នេះ។

ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី បាន​ចូលរួម​ដោយ​មោទនភាព​ក្នុងនាម​ជា​អ្នកឧបត្ថម្ភ​កម្រិត​មាស និង​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ក្រុមហ៊ុន ក៏ដូចជា​សម្រាប់​កំណើន​ទីផ្សារ​ទាំងមូល តាមរយៈ​ការ​បើក​គណនី​ជួញដូរ​ថ្មី​ចំនួន ៧៣០ គណនី​ជូន​វិនិយោគិន ក្នុងរយៈពេល ៣ ថ្ងៃ​នៃ​កម្មវិធី​នេះ។ ទិន្នន័យ​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញថា ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី គឺជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ​ដ៏​ឆ្នើម​បំផុត​មួយ។

លោក ជា សុធា ដែល​ជា​អគ្គនាយក និង​អភិបាល​នៃ​ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី បាន​មានប្រសាសន៍​ថា ៖«លទ្ធផល​ដែល​យើង​ទទួល​បាន​ក្នុង​ពេលនេះ បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍ និង​ចំណេះដឹង​កាន់តែ​ច្រើនឡើង​របស់​សាធារណជន​ក្នុង​ការ​វិនិយោគ​មូលបត្រ ដែល​និយតករ​ទីផ្សារ ប្រតិបត្តិ​ករ​ទីផ្សារ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ តែងតែ​ព្យាយាម​ផ្សព្វផ្សាយ​កន្លងមក»។

ជាក់ស្ដែង ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា ឆ្នាំ ២០២២ នៅ​ផ្សារ​ទំនើប​អុី​អន​ម៉​លភ្នំ​ពេញ ជាមួយនឹង​សកម្មភាព​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន ក្រោម​ការដឹកនាំ​របស់ ផ.ម.ក ក៏​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​សម្រាប់​ភាព​ជោគជ័យ​ទាំង​ក្នុង​ពេលនេះ និង​ពេល​អនាគត ដែល​យើង​ត្រូវតែ​សម្តែង​ការ​អរគុណ​ឱ្យ​អស់ពី​ចិត្ដ»។

លោក​បាន​បន្ថែម​ទៀត​ថា ៖«ដោយក្រុម​ហ៊ុន​យើង​មាន​គោលបំណង​បង្កើន​ការយល់​ដឹង​អំពី​ទីផ្សារ​មូលបត្រ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​ជុំវិញ​ទីផ្សារ​នៅ​កម្ពុជា ជាពិសេស​វិស័យ​មូលបត្រ​ដូចជា ភាគហ៊ុន និង​បណ្ណ​បំណុល តាមរយៈ​ការចូលរួម​ពិព័រណ៍​នេះ យើង​បាន​ជួបពិភាក្សា ប្រឹក្សា​យោបល់ និង​គាំទ្រ​យ៉ាងសកម្ម​ដល់​វិ​និ​យោ​គិ​នសក្តា​នុ​ពល​ទាំងអស់»។

លើស​ពីនេះ​ទៅទៀត វិនិយោគិន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​ភាគហ៊ុន ក៏អាច​ចុះឈ្មោះ​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​ដោយ​ឥតគិតថ្លៃ ខណៈ​ដែល ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី បាន​ផ្ដល់​ជូន​ភាគហ៊ុន (១ហ៊ុន) របស់​ធនាគារ​អេ​ស៊ី​លីដា ដោយ​ឥតគិតថ្លៃ សម្រាប់​វិនិយោគិន​ដែល​បាន​បើក​គណនី​ជួញដូរ​ក្នុងអំឡុងពេល​នៃ​កម្មវិធី ព្រមទាំង​បាន​ផ្ដល់​ការ​បញ្ចុះតម្លៃ ៥០% លើ​ប្រតិបត្តិ​ការ​ជួញដូរ​សម្រាប់​វិនិយោគិន​ដែល​បើក​គណនី​ជួញដូរ​ជាមួយ​ក្រុមហ៊ុន ចាប់ពី​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ផង​ដែរ។

លោក ជា សុធា បាន​បញ្ជាក់​ទៀត​ថា ៖«ការ​ផ្ដល់​ជូន​ភាគហ៊ុន និង​ការ​បញ្ចុះតម្លៃ​លើ​ប្រតិបត្តិ​ការ​ជួញដូរ​នេះ គឺ​សម្រាប់​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​យើង​អាច​ធ្វើ​ពិពិធ​កម្មផល​បត្រ​វិនិយោគ​បន្ថែម ដើម្បី​បង្កើន​សេរីភាព​ហិរញ្ញវត្ថុ​របស់​ពួក​គាត់ តាមរយៈ​ការ​វិនិយោគ​ដើមទុន​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ដែល​បាន​ចុះបញ្ជី​ក្នុង ផ.ម.ក»។

បន្ថែម​ពីលើ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​និយតករ​ទីផ្សារ ប្រតិបត្តិ​ករ​ទីផ្សារ មិត្តភក្តិ អតិថិជន និង​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ជឿ​ទុកចិត្ត​លើ​ក្រុមហ៊ុន​របស់​ខ្លួន និង​បាន​រួមគ្នា​ធ្វើ​ឱ្យ​ការ​តាំងពិព័រណ៍​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង ក្រុមហ៊ុន ភី​ភី លីង ស៊ី​ឃ្យួ​រឹ​ធី បាន​សន្យា​ថា នឹង​បន្ដ​ផ្ដល់​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ និង​ភាព​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​អតិថិជន​របស់​ខ្លួន ព្រមទាំង​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និង​វិស័យ​ហិរញ្ញវត្ថុ​អន្តរជាតិ​ផង​ដែរ​៕