ភ្នំពេញៈ និយតករ​មូលបត្រ​កម្ពុជា ​(SERC) នឹងដាក់​ឱ្យ​ដំណើរការ​នូវ​ក្រុមហ៊ុន​មូលនិធិ (Exchange Trading Fund-ETF) ​នៃ​ទីផ្សារ​អចលនវត្ថុ​នៅ​ឆ្នាំ​ ២០២៣ ដែល​អនុញ្ញាត​ឱ្យគេ​អាចធ្វើ​ការជួញដូរ​លើ​ផ្សារមូលបត្រ​កម្ពុជា (CSX) ហើយ​ជាការ​បើកផ្លូវ​ឱ្យ​ពួកគេ​ធ្វើការ​កៀរគរ​ទុន​បន្ថែម​ពី​សាធារណជន​ ដើម្បី​យក​ទៅ​ពង្រីក​ការអភិវឌ្ឍ​វិស័យ​អចលនវត្ថុ​។

លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៦ ខែតុលា​ថា SERC កំពុង​រៀបចំ​បទប្បញ្ញត្តិ​ទាក់ទង​នឹង​ក្រុមហ៊ុន​មូលនិធិ Fund Management Company ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​អាច​ធ្វើការ​កៀរគរ​មូលនិធិ​បន្ថែម​ ដើម្បី​យក​ទៅ​វិនិយោគ​នៅលើ​វិស័យ​អចលនទ្រព្យ​របស់ខ្លួន​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ពិនិត្យ ដោយ​យើង​នឹង​អាច​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២៣ ដែល​ក្រុមហ៊ុន Fund Management company អាច​រៀបចំ​បណ្តើរៗ​។ ផលិតផល​នេះ​គឺ​ធ្វើឡើង​តាមរយៈ​ការប្រមូល​សាច់ប្រាក់​ពី​វិនិយោគ​ ដើម្បី​យកទៅ​វិនិយោគ​ក្នុង​វិស័យ​អចលនវត្ថុ​»​។

លោក​បន្ថែមថា ពេលណា​មាន​ផលិតផល Fund នេះ គឺ​ផលិតផល​នេះ​អាច​ចុះបញ្ជី​នៅលើ​ផ្សារមូល ​ត្រ​កម្ពុជា​ដែល​អនុញ្ញាត​ឱ្យ​បំប្លែង Property Fund ឱ្យទៅជា Exchange Trading Fund ដែល​អនុញ្ញាតឱ្យ​ខ្លួន​ធ្វើការ​ជួញដូរ​លើ​ផ្សារភាគហ៊ុន​បាន ប៉ុន្តែ​ពួកគេ​ក៏ត្រូវ​ទាមទារ​ឱ្យមាន​វិធាន​ចុះបញ្ជី​បន្ថែមទៀត​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នៅពេលនេះ​យើង​កំពុង​សិក្សា​លទ្ធភាព ព្រោះ​យើង​ត្រូវ​រៀបចំ​បទ​ប្បញ្ញត្តិ​ច្រើន​ ដើម្បី​អនុញ្ញាត​ឱ្យ​វា​ដំណើរការ​ទៅរួច គ្រាន់តែ​ការប្រមូល​សាច់ប្រាក់​ដើម្បី​វិនិយោគ​អចលនវត្ថុ​យើង​អាច​សម្លឹងមើល​ឆ្នាំក្រោយ ប៉ុន្តែ​ការយក​វា​ទៅ ចុះបញ្ជី​ដើម្បី​ធ្វើការ​ជួញដូរ​គឺ​យើង​ត្រូវការ​ពេល​បន្ថែមទៀត​។

លោក ច្រឹក សុខនឹម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យ​ដឹងថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ដើរតួនាទី​ជា​កាតាលីករ​មួយ​ដ៏សំខាន់​ក្នុងការ​ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​អាច​កៀរគរ​ការវិនិយោគ​ពី​សាធារណជន និង​ធ្វើការ​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​។

លោក​ថ្លែងថា​៖ «​យើង​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​អាជ្ញាធរ ជាពិសេស​និយតករ​មូលបត្រ​កម្ពុជា​ដែល​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ទាំងឡាយ​អាច​មាន​លទ្ធភាព​បន្ថែមទៀត ពិសេស​តាមរយៈ​ការកៀរគរ​មូលនិធិ​តាម​ផ្សារភាគហ៊ុន​ ដែល​ជា​ការរួម​ចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​កាន់តែ​​រឹងមាំ និង​មាន​និរន្តរភាព​»​។

យោងតាម​លោក ស៊ូ សុជាតិ បច្ចុប្បន្ន SERC បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​គ្រប់​មូលនិធិ​ចំនួន​ ១៥ ហើយ​ក្រុមហ៊ុន​មូលនិធិ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​អាច​រៀបចំ​ផលិតផល​នេះ​បាន ដោយ SERC​នឹងធ្វើ​ការសិក្សា​មួយ​ជំហាន​ទៅមុខទៀត​គឺ​ការយក​ផលិតផល Fund នេះ​ទៅ​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគាត់​ធ្វើការ​ជួញដូរ​បាន​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវការ​ពេលវេលា​ខ្លះ ដោយ​ត្រូវ​ធ្វើការ​ជាមួយ​និយតករ​អចលនវត្ថុ​បន្ថែមទៀត ដូច្នេះ​វា​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​យើង​នឹង​ពិនិត្យ​ការងារ​នេះ​បន្ត​។ យើង​នឹង​មាន​លក្ខខណ្ឌ​ដែល​យើង​នឹង​រៀបចំ​ចេញ​ជា​បន្តបន្ទាប់​អាច​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ​ដែល​យើង​កំពុង​សិក្សា​អ៊ីចឹង​ហើយ​នេះ​ជា​គំនិត​ផ្តួចផ្តើម​ដែល​យើង​ត្រូវការ​ពេល​ ដើម្បី​រៀបចំ​បទប្បញ្ញត្តិ​នានា​ដែល​អនុញ្ញាតឱ្យ​ចាប់ផ្តើម​ដំណើរការបាន​។ យើង​ដាក់​ទិសដៅ​នៅ​ឆ្នាំក្រោយ​ បើសិន​បទប្បញ្ញត្តិ​នានា​រួចរាល់​»៕