ភ្នំពេញៈ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា-​អេមីរ៉ាតអារ៉ាប់រួម​ (CEPA) ដែល​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ទើប​ចុះ​ហត្ថលេខា​បើក​ធ្វើការ​ចរចា​ជា​ផ្លូវការ​នា​ដើម​សប្តាហ៍​នេះ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រទេស​ទាំង​ ២ គឺ​លើសពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) ដែល​កម្ពុជា​បាន​ធ្វើ​លក្ខណៈ​ទ្វេភាគី​កន្លងមក​។ តាម​ការប៉ាន់ស្មាន​រយៈពេល​នៃ​ការចរចា​នេះ​អាច​នឹងត្រូវ​បញ្ចប់​រួចរាល់​នៅក្នុង​ឆ្នាំ​ ២០២៣ ខាងមុខ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ប្រកាស​បើក​ការចរចា​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម កាលពី​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ ​២០២២ នៅ​រដ្ឋធានី​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​។

ក្នុង​ពិធី​បើក​ការចរចា​ខាងលើ លោក ប៉ាន សូរស័ក្តិ បាន​និយាយថា ប្រទេស​អេមីរ៉ាតអារ៉ាប់រួម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​បានរួម​ចំណែក​ប្រមាណ ៦០ ​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​នៅ​តំបន់​នេះ​។ CEPA នឹង​បន្ត​គាំទ្រ​ដល់​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ​។

លោក ប៉ែន សុវិជាតិ អនុ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៥ ខែតុលា​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​កម្ពុជា-​អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើម​ចរចា​នេះ​នឹងមាន​លក្ខណៈ​បើកទូលាយ​ជាង​កិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​កម្ពុជា​បានធ្វើ​កន្លងមក​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ ព្រោះ​ក្រៅពី​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច កិច្ចព្រមព្រៀង CEPA ក៏​នឹងមាន​លើកឡើង​ពី​ឱកាស​ក្នុង​ការរួម​សហការ​គ្នា​ ដើម្បី​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ដូចជា ប្រេង ធនធាន​រ៉ែ និង​កសិកម្ម ជាដើម​។

លោក​បន្តថា កន្លងមក​កិច្ចព្រមព្រៀង CEPA ប្រទេស​អេមីរ៉ាតអារ៉ាប់រួម បាន​ធ្វើ​ជាមួយ​ប្រទេស​មួយចំនួន​ដូចជា ឥណ្ឌា អ៊ីស្រាអែល និង​ឥណ្ឌូនេស៊ី​ (​ទើបតែ​បញ្ចប់​ការចរចា​)​។

លោក​បាន​ថ្លែងថា​៖ «​ការគិត​ដំបូង គឺ​ភាគី​ទាំង ២​ ធ្វើ​ត្រឹម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ដែល​ផ្តោតលើ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែលជា​ផ្នែក​សំខាន់​ក្នុង FTA ប៉ុណ្ណោះ ប៉ុន្តែ​នៅពេល​មាន​ការ​ជជែក​គ្នា​កាន់តែ​ច្រើន ភាគី​ទាំង​ ២ ក៏បាន​ពិនិត្យឃើញ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​ប្រទេស​នីមួយៗ​មាន​សក្តានុពល​ឱ្យ​គ្នា​ទៅវិញ​ទៅមក​សម្រាប់​ការធ្វើ​កិច្ចព្រមព្រៀង CEPA»​។

បើតាម​លោក សុវិជាតិ សក្តានុពល​ដែល​កម្ពុជា​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភាគី​អេមីរ៉ាតអារ៉ាប់រួម មាន​ដូចជា ធនធាន​ប្រេង រ៉ែ កសិកម្ម ផលិតកម្ម​សាច់សត្វ ដែល​ជា​ប្រភពធនធាន​ សម្រាប់​វិនិយោគ​នៅ​កម្ពុជា ខណៈ​កម្ពុជា​សម្លឹង​ពី​វិសាលភាព​ដ៏ធំធេង​នៃ​ទីផ្សារ​នាំចេញ​ផលិតផល​របស់ខ្លួន​ជាច្រើន​ដូចជា ផលិតផល​កសិកម្ម វាយនភណ្ឌ និង​គ្រឿង​បង្គុំ​ទៅ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម រួមទាំង​ប្រទេស​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​។

លោក​អះអាង​ថា​៖ «​យើង​សង្ឃឹមថា​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹងមាន​អ្នកវិនិយោគ​ពី​ប្រទេស​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ជាច្រើន​ចូលមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផលិត​នាំ​ទំនិញ​ចេញទៅ​ទីនោះ​។ ការបើក​ទីផ្សារ​ជាមួយ​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម គឺ​ដូច​ជា​ការបើក​ច្រកទ្វារ​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​នោះដែរ ព្រោះ​ប្រទេស​ទាំងអស់​នោះ​ក៏មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ផងដែរ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយ​ថា ក្រៅពី​ការបើក​ទីផ្សារ​ថ្មី​ សម្រាប់​ទំនិញ​កម្ពុជា និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​លើ​អ្វីដែល​កម្ពុជា​កំពុង​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន កូរ៉េ និង​កិច្ចព្រមព្រៀង RCEP​។ តាមរយៈ​ទំនាក់ទំនង​នេះ​ក៏​អាច​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​បទពិសោធ និង​បច្ចេកទេស​យកមក​អនុវត្ត​លើ​អាជីវកម្ម​ប្រេង​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច និង​បើក​ការចរចា​គ្នា​នេះ ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ក៏បាន​ដឹកនាំ​ក្រុមការងារ​របស់ខ្លួន​ ដើម្បី​ទៅ​ពង្រីក និង​ពង្រឹង​បណ្តាញ​ពាណិជ្ជកម្ម ព្រមទាំង​ការផ្សព្វផ្សាយ​ពី​កាលានុវត្តភាព​វិនិយោគ និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង ​២ ជាពិសេស​នៅក្នុង​វិស័យ​សក្តានុពល​សំខាន់ៗ​ដូចជា កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ថាមពល ហិរញ្ញវត្ថុ ការសាងសង់ ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ទំនិញ​សម្រាប់ធ្វើ​ដំណើរ​ផងដែរ​»​។

យោងតាម​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​រយៈពេល ៨​ ខែ ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មាន​ទឹកប្រាក់​សរុប ២៧៩ ​លាន​ដុល្លារ កើនឡើង ៤០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ៕