ភ្នំពេញៈ កម្ពុជា-សិង្ហបុរី នឹង​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រួម​ក្នុងពេល​ឆាប់ៗ​ ដើម្បី​សិក្សា​ពី​នីតិវិធី និង​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​មួយចំនួន​មុន​ឈានទៅ​បើក​ច្រក​នាំចេញ​ថាមពល​អគ្គិសនី​ស្អាត តាម​ប្រព័ន្ធ​ខ្សែបណ្តាញ​កាប​រត់​ក្រោម​សមុទ្រ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​សិង្ហបុរី ខណៈ​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ទើបបាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីអំពី​ «​កិច្ចសហប្រតិបត្តិការ​ថាមពល​»​។ នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

អនុស្សរណៈ​យោគយល់​គ្នា​ (MoU)​ ស្តីពី​ «​កិច្ចសហប្រតិបត្តិការ​ថាមពល​» រវាង​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​សាធារណរដ្ឋ​សិង្ហបុរី ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ​ ២០២២ រវាង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជាមួយនឹង​លោក Tan See Leng រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស និង​ជា​រដ្ឋមន្ត្រី​ទី​២ ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៃ​ប្រទេស​សិង្ហបុរី​។

នៅក្នុង​អំឡុងពេល​ចុះ MoU លោក ស៊ុយ សែម បាន​លើកឡើង​ថា អនុស្សរណៈ​យោគយល់​គ្នា​ដែល​ចុះហត្ថលេខា​នេះ គឺជា​ជំហាន​ដ៏សំខាន់​ ដើម្បី​ភាពរីកចម្រើន​នៃ​ការអភិវឌ្ឍ​វិស័យ​ថាមពល​ទាំង​ក្នុង​តំបន់ និង​ប្រទេស​ទាំង ២​ បន្ថែមទៀត ជាពិសេស​គឺ​ចូលរួម​ចំណែក​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរកាល​ថាមពល និង​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម​តភ្ជាប់​ថាមពល​ក្នុង​តំបន់​។

អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ហេង គុណលាង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ខែតុលា​ថា MoU នេះ​គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត​ ដែល​បង្ហាញថា វិស័យ​ថាមពល​កកើត​ឡើងវិញ ឬ​ថាមពល​ស្អាត​នៅ​កម្ពុជា មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ តាមរយៈ MoU នេះ​ប្រទេស​ទាំង ២​ នឹង​រៀបចំ​បង្កើត​ក្រុមការងារ​បច្ចេកទេស​រួមគ្នា ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​សក្តានុពល​បច្ចេកវិទ្យា​ថាមពល​កាបូន​ទាប ​ខ្សែចង្វាក់​ផលិតកម្ម​ថាមពល ការផ្លាស់ប្តូរ​ព័ត៌មាន​គោលនយោបាយ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ ការកសាង​សមត្ថភាព​ធនធាន​មនុស្ស និង​ការរៀបចំ​វាយតម្លៃ​ថាមពល​កកើត​ឡើងវិញ ក្នុង​គោលដៅ​ធើ្វ​យ៉ាងណា​បង្កើត​ឱកាស​អភិវឌ្ឍន៍ និង​វិនិយោគ​គម្រោង​ថាមពល​កកើត​ឡើងវិញ និង​ពាណិជ្ជកម្ម​ថាមពល​តភ្ជាប់​បណ្តាញ​អគិ្គសនី ដែលមាន​អត្ថប្រយោជន៍ និង​ការបោះ​ជំហាន​ឆ្ពោះទៅរក​ចក្ខុវិស័យ​នៃ​ការតភ្ជាប់​ថាមពល​អាស៊ាន ដើម្បី​លើកកម្ពស់​សន្តិសុខ​ថាមពល និង​ចីរភាព​នៅក្នុង​តំបន់​អាស៊ាន​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​ជា​ការចាប់ផ្តើម ប៉ុន្តែ​គឺជា​មោទនភាព​មួយ​ សម្រាប់​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​ដែល​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ទៅជា​ប្រទេស​ដែល​មាន​សមត្ថភាព​ក្នុង​ការផ្គត់ផ្គង់​ថាមពល​ស្អាត​ទៅឱ្យ​ប្រទេស​ក្នុង​តំបន់​វិញ​»​។

លោក​ប្រាប់ទៀត​ថា ជាមួយ​នឹង​ការកែលម្អ និង​វិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​កម្ពុជា​អាច​មាន​សមត្ថភាព​ទាញយក​ថាមពល​កកើត​ឡើងវិញ ឬ​ថាមពល​ស្អាត​បាន​ដល់ ៨០ ​ភាគរយ​នៅ​រដូវវស្សា​ (​ឆ្នាំ​ ២០២២)​ ។ ថាមពល​កកើត​ឡើងវិញ ឬ​ថាមពល​ស្អាត សំដៅ​ដល់​ថាមពល​អគ្គិសនី ដែល​បានមកពី​ប្រភព​វារីអគ្គិសនី ពន្លឺព្រះអាទិត្យ ខ្យល់ និង​ជីវម៉ាស់ ជាដើម​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​បញ្ជូន​ថាមពល​អគ្គិសនី​ស្អាត​នេះ​នឹង​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​ខ្សែបណ្តាញ​កាប​រត់​ក្រោម​សមុទ្រ​ពី​កម្ពុជា​ទៅ​ប្រទេស​សិង្ហបុរី​នាពេល​អនាគត​។ សិង្ហបុរី ជា​ប្រទេស​ទី​ ១ ដែល​កម្ពុជា​បាន​ចុះ MoU លើ​កិច្ចការនាំចេញ​ថាមពល​នេះ​»​។

កម្ពុជា​នឹង​ខិតខំ​អនុវត្តតាម​គោលការណ៍​នៃ MoU នេះ​ឱ្យបាន​ជោគជ័យ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ត​ភ្ជាប់​បណ្តាញ​អគិ្គសនី​ក្នុង​តំបន់​អាស៊ាន ដោយ​ធានា​ឱ្យបាន​សន្តិសុខ​ថាមពល និង​បង្កើនល្បឿន​អន្តរកាល​ថាមពល​ក្នុង​តំបន់​នៅពេល​បច្ចុប្បន្ន និង​ពេល​អនាគត​ប្រកប​ដោយ​ប្រសិទ្ធភាព ស្មារតី​សាមគ្គីភាព និង​ការទទួល​ខុសត្រូវ​ដែល​ទង្វើ​នេះ​កំពុង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ ការថែរក្សា​ភពផែនដី​ឱ្យមាន​ភាពស្រស់​បំព្រង តាមរយៈ​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ នេះ​បើតាម​លោក គុណលាង​។

កាលពី​ថ្ងៃទី ​២២ ខែកញ្ញា កន្លងមក រោងចក្រ​ថាមពល​ជីវម៉ាស់​ដ៏សំខាន់​មួយ​របស់​រោងចក្រ​ផលិត​ស្រាបៀរ Heineken Cambodia ដែល​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោម​ទុនវិនិយោគ ៦ ​លាន​ដុល្លារ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​៕