ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី ​២៧ ខែ​តុលា​ នឹង​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​ជាលើក​ដំបូង។ ពិធី​នេះរៀបចំ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម ក្រោម​អធិបតី​ភាព​លោក ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំនៅ​កម្ពុជា។

សូម​រំឭក​ជូន​ថា ទម្រាំ​សម្រេច​បាន​ការងារ​នេះ ក្រសួង​កសិកម្ម​កម្ពុជា បាន​ចាប់​ផ្ដើម​ដំណើរ​ចរចា​ដើម្បី​បើក​ទីផ្សារ​នាំ​ចេញ​ផ្លែមៀ​ន​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចាប់​តាំង​ពីខែ​មិថុនា ឆ្នាំ ២០១៩ មក​ម្ល៉េះ ដោយ​ក្នុង​ដំណាក់​កាល​ដំបូង កម្ពុជា​បាន​ផ្ញើជូន​ភាគី​ចិន​នូវ​ឯកសារ​បច្ចេក​ទេស​សម្រាប់​ការវិភាគ​សមាស​ភាព​ចង្រៃ។​

បន្ទាប់​ពីការ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូត​គាម​អនាម័យ​បើក​ទីផ្សារ​អស់​រយៈ​ពេលជាង​ ៣ ​ឆ្នាំរួច​មក នៅថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ ២០២២ ភាគី​ចិន​​បាន​អនុម័ត​ចុះបញ្ជីជា​ផ្លូវ​ការនូវ​ចម្ការ​មៀន​ចំនួន​ ៧៤ និង​រោង​ចក្រ​វេចខ្ចប់​ចំនួ​ន ៨ សម្រាប់​នាំចេញ​ផ្លែមៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន។

កញ្ញា អ៊ឹម រចនា សមាជិកា​ខុទ្ទកាល័យ​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​២៦ ខែ​តុលា​​ថា៖ «ចម្ការ​មៀន​ដែល​ទទួល​បាន​ការ​អនុម័ត​ចុះបញ្ជី​ជាផ្លូវ​ការ​ឱ្យនាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​ចិន​ទាំង​ចំនួន​ ៧៤​ នោះ មាន​នៅ​ខេត្ត​ប៉ៃលិន​ចំនួន ​៤០​ ចម្ការ បាត់​ដំបង​ចំនួន​ ២៨ ​ចម្ការ និង​បន្ទាយ​មានជ័យ​ចំនួន​៦​ចម្ការ។ ដោយ​ឡែក រោង​ចក្រវេច​ខ្ចប់​ចំនួ​ន ​៨ រួម​មាន​នៅខេត្ត​កណ្តាល​ចំនួន ១ ខេត្ត​បាត់​ដំបង​ចំនួ​ន ៣ ខេត្ត​ប៉ៃលិន​ចំនួន ​២ និង​ខេត្ត​ព្រះសី​ហនុចំ​នួន​ ២»​។

បើតាម​កញ្ញា អ៊ឹម រចនា ការ​សម្រេច​បាន​នូវ​ការនាំ​ចេញ​ផ្លែមៀ​នស្រស់​​របស់​កម្ពុជា ទៅកាន់​ទីផ្សារប្រទេស​ចិន​នាពេ​ល​នេះ គឺ​ជា​សមិទ្ធ​ផល​នៃកិច្ច​សហ​ប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ដែល​នឹង​ចូល​រួម​ចំណែក​យ៉ាងសំ​ខាន់ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម តាម​រយៈ​ការ​ជួយបង្កើន​ផលិត​កម្ម ការ​ទាក់​ទាញ​វិនិយោគិន​ចិន​ក្នុង​វិស័យ​ផលិតកម្ម​កសិ​កម្ម ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​វេចខ្ចប់ និង​កែច្នៃ​បម្រើឱ្យ​ការ​នាំចេញ និង​ដល់​ការបង្កើ​តកា​រងារ​និង​បង្កើន​ប្រាក់ចំណូល​របស់ក​សិករ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​សង្គម​នៅ​កម្ពុជា​។

នាពេល​ខាង​មុខ កម្ពុជា​នឹង​បើក​ការ​ចរចា​ស្តីពី​លក្ខ​ខណ្ឌតម្រូវ​ភូតគាម​អនាម័យ ជាមួយ​អគ្គរដ្ឋ​បាលគយ​ចិន ដើម្បី​បើក​ទីផ្សារ​ប្រទេស​ចិន​ សម្រាប់​ការ​នាំចេញ​កសិផល​កម្ពុជា​ផ្សេង​ទៀត​ជា​បន្តបន្ទា​ប់ ដូចជា ម្រេច ដូង​ក្រអូប ទុរេន ផលិត​ផល​សម្បុក​ត្រចៀ​ក​កាំ ផ្លែម្នា​ស់ ផ្លែ​ខ្នុរ និង​គ្រាប់​ឈូក​ជាដើម​។ល។ នេះបើតា​មមន្ដ្រី​ក្រសួង​កសិកម្ម​ដដែ​ល។​

គួរ​កត់ស​ម្គាល់ថា យោងទិ​ន្នន័យ​នាំ​ចេញ​កសិផល​ទៅក្រៅប្រ​ទេស ដែល​កត់ត្រាដោយ​អគ្គនាយក​ដ្ឋានក​សិកម្ម ក្នុង​ឆ្នាំ ២​០២១ កម្ពុជា បាន​នាំចេញ​កសិផល​ទៅប្រទេស​ចិន​ចំនួន ជាង ៨៣ ម៉ឺ​នតោន គិត​ជាទឹក​ប្រាក់​ស្មើនឹង​ជិត ៧០០ ​លាន​ដុល្លារ​។

សម្រាប់​រយៈ​ពេល​ ៩ ​ខែ ដើម​ឆ្នាំ​នេះ ការ​នាំចេញ​កសិផល​ទៅប្រទេស​ចិន​សម្រេច​បាន​ជាង ៥៨​ ម៉ឺន​តោន គិត​ជាទឹក​ប្រាក់ប្រមា​ណជា​ង ៤៩១ ​លានដុល្លារ​។ យ៉ាង​ណាក៏​ដោយ វិនិយោគ​ទុន​ចិន​ក្នុង​វិស័យ​កសិ​កម្មនៅមា​នកម្រិ​តទាបខ្លាំង​នៅឡើ​យ។

ក្នុង​ឆ្នាំ ២០​២១ កម្ពុជា​ទទួល​បាន​វិនិយោគ​ទុន​ចិន​ត្រឹម​តែ ៧០​ លាន​ដុល្លារ ហើយ​សម្រាប់​ឆមាសទី​១ នៃឆ្នាំ​ ២០២២ ​នេះ តួលេខ​នេះបា​នធ្លាក់​ចុះថែ​មទៀ​ត ​មកនៅ​ត្រឹម​តែប្រ​មាណ ៤ លាន​ដុល្លារ​ប៉ុណ្ណោះ។​

ក្នុ​ង​ស្ថានភាព​នេះ ​កញ្ញា​ អ៊ឹម រចនា គូស​បញ្ជាក់​ថា ក្រសួង​កសិកម្ម​នឹង​ខិត​ខំប្រឹង​ប្រែង​ជំរុញ​កិច្ច​សហប្រ​តិប​ត្តិកា​រ និ​ងកា​រវិនិ​យោគ​ថ្មី​ថែម​ទៀត​ពីប្រ​ទេសចិ​ន​ ក្នុង​វិ​ស័យក​សិកម្ម​ ដើម្បីប​ម្រើផលប្រ​យោជ​ន៍ទៅ​វិញទៅ​ម​កនៃប្រ​ជាជន​ និង​ប្រទេស​ទាំង​ ២ ​តាម​រយៈ​ការជួយ​បង្កើន​ផលិត​កម្ម ការ​ទាក់​ទាញ​វិនិយោគ​ទុន​ចិន​ ក្នុង​វិស័យ​ផលិត​កម្ម​កសិកម្ម ការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ​វេច​ខ្ចប់ និង​កែច្នៃ​បម្រើឱ្យ​ការ​នាំចេ​ញ និង​ដល់​ការ​បង្កើត​ការងារ​និង​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ ដើម្បី​ជំរុញ​ការអភិវ​ឌ្ឍសេ​ដ្ឋ​កិច្ច ​និងស​ង្គមនៅ​កម្ពុ​ជា​៕