ភ្នំពេញៈ ការផ្លាស់ប្តូរ​ទំនិញ​ទ្វេភាគី​រវាង​កម្ពុជា​-​អាល្លឺម៉ង់ ក្នុង​រយៈពេល ៣ ​ត្រីមាស​ដំបូង​ឆ្នាំ ​២០២២ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៩៤៦ ​លាន​ដុល្លារ កើន​ជាង ២០ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ក្នុងនោះ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ជាង ៧១១​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹងថា ចាប់ពី​ខែ​មករា​-​ខែកញ្ញា ឆ្នាំ​ ២០២២ ការនាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា និង​អាល្លឺម៉ង់ មាន​ទឹកប្រាក់​សរុប ៩៤៦,៣២ ​លាន​ដុល្លារ កើន ២០,៣ ​ភាគរយ​ពី​ចំនួន ៧៨៦,៧២ ​លាន​ដុល្លារ នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​អាល្លឺម៉ង់​មាន​តម្លៃ ៨២៨,៨៧ ​លាន​ដុល្លារ​កើនឡើង ២៦,៤ ​ភាគរយ និង​ទំនិញ​នាំ​ពី​អាល្លឺម៉ង់​មក​កម្ពុជា មាន ១១៧,៤៤ ​លាន​ដុល្លារ​ធ្លាក់​ពី​ចំនួន ១៣០,៨២ ​លាន​ដុល្លារ ស្មើ -១០,២​ ភាគរយ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២៦ ខែតុលា​ថា អាល្លឺម៉ង់ គឺជា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ដែល​កំពុង​ផ្តល់ឱ្យ​កម្ពុជា​ប្រព័ន្ធ​លើកលែង​ពន្ធ​នាំចូល EBA ទៅ​ទីផ្សារ​របស់​ខ្លួន ដូច្នេះ​និន្នាការ​នាំចេញ​ទំនិញ​ទៅ​ទីនោះ​នឹង​បន្ត​កើនឡើង​ថែមទៀត​។ លោក​បន្តថា ក្រៅពី​លក្ខណៈ​អំណោយផល​ខាងលើ​ទំនិញ​កម្ពុជា​ក៏មាន​គុណភាព និង​មាន​ចម្រុះ​ច្រើន​ប្រភេទ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ទីនោះ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ប្រទេស​អាល្លឺម៉ង់​នឹង​កើនឡើង​ច្រើន​ទៀត បើទោះបី​ពេល​ខាងមុខ ទំនិញ​កម្ពុជា​នាំចេញ​ទៅ​ទីនោះ​អាច​ត្រូវ​បាត់បង់​ការលើកលែង​ពន្ធ​ក្រោម​ប្រព័ន្ធ EBA ក៏ដោយ​»​។

ទោះយ៉ាងណា លោក លឹម ហេង និយាយ​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង ២ លោក​រំពឹង​ថា នៅពេល​ខាងមុខ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ក៏​អាច​នឹង​ពិចារណា​បើក​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​ផងដែរ​។

ទំនិញ​កម្ពុជា​នាំទៅ​ទីផ្សារ​អាល្លឺម៉ង់​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ គ្រឿង​បង្គុំ​អគ្គិសនី និង​កសិផល ខណៈ​ទំនិញ​នាំ​ពី​អាល្លឺម៉ង់ រួមមាន រថយន្ត គ្រឿងសង្ហារិម និង​គ្រឿងសំណង់​ជាដើម​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយ​ថា អាល្លឺម៉ង់ គឺជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​មាន​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​សហគមន៍​អឺរ៉ុប ហេតុនេះ​តម្រូវការ​ទំនិញ​នាំចូល​ក៏មាន​ច្រើន​ដែរ​។ បើ​កម្ពុជា​អាច​ទទួល​បាន​ការបញ្ជា​ទិញ​កាន់តែ​ច្រើន​ពី​អាល្លឺម៉ង់ ហើយ​វិនិយោគិន​អាល្លឺម៉ង់ ចូលមក​បណ្តាក់ទុន​កាន់តែ​ច្រើន​នោះ​វា​នឹង​នាំមក​នូវ​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

លោក​អះអាង​ថា​៖ «​អាល្លឺម៉ង់ នឹង​បន្ត​ឈរ​ជា​ទីផ្សារ​គោលដៅ​សំខាន់​សម្រាប់​ទំនិញ​កម្ពុជា ព្រោះ​ប្រទេស​ទាំង​ ២ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​។ អាល្លឺម៉ង់ ក៏​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ច្រើន​មក​ឱ្យ​កម្ពុជា​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ខែ​តុលា ឆ្នាំ​ ២០២២ បាន​សម្តែង​ការរីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​អាល្លឺម៉ង់ ខណៈ​អាល្លឺម៉ង់ គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏សំខាន់​ជាងគេ​នៅក្នុង​តំបន់​អឺរ៉ុប​។

កាលពី​ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​រវាង​កម្ពុជា-​អាល្លឺម៉ង់ មាន​ទឹកប្រាក់​សរុប ១ ០៤៥,៣៧​ លាន​ដុល្លារ កើនឡើង ៦,៨ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២០ ​។ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាល្លឺម៉ង់ មាន ៨៨០,៧៨ ​លាន​ដុល្លារ កើន​ ០,៤ ​ភាគរយ និង​ការ​នាំចូល​មកវិញ​ចំនួន ១៦៤,៥៨ ​លាន​ដុល្លារ កើន ៦១,៧​ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕