ភ្នំពេញៈ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា ​(CSX) ​លោក ហុង សុហួរ មាន​សុទិដ្ឋិនិយម​ថា ជាមួយ​នឹង​ការ​កើន​នៃ​ចំណាប់អារម្មណ៍​របស់​សាធារណជន​លើ​ការវិនិយោគ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា នឹង​សម្រេច​តាម​គោលដៅ​ដែល​បានដាក់​ឱ្យមាន​ទំហំ​ជួញដូរ​ចំនួន ១ ​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ នៅ​ឆ្នាំក្រោយ និង​ ១០០​ លាន​ដុល្លារ​នៅក្នុង​រយៈពេល​ ៧ ​ឆ្នាំ​ទៅមុខ​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​២៦ ខែតុលា​ឆ្នាំ​ ២០២២ លោក ហុង សុហួរ លើកឡើងថា ក្នុង​រយៈពេល ៣ ​ថ្ងៃ​នៃ​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា My First Stock ឆ្នាំ​ ២០២២ ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​ ២១, ២២ និង​ ២៣ ខែតុលា ឆ្នាំ​ ២០២២ នៅ​រាជធានី​ភ្នំពេញ​មាន​វិនិយោគិន​ថ្មី​ជាង ២ ​ពាន់​នាក់​បានស្នើ​បើក​គណនី​ជួញដូរ​ភាគហ៊ុន ដែល​ស្មើនឹង​បរិ​មាណនៃ​ការបើក​គណនី​រយៈពេល​ ៧ ​ខែ​។

លោក​ថ្លែងថា​៖ «​ជារួម​យើង​ឃើញថា សាធារណជន​មានការ​ចាប់​អារម្មណ៍​ពី​ទីផ្សារ​របស់​យើង​ច្រើនជាង​ការដែល​យើង​បានរៀបចំ​កន្លងៗ​មក គឺ​ប្រមាណ​ ៤ ​ទៅ​ ៥ ​ដង​ធៀប​នឹង​កម្មវិធី​មុនៗ​។ នេះ​ជា​ក្តីសង្ឃឹម​ដ៏ធំ​សម្រាប់​យើង​។ យើង​ក៏បាន​សង្កេតឃើញ​មុនពេល​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​យើង​គឺ​ការចាប់អារម្មណ៍​ច្រើន ហើយ​សកម្មភាព​ជួញដូរ​ក៏​កើនឡើង​ដែរ​។ នេះ​មានន័យថា ការចាប់​អារម្មណ៍​កើនឡើង គឺមាន​អ្នកបើក​គណនី និង​អ្នក​ជួញដូរ​ច្រើនជាង​មុន​»​។

លោក​បញ្ជាក់ថា​៖ «​ការ​កើនឡើង​នេះ​កាន់តែ​ផ្តល់​ក្តីសង្ឃឹម​ដល់​យើង​ដែល​បានកំណត់​គោលដៅ​ឱ្យបាន​ទំហំ​ជួញដូរ​ ១ ​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​នៅក្នុង​ឆ្នាំ​ខាងមុខនេះ គឺ​យើង​នឹង​អាច​សម្រេចបាន​។ គោលដៅ​ដើម្បី​សម្រេចបាន ១០០ ​លាន​ដុល្លារ​ក្នុង​រយៈពេល ៧ ​ឆ្នាំក្រោយ​ដូចជា​មិន​ពិបាក​ទេ គឺ​យើង​ប្រហែលជា​យើង​អាច​ធ្វើ​បាន​»​។

ក្នុងការ​ចូលរួម​ពិព័រណ៍​ផ្សារហ៊ុន កាលពី​ពេល​ថ្មីៗ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឺធី ទទួល​បាន​ការបើក​គណនី​ជួញដូរ​ថ្មី​ចំនួន​ ៧៣០ ​គណនី​។

លោក ជា សុធា អគ្គនាយក​ក្រុមហ៊ុន ភីភី លីង បាន​ថ្លែង​ថា​៖ «​លទ្ធផល​ដែល​យើង​ទទួល​បាន​ក្នុង​ពេលនេះ បង្ហាញ​ពី​ការចាប់​អារម្មណ៍ និង​ចំណេះដឹង​កាន់តែច្រើន​របស់​សាធារណជន​ក្នុងការ​វិនិយោគ​មូលបត្រ​ដែល​និយតករ​ទីផ្សារ ប្រតិបត្តិករ​ទីផ្សារ ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​តែងតែ​ព្យាយាម​ផ្សព្វផ្សាយ​កន្លងមក​»​។

លោក ស៊ូ សុជាតិ អគ្គនាយក​និយតករ​មូលបត្រ​កម្ពុជា​បាន​លើកឡើង​ក្នុង​ថ្ងៃ​បើក​ពិព័រណ៍​ផ្សារហ៊ុន​ថា គិត​ត្រឹម​ត្រីមាស​ទី ​៣ ឆ្នាំ​ ២០២២ SERC បានផ្តល់​លេខ​អត្តសញ្ញាណ​វិនិយោគិន​ចំនួន ៣៣ ១៨៦ ដែល​ក្នុងនោះ​វិនិយោគិន​សញ្ជាតិ​ខ្មែរ​មាន​ ២៨ ៦១៨ និង​វិនិយោគិន​បរទេស​ចំនួន ៤ ៥៦៨ ​។

លោក​បន្តថា​៖ «​ដើម្បី​ជំរុញ​ទីផ្សារ​យើង​ឱ្យ​កាន់តែ​សកម្ម និង​អាច​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​ផ្សេងទៀត​នៅក្នុង​តំបន់ ខ្ញុំ​សូមឱ្យ​ក្រុមហ៊ុន​មូលបត្រ និង​ក្រុមហ៊ុន​បោះផ្សាយ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ផ្សារមូលបត្រ​កម្ពុជា ដើម្បី​ជំរុញ​សកម្មភាព​ជួញដូរ​ឱ្យ​កាន់តែ​សកម្ម និង​ទាក់ទាញ​ក្រុមហ៊ុន​ឱ្យ​ងាក​មករក​ជម្រើស​ហិរញ្ញប្បទាន​តាមរយៈ​ផ្សារមូលបត្រ​» នេះ​ជា​ការអំពាវនាវ​របស់​លោក ​សុជាតិ​។

យោងតាម CSX កាលពី​ឆ្នាំ​ ២០២១ បរិមាណ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃ​ជា​មធ្យម​បាន​កើន​ដល់ ២៣៤ ៦២៨​ ហ៊ុន​ក្នុង​ ១​ ថ្ងៃ កើនឡើង​ប្រមាណ​ ៤០០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ រីឯ​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រចាំ​ថ្ងៃជា​មធ្យម​បាន​កើនឡើង​ដល់ ២៦៩ ១៦៩​ ដុល្លារ កើន​ ១២៧​ ភាគរយ និង​ចំនួន​គណនី​ជួញដូរ​កើនឡើង​ជាង​ ៤ ​ពាន់​គណនី គឺ​កើនឡើង​ ៣ ​ម៉ឺន​គណនី​៕