ក្នុង​សប្តាហ៍​នេះ តម្លៃ​ប្រេងឆៅ​បាន​ប្រែប្រួល​ពី​កម្រិត​ទាប ៨២,៦២ ​ដុល្លារ (​ក្នុង ១ ​បារ៉ែល​) ដល់​កម្រិត​ខ្ពស់ ៨៥,៩៨ ​ដុល្លារ ខណៈ​អ្នកជួញដូរ​បន្ត​ថ្លឹងថ្លែង​អំពី​តម្រូវការ​ធ្លាក់ចុះ​ធៀប​​នឹង​ការផ្គត់ផ្គង់​ប្រេងឆៅ​ដែល​ត្រូវបាន​រឹតបន្តឹង​។

តម្លៃ​ប្រេងឆៅ បាននិង​កំពុង​កើនឡើង​ប្រហែល ១៧ ​ដុល្លារ ចាប់តាំង​ពី​ចុង​ខែ​កញ្ញា ខណៈ​ដែល​អ្នកជួញដូរ​ព្យាយាម​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​ការដំឡើង​អត្រា​ការប្រាក់ ដែល​គំរាមកំហែង​ដល់​កំណើន​សេដ្ឋកិច្ច​ជាមួយ​នឹង​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ចំនួន ២ ​លាន​បារ៉ែល​ក្នុង ​១​ ថ្ងៃ ដែល​ត្រូវបាន​ប្រកាស​ដោយ​អង្គការ OPEC និង​សម្ព័ន្ធមិត្ដ​របស់​ខ្លួន​នៅ​ដើមខែ​នេះ ដែល​ធ្វើឱ្យ​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ខឹងសម្បា​។

ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយ ថា វា​ថា​នឹង​មាន​ផលវិបាក​មួយចំនួន​​សម្រាប់​អារ៉ាប៊ីសាអ៊ូឌីត​ សម្រាប់​ការសម្រេចចិត្ត​របស់ខ្លួន​ជាមួយ​រុស្ស៊ី​ក្នុង​ការដឹកនាំ OPEC+ ទៅក្នុង​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ដ៏ធំ​មួយ​នេះ​។ ដើម្បី​កាត់បន្ថយ​តម្លៃ​ប្រេងសាំង លោក Joe Biden កំពុង​បញ្ជា​ឱ្យ​បញ្ចេញ​ប្រេង ១៥ លាន​បារ៉ែល​ពី Strategic Petroleum Reserve (SPR) ៣ ​សប្តាហ៍​មុន​ថ្ងៃ​បោះឆ្នោត​។

សម្រាប់​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេង​នៅតែ​កំពុង​ជួញដូរ​ក្នុង​រង្វង់​តម្លៃ ៨៤,៧៥ ​ដុល្លារ ជាមួយនឹង​ទស្សនៈ​ទីផ្សារ​មិន​ប្រាកដប្រជា​។

ដូច្នេះ ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​ទិញ​ប្រេង​នៅ​តម្លៃ ៨៣ ​ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៨០,៥០​ ដុល្លារ និង​មុខងារ​ទាញ​យក​ប្រាក់ចំណេញ​នៅ​តម្លៃ ៨៦ ​ដុល្លារ ឬ​អាច​លក់​នៅ​តម្លៃ ៨៥,៥០ ​ដុល្លារ ជាមួយ​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៨៧ ដុល្លារ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ៨៣ ​ដុល្លារ​៕